ភ្នំពេញ ៖ក្បាលនាគដែលជារបាំងថ្មពុះទ្រូងផ្លូវ មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុង កែងផ្លូវលេខ ១៦៣ ក្នុងសង្កាត់ទួលទំពូងទី ១ ខណ្ឌចំការមន ត្រូវរងនៅ ការខូចខាត ខណៈដែលបុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើក រថយន្តវីហ្គោលមួយ គ្រឿង ក្នុងល្បឿនលឿនរេចង្កូតបុក កាលពីវេលាម៉ោង២៤ និង ៣០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៣ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញបុរសជន ជាតិចិនមិនស្គាល់អត្តសញ្ញាម្នាក់ វ័យជាង ៣០ ឆ្នាំ ស្ថិតក្នុងស្ថានភាព ស្រវឹងស្រាជោគខ្លួនបានបើកបររថយន្តមួយគ្រឿង ម៉ាកវីហ្គោល ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D-3063 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅ កើត ដោយបានបើកបរក្នុងល្បឿនយ៉ាងលឿន រេចង្កូតរេចុះរេឡើងពេញផ្លូវតែម្តង ខណៈបើកបរមកដល់ចំណុច កើតហេតុខាងលើ ទំនង ជាស្រវឹងស្រាជោគខ្លួនខ្លាំងពេក បើកលឿនគេច ម៉ូតូបណ្តាលឲ្យរេចង្កូតបុកចំក្បាល នាគរបាំងថ្មចែកទ្រូងផ្លូវបាក់អស់ចំនួន ១ កង់ ហើយរថយន្តបង្កបានក្រឡាប់ ផ្ងារជើង ច្រងាង ប៉ុន្តែក្រោយពេលក្រឡាប់ភ្លាមៗនោះ ត្រូវបានប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លង កាត់កន្លែងខាងលើបាន នាំគ្នាជួយអន្តរាគមន៍រុញរថយន្តខាងលើនេះឲ្យផ្ងារឡើងវិញដើម្បីជួយសង្គ្រោះបុរសដែលជាអ្នកបើកបរគាបជាប់ ក្នុងរថយន្តនោះទាន់ពេលវេលា ហើយក្នុងហេតុការណ៍គ្រោះថ្នាក់នេះបណ្តាលឲ្យអ្នកបើកបររថយន្តបង្កហេតុត្រូវ រងរបួសធ្ងន់ធ្ងរ បានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ និងរថយន្តត្រូវរងការខូចខាត ផ្នែកខាងមុខ រីឯរបាំងថ្ម១កង់បាក់ខ្ទេចតែម្តង ។
គួរបញ្ជាក់ថាបន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិង នគរបាលចរាចរខណ្ឌចំការមន បានសហការ ជាមួយនគរបាលជំនាញចុះមកវាស់វែងអូសយករថយន្តបង្កហេតុ និងអ្នកបើកបរយកទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ។ សមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់ខាងលើនេះ កើតចេញពី ការស្រវឹងរបស់អ្នកបើកបរ ជាពិសេសគេស្រវឹងស្រាខ្លាំង នឹងបានបើករថយន្តលឿន ទៀតផង ទើប បណ្តាលឲ្យមានហេតុការណ៍នេះបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិសាធារណៈតែម្តងទៅ៕
ដោយ៖ ទុយ បញ្ញា