ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា ២ នាក់ជិះម៉ូតូវីវ៉ា ពណ៌ក្រហម មួយគ្រឿង ស្លៀកពាក់ស៊ីវិល បានចេញ មកធ្វើសកម្មភាពភ្ជង់ស្រ្តីម្នាក់ប្លន់យកខ្សែក និងទូរស័ព្ទ ស៊េរីទំនើបមួយគ្រឿង ក្នុងខណៈដែលស្រ្តី រូបនេះពាក់មាសលម្អខ្លួន ទើបចេញពីកម្មវិធី ជប់លៀងផ្ទះមិត្តភ័ក្រ កាលពីវេលាម៉ោង ២៣ និង ៤០ នាទីយប់ថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅចំណុចកន្លែងលក់បបរសផ្ទះលេខ ៥៤ E1 ផ្លូវ128 កែងផ្លូវលេខ ១០៩ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ ពាក់ព័ន្ធនិងករណីខាងលើនេះបាន ឲ្យដឹងថា ស្រ្តី រងគ្រោះមានឈ្មោះ សេង ចាន់ធឿន អាយុ៥៣ ឆ្នាំ ស្នាក់នៅជិតកន្លែង កើតហេតុ។ ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញ ស្រ្តីខាង លើនេះដើរចេញពីផ្ទះមកកន្លែងលក់បបរត្រង់កន្លែងកើតហេតុដោយមានពាក់មាស ខ្សែក ខ្សែដៃ និងកាន់ទូរស័ព្ទម៉ាកកាឡាក់ស៊ីណូត មួយគ្រឿងថែមទៀត ខណៈកំពុងដើរត្រូវជនមិនស្គាល់មុខ២នាក់ស្លៀកពាក់ស៊ីវិល ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ក្រហម មកក្បែរស្រ្តីរងគ្រោះ រួចបានចុះពីលើម៉ូតូដកកាំភ្លើងខ្លី មិនស្គាល់ម៉ាកមួយដើម ភ្ជង់ ចង្កេះស្រ្តីរងគ្រោះ ហើយដោះយក ខ្សែក ១ខ្សែ និងដណ្តើមយកទូរស័ព្ទ ដៃម៉ាក កាឡាក់ស៊ីណូតមួយគ្រឿង បានសម្រេចហើយជិះម៉ូតូរត់គេច ខ្លួនបាត់ស្រមោលភ្លាមៗ ។
បន្ទាប់ពីក្រុមចោរប្លន់បានធ្វើសកម្មភាពបានសម្រេច ហើយជិះម៉ូតូគេចខ្លួនបាត់ទើប ស្រ្តីរងគ្រោះស្រែកឆោឡោមសុំឲ្យអ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ប៉ុន្តែពេលសមត្ថកិច្ចចុះមកដល់កន្លែង កើតហេតុនោះបានត្រឹមតែដឹកយកស្រ្តីរងគ្រោះទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍មនោរម្យដើម្បីទទួលពាក្យបណ្តឹងតែប៉ុណ្តោះ ព្រោះ កើតហេតុជាង ១ម៉ោងទើបសមត្ថកិច្ចដឹង ហេតុដូច្នេះបើកចង់ចាប់ខ្លួនក្រុមចោរប្លន់ខាងលើក៏យ៉ាប់បន្តិចដែរ ។
ស្រ្តីឈ្មោះ សេង ចាន់ធឿន បានរៀបរាប់ថា មុនពេលកើតហេតុខ្លួនទើបតែចេញពីចូល រួមកម្មវិធីជប់លៀង នៅផ្ទះមិត្តភ័ក្ររួចបានបើករថយន្តត្រឡប់មកដល់ផ្ទះ ដោយ មិនបានដោះគ្រឿងអលង្ការចេញពីខ្លួននោះទេ ហើយរូបនាងបានដើរចេញពីក្នុងផ្ទះ មកហូបបបរសនៅជិតផ្ទះរបស់ខ្លួន ប៉ុន្តែជាអកុសលមិនដឹងថាក្រុមចោរមកពីណាទេ បានភ្ជង់គាត់ប្លន់យកអស់ ខ្សែក ១ខ្សែ និងទូរស័ព្ទ១គ្រឿងទៅបាត់ភ្លាមៗ តែម្តង ដោយក្រុមចោរមិនបានបាញ់ប្រហារនោះទេ ៕
ដោយ ៖ ទុយ បញ្ញា