ភ្នំពេញ ៖ក្បាលនាគដែលជារបាំងថ្មពុះទ្រូងផ្លូវ មួយកន្លែងស្ថិតនៅតាមបណ្តោយ ផ្លូវ ម៉ៅសេទុង កែងផ្លូវលេខ ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក ត្រូវរងនៅ ការខូចខាត ខណៈដែលបុរសម្នាក់ស្រវឹងស្រាបើក រថយន្តស៊ីអរ វី មួយគ្រឿង ក្នុងល្បឿន លឿនរេចង្កូតបុក កាលពីវេលាម៉ោង២២ និង ៣០ នាទីយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៣ ហើយរថយន្តព្យាយាមបើករត់គេចខ្លួនតែត្រូវសមត្ថកិច្ចដេញឃាត់បានភ្លាមៗ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញបុរសមិនស្គាល់អត្តសញ្ញាម្នាក់ វ័យជាង ៣០ ឆ្នាំ បានបើកបររថយន្តមួយគ្រឿងម៉ាក ស៊ី អរ វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2D-7591បើកបរធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ដោយបានបើកបរក្នុងល្បឿន យ៉ាងលឿន ខណៈមកដល់ចំណុច កើតហេតុខាងលើ ក៏ជ្រុលចង្កូតបុករបាំងថ្មចែកទ្រូង ផ្លូវបាក់អស់១កង់ ហើយរថយន្តបង្កហេតុបានព្យាយាមបើករត់គេចខ្លួនតាម បណ្តោយផ្លូវលេខ ១៨២ រហូតទៅដល់សង្កាត់ភ្នំពេញថ្មី ទើបត្រូវសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលខណ្ឌសែនសុខ ឃាត់បានភ្លាមៗទាំងរថយន្តបង្កហេតុ និងអ្នកបើកបរ ហើយក្នុងហេតុការណ៍គ្រោះថ្នាក់នេះមិនបណ្តាលឲ្យមនុស្សណាម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែបណ្តាលឲ្យរថយន្តត្រូវរងការខូចខាត ផ្នែកខាងមុខ ចំណែករបាំងថ្ម១កង់បាក់ខ្ទេចតែម្តង ។
គួរបញ្ជាក់ថា បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការ ជាមួយនគរបាល ជំនាញចុះមកវាស់វែងអូសយករថយន្តបង្កហេតុនិងអ្នកបើកបរយកទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ សមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់ខាងលើនេះ កើតចេញពីការស្រវឹងរបស់អ្នកបើកបរ ជាពិសេសគេស្រវឹងស្រាខ្លាំង បើករថយន្តលឿន ទើបបណ្តាលឲ្យមានហេតុការណ៍បែបនេះកើតឡើងតែម្តងទៅ៕
ដោយ៖ ទុយ បញ្ញា