ខេត្តកំពត៖ ប៉ូលិសនៃអធិការដ្ឋាននគរបាលស្រុកឈូក បានឃាត់ខ្លួនបុរសម្នាក់់តាមបណ្តឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ ដោយចោទប្រកាន់ថា បានដើរប្រមូលអ្នកស្រុក(ពលករ)ឲ្យទៅធ្វើការនៅប្រទេសថៃមិនស្របច្បាប់ ថែមទាំងប្រមូលលុយពីអ្នកភូមិ ដែលរស់នៅក្នុងតំបន់នោះហើយប៉ុន្តែបែរជាចង់ស៊ីដាច់លុយម្នាក់ៗរាប់សែន ទើប ពួកគេប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។
បុរសសង្ស័យត្រូវបានប៉ូលិសស្រុកឈូកចាប់វាយខ្នោះ កាលពីវេលាម៉ោង១០និង៤៥ នាទីព្រឹក ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៣ត្រង់ចំណុចភូមិក្រាំងរំដេង ឃុំក្រាំងស្បូវ ស្រុក ឈូក ខេត្តកំពត រួចបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត ភ្លាមៗតែ ម្តងដើម្បីសាកសួរចម្លើយ។
សមត្ថកិច្ចស្រុកឈូកបានឲ្យដឹងថា បុរសសង្ស័យមានឈ្មោះ ង៉ែត ប៊ន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ ដោយមុននឹងឈានទៅ ចាប់ឃាត់ខ្លួននេះ បន្ទាប់ពីមានបណ្តឹងរបស់ប្រជាពលរដ្ឋប្រមាណ២០នាក់ចោទ ប្រកាន់ថា កាលពីពេលថ្មីៗនេះជនសង្ស័យ ដែលជាមេខ្យល់បានដើរឆបោកប្រជា ពលរដ្ឋឲ្យទៅធ្វើការនៅប្រទេសថៃដោយផ្តល់ប្រាក់ខែខ្ពស់ ហើយពេលយកប្រាក់ពីពួក គាត់បានហើយបែរជាមិននាំទៅធ្វើការដូចការសន្យាឡើយ គឺមានចេតនាបោកយកលុយស្រស់ៗ ទើបប្រជាពលរដ្ឋមិនសុខចិត្តក៏នាំគ្នារត់មកប្តឹងសមត្ថកិច្ចឲ្យជួយ អន្តរាគមន៍ តែម្តង ហើយក្រោយពីឃាត់ខ្លួនប្រពន្ធជនសង្ស័យកំពុង រត់ការដើម្បីរំដោះបុរសជា ប្តីជាប់ចោទចេញពីសំណាញ់ច្បាប់ផងដែរ តែគេមិនសង្ឃឹមថាបានរួចខ្លួននោះទេ ព្រោះបុរសនេះកំពុងជាប់ចោទពីបទក្បត់ទំនុកចិត្តផងនិងករណីជួញដូរមនុស្ស ដែលច្បាប់កំពុងហាមប្រាមផងនោះ។ បច្ចុប្បន្នបុរសសង្ស័យត្រូវបានសមត្ថកិច្ច ការិយាល័យកណ្តាលនគរបាលខេត្តកំពត កំពុងសាកសួរនិងចាត់ការតាម នីតិវិធីហើយ៕
ដោយ៖ ណារិទ្ធ