កណ្ដាល៖ សមាជិក សមាជិកា គណ បក្សប្រជាជនទាំង១១ឃុំរបស់ស្រុកពញាឭ ខេត្ដកណ្ដាល ដឹកនាំដោយលោក លឹម គានហោប្រធានគណៈពង្រឹងស្រុក ពញាឭ បានបន្ដយុទ្ធនាការឃោសនារក សំឡេងឆ្នោតនៅក្នុងមូលដ្ឋានរបស់ខ្លួនអម ដោយម៉ូតូ និងរថយន្ដ ម៉ូតូកង់បី ជាច្រើន រយគ្រឿងទាំងផ្លូវទឹក និងផ្លូវគោកនិងបានបន្ដចុះជួយស្ទូងស្រូវប្រជាកសិករនៅតាមមូលដ្ឋាន ក្នុងរដូវវស្សានេះផងដែរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៣ នេះ សមាជិក សមាជិការបស់គណបក្សប្រជាជន ដែលពាក់អាវ និងមួក គណបក្សជិះរថយន្ត ជិះម៉ូតូ និងជិះម៉ូតូកង់បី តាមឃុំទាំង ១១ បានបន្ដធ្វើយុទ្ធនាការនេះដោយ អំពាវនាវឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតជូនគណបក្សប្រជាជន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។
តាមរយៈការឃោសនារកសំឡេងឆ្នោត របស់គណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋានក្នុងស្រុកពញាឭនោះ គេសង្កេតឃើញ ថា មានប្រជាពលរដ្ឋជាច្រើននាក់នៅតាមផ្ទះនីមួយៗ បានចេញមកឈរអបអរសាទរ ទៅលើគណបក្សប្រជាជន ហើយប្រកាស ថានឹងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីឱ្យសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រីសម្រាប់អាណត្ដិទី៥ ។
គណបក្សប្រជាជនស្រុក ពញាឭ បានបន្ដយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់ខ្លួន តាំងពីថ្ងៃចាប់ផ្ដើម គឺនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ហើយ ការងារនេះ នឹងបន្ដរហូតដល់ថ្ងៃបញ្ចប់នៃ យុទ្ធនាការឃោសនាបោះឆ្នោតគឺនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ៕ដោយ៖ វិជ្ជា