ភ្នំពេញ៖ បច្ចុប្បន្ននេះក្រុមហ៊ុន Google បាននាំយកនូវកម្មវិធីថ្មីមួយហៅថា Street Viewដែលជាប្រព័ន្ធបច្ចេកវិទ្យាកាមេរ៉ាចុងក្រោយបំផុតអាចផ្តល់នូវរូបភាពនៃការបង្ហាញផែនទីយ៉ាងរហ័សភ្លាមៗពីទីតាំងតំបន់ប្រាសាទបុរាណអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យនៅប្រទេសកម្ពុជា។
ការចាប់យករូបភាពបង្ហាញផ្លូវនៃផែនទី វប្បធម៌ និងបូជនីយដ្ឋាននេះដែរ ក្រុមហ៊ុនGoogle សង្ឃឹមថានឹង ជួយបង្ហាញនូវសម្រស់ដ៏ស្រស់ត្រកាលនៃប្រាសាទអង្គរទៀត ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន ដោយស្គាល់តាមរយៈបណ្តាញអ៊ិនធើណិត។
តំណាងអាជ្ញាធរអប្សរា លោក យិត ច័ន្ទជារដ្ឋ បានឲ្យដឹងនៅថ្ងៃទី ២៣ កក្កដា ថា “យើងមានសេចក្តីរីករាយ និងគាំទ្រលើការ ប្រើប្រាស់បច្ចេកវិទ្យា Trekker ដំបូងបំផុត របស់ក្រុមការងារ Google Maps នៅក្នុងប្រទេសកម្ពុជា និងរមណីយដ្ឋានអង្គរ។
ជាមួយរូបភាពបង្ហាញផ្លូវ Street View ដែលជារូបភាពប្រភេទឌីជីថល នេះ នឹង ផ្តល់ជូនវិធីសាស្ត្រ ដ៏ថ្មីសន្លាង ដែលទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សគ្រប់រូបឲ្យស្គាល់ច្បាស់ និង ទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យអំពីបេតិកភណ្ឌវប្បធម៌ ដែលជាបូជនីយដ្ឋាន តំណាងនៃប្រទេស កម្ពុជា”។
លោក ប្រាក់ សុខុម តំណាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងថា “បច្ចេកទេសវិទ្យាការកំណត់ផែនទីរបស់ Google នឹងផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន និងជួយឲ្យយើងបន្ត showcassingដើម្បីបង្ហាញទិដ្ឋភាព ជាវិជ្ជមាន នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។តាមរយៈភាពជាដៃគូជាមួយនឹង Google នេះ យើង សង្ឃឹមថានឹងមានមនុស្សជាច្រើនក្នុងតំបន់ និងនៅទូទាំងពិភពលោក កាន់តែមានចំណាប់អារម្មណ៍អំពី ប្រទេសកម្ពុជា ព្រមទាំងទទួលបាននូវបទពិសោធន៍ដ៏ល្អតាមរយៈកម្មវិធីថ្មីនេះ” ។
ជាមួយគ្នានោះ លោក DivonLanប្រធានគ្រប់គ្រងផលិតផលនៅក្រុមហ៊ុន Google បាននិយាយតាម រយៈធ្វើបទបង្ហាញរបស់ខ្លួនថា “យើងពិតជាមាន សេចក្តីរីករាយក្រៃលែង ដោយបានចូលរួមប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ ក្នុងកិច្ចបើកដំណើរការ នៃការបើកបររថយន្តផ្តិតយកទិដ្ឋភាព Street View នៅក្នុងប្រទេសកម្ពុជា ។ ប្រទេសកម្ពុជា គឺជាប្រទេស មួយដែលល្បីនិងពេញនិយមសម្រាប់ភ្ញៀវទេសចររួចទៅហើយ ដូច្នេះយើងសង្ឃឹមថា Street View នឹងអាចជួយបង្កើនវិស័យទេសចរណ៍បន្ថែមទៀត សម្រាប់ប្រទេសដ៏ល្បីរួចទៅហើយនេះ”។
គួរបញ្ជាក់ថា កម្មវិធី Street View ថ្មីមួយនេះ អាចបង្ហាញផ្លូវដ៏មានប្រជាប្រិយភាពពិតៗតាមរយៈរូបភាព ទំហំ ៣៦០ ដីក្រេជាមួយប្រភេទ Panoramic ដោយប្រារព្ធឡើងពីថ្ងៃនេះក្នុងរាជធានីភ្នំពេញ ព្រមទាំងមានការបើករថយន្តដែលបំពាក់ជាមួយម៉ាស៊ីនថតដ៏ពិសេសនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រមូលរូបភាពទិដ្ឋភាពផ្លូវ Google Maps។ លោកអ្នកអាចនឹងចូលមើលបានតាមរយៈ maps.google.com.kh៕ ដោយៈ មករាតូច