ភ្នំពេញ: ការប្រកួតកីឡាថ្នាក់ឧត្តមសិក្សា និងមធ្យមសិក្សាឯកទេសដែលជាព្រឹត្តិការណ៍ជម្រើសជើងឯកប្រចាំឆ្នាំ២០១៣ ត្រូវបានបើកជាផ្លូវការក្រោមការចូលរួមទាំងកម្រពីសំណាក់លោកអ៊ឹម សិទ្ធីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីល្ងាចថ្ងៃចន្ទ ទី១០ខែមិថុនាឆ្នាំ២០១៣ក្នុងទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិក្រោយពីបើកការប្រកួតជាបណ្តើរៗតាំងពីថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៣មក។
លោកអ៊ឹមសិទ្ធី បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតនេះដែលជាការកម្រមួយក្នុងសកម្មភាពកីឡា ពីព្រោះកន្លងមកគេធ្លាប់ឃើញមានតែលោកប៊ុន សុខរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកីឡានេះតែប៉ុណ្ណោះចូលរួមក្នុងកម្មវិធី។
តាមការឲ្យដឹងពីលោកដួង មាសចំរើន ប្រធាននាយកដ្ឋានកីឡាសិស្ស-និស្សិត ប្រាប់ថា៖ «ការប្រកួតឆ្នាំនេះ មានកីឡាករ-កីឡាការិនីសរុបចំនួន១១០៦នាក់ មានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាចំនួន២៨ចូលរួម ដែលក្នុងនោះមានកីឡាការិនីចំនួន១៨១នាក់»។
ស្របពេលជាមួយគ្នានោះផងដែរ លោកបានបញ្ជាក់ថា ការប្រកួតនេះមានបាល់ទាត់ចំនួន២៤ក្រុមមកចូលរួម ហើយបានចែកជា៨ពូលដោយមួយពូលៗមាន៣ក្រុម។ ប្រភេទកីឡាបាល់ទះបុរសមាន១៤ក្រុមដោយការប្រកួតចែកចេញជា៤ពូលគឺពីរពូលមាន៤ក្រុម និង២ពូលទៀតមាន៣ក្រុម។ រីឯកីឡាបាល់ទះផ្នែកនារីមានតែ៤ក្រុមប៉ុណ្ណោះ។ប្រភេទបាល់បោះបុរសមានចំនួន៧ក្រុម និងបាល់បោះនារីមានចំនួន៥ក្រុម ប្រភេទអត្តពលកម្មបុរសមាន២៦ក្រុម និងអត្តពលកម្មនារីមាន១៦ក្រុម។
លោកដួងមាសចំរើន បានបន្តថា៖«ការប្រកួតនេះគ្រោងនឹងបញ្ចប់ និងបិទការប្រកួតនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៣ហើយការចំណាយលើប្រាក់រង្វាន់ចំពោះចំណាត់ថ្នាក់ជ័យលាភី និងការហូបចុក ការស្នាក់នៅ ជាបន្ទុករបស់ក្រសួងអប់រំ យុវជននិងកីឡា»។
ចំណែកប្រាក់រង្វាន់វិញ ចំពោះក្រុមដែលបានឈ្នះជើងឯកក្នុងការប្រកួតកីឡាបាល់ទាត់នឹងទទួលបាន១.៦៥០.០០០រៀល ចំណាត់ថ្នាក់លេខ២បាន១លាន១សែនរៀល និងចំណាត់ថ្នាក់លេខ៣ បាន៨៨ម៉ឺនរៀល។ បាល់ទះ ចំណាត់ថ្នាក់លេខ១ ទទួលបាន៩០ម៉ឺនរៀល លេខ២បាន៦០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបាន៤៨ម៉ឺនរៀល។ បាល់បោះ ចំណាត់ថ្នាក់លេខ១ បាន៧៥ម៉ឺនរៀល ចំណាត់ថ្នាក់លេខ២ បាន៥០ម៉ឺនរៀល និង៤០ម៉ឺនរៀលសម្រាប់ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។ ឯអត្តពលកម្មជាក្រុម ចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាក់១.២០០.០០០រៀល ចំណាត់ថ្នាក់លេខ២បាន៨០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខបីបាន៦០ម៉ឺនរៀល។
ចំពោះការរត់ប្រណាំងឯកត្តជន ចំណាត់ថ្នាក់លេខ១ បាន១៥ម៉ឺនរៀល ចំណាត់ថ្នាក់លេខ២ បាន១០ម៉ឺនរៀល និង៨ម៉ឺនរៀលសម្រាប់ចំណាត់ថ្នាក់ពីលេខ៣ ដល់លេខ៨។
ឈានចូលដល់ថ្ងៃម្សិលមិញលទ្ធផលនៃការប្រកួតមានជាបណ្តើរៗហើយ ដោយឡែកប្រភេទកីឡាគួរឲ្យកត់សម្គាល់កាលពីព្រឹកថ្ងៃទី១១ ខែមិថុនាឆ្នាំ២០១៣ គឺវិញ្ញាសារត់ប្រណាំងចម្ងាយ១០០ម៉ែត្រផ្នែកនារី ហើយចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនីចាន់សីហាប្រើថិរវេលា១២,០៨៩វិនាទី។
ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាការិនីម៉ៅម៉ូនីតាប្រើថិរវេលា១៣,៨៩វិនាទីនិងលេខ៣បានលើគីមសុគន្ធប្រើពេល១៤,៧៦វិនាទី។
ចំពោះវិញ្ញាសារត់១០០ម៉ែត្រផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅកីឡាករជួបវាសនាប្រើថិរវេលា១១,៧១វិនាទីខណៈដែលណាត់ថ្នាក់លេខ២ បានទៅលើកីឡាករសុខម៉ុងតារាប្រើថិរវេលា១១វិនាទី៨៥និងលេខ៣ បានទៅលើគៀងសាម៉ន ប្រើពេល១២,២៥វិនាទី។
លោកដួងមាសចំរើន បានបញ្ជាក់ថាការប្រកួតឆ្នាំនេះគឺមានការសម្រិតសម្រាំងនូវគុណភាពដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាននាពេលខាងមុខដែលមានរយៈពេលពីរឆ្នាំម្តង៕