ភ្នំពេញ៖ សុភាសិតមួយបានលើកឡើងថាភ្នំមួយមិនអាចមានខ្លាពីរបានទេ។ ប៉ុន្តែភ្នំមួយអាចមានខ្លាពីរ វាទាល់តែខ្លានោះញីមួយឈ្មោលមួយ។ ចំពោះភ្នំសង្គ្រោះជាតិវិញ គឺឈ្មោលទាំងពីរគឺសមរង្ស៊ីនិង កឹម សុខា។ ពីមុន សមរង្ស៊ីគឺជា ខ្លាដែលគ្រប់គ្រងភ្នំមួយធំល្មមដែរ។ ឯខ្លា កឹម សុខា គ្រប់គ្រងកូនភ្នំតូចមួយដែលទើបនឹងកើតឡើងក្រោយគេ។ ប៉ុន្តែ កឹម សុខា អួតអាងថា ខ្លួនជាខ្លាដែលមានចង្កូមមុតស្រួចគ្មានគូប្រៀបប្រដូចទៅវិញ ហើយកាលពី២-៣ឆ្នាំ មុន ខ្លា កឹម សុខា តែងគ្រហឹមចង់ស៊ីសាច់ខ្លា សមរង្ស៊ី រាល់ថ្ងៃ។ តែក្រោយមកដោយដឹងថា ចង្កូមរបស់ខ្លួនមិន មានអ្វីគួរឲ្យអស្ចារ្យទេនោះ ក៏សុខចិត្តទម្លាក់កន្ទុយសុំរួមរស់ភ្នំតែមួយ បណ្តោះអាសន្នសិន រង់ចាំមើលឱកាសល្អ ណាមួយនឹងខាំក្រញី សមរង្ស៊ី ស៊ីទាំងរស់មិនខាន។
ចំណែកខ្លា សមរង្ស៊ីវិញ ក៏មិនល្ងង់ដេកសម្ងំឲ្យខ្លា កឹម សុខា សម្ងំយកពិសនៅលើខ្នងរបស់ខ្លួនតាមតែអំពើចិត្ត នោះដែរ។ ប៉ុន្តែពេលនេះដោយសារខ្លាទាំងពីរ ចង់បានសាច់មួយដុំ ដែលកំពុងនៅឆ្ងាយពីខ្លួននៅឡើយនោះ ក៏ចេះតែធ្វើជារួបរួមល្អូកល្អឺនផ្អែមល្ហែមនឹងគ្នា ជារូបភាពខាងក្រៅអ៊ីចឹងទៅ។
ការពិតទាំងខ្លា សមរង្ស៊ី និងខ្លា កឹមសុខា សុទ្ធតែមានល្បិចនិងពិសពុលទៅរកគ្នាទៅវិញទៅមក។ កាលពី២០ ឆ្នាំមុន ខ្លា សមរង្ស៊ី គឺជាខ្លាមួយ ដែលស្ថិតនៅលើភ្នំហ្វ៊ុនស៊ិនប៉ិច ជាមួយខ្លាក្រុមព្រះ។ ប៉ុន្តែដោយសារខ្លានេះចេះ តែថ្លើមធំ ហ៊ានបញ្ចេញចង្កូមដាក់មេហ្វូងខ្លួនជាញឹកញាប់នោះ ក៏ត្រូវខ្ទាតទៅរស់នៅលើភ្នំមួយថ្មីតែឯកឯង។
ឯខ្លា កឹមសុខា វិញ កាលពី២០ឆ្នាំមុន ក៏ធ្លាប់រស់នៅភ្នំខ្លា សឺន សាន ប៉ុន្តែដោយសារក្រុមខ្លួនចេះតែឈ្លោះ ប្រខាំគ្នាមិនចេះឈប់ឈរ ក៏រលាយភ្នំនោះខានរស់នៅតទៅទៀត ហើយបានមកសុំជ្រកកោននៅភ្នំរបស់ខ្លា ក្រុមព្រះ គ្រាន់នឹងបានកាកសំណល់ឆ្អឹងឆ្អែងខ្លះបន្តជីវិតទៅមុខទៀត។ តែខ្លា កឹម សុខា នេះជាខ្លារមិលគុណ ខ្លាំងណាស់ ព្រោះគ្រាន់តែចាកចេញពីខ្លាក្រុមព្រះភ្លាម ក៏តាំងធ្វើការបកអាក្រាតវាយប្រហារទៅខ្លាក្រុមព្រះ ដែល ធ្លាប់ផ្តល់កាកសំណល់ដល់ខ្លួនពេលដាច់បាយនោះទៅវិញ។
កាលដំបូង ខ្លាសមរង្ស៊ី ក៏ចង់ឱ្យខ្លាកឹម សុខា មករស់នៅលើខ្នងភ្នំជាមួយខ្លួនដែរ ប៉ុន្តែខ្លាកឹម សុខា ដែលតែងតែ មានអំណួតអួងអាងខ្លួនឯងខ្ពស់កប់ពពកនោះ សុខចិត្តទៅរកភ្នំថ្មីមួយ ដើម្បីគ្រប់គ្រងតែម្នាក់ឯង ព្រោះគិតថា ភ្នំមួយមិនអាចមានខ្លាពីរបានឡើយ។
ឯខ្លាសមរង្ស៊ី វិញ ក៏មិនសប្បាយចិត្តនឹងខ្លាកឹម សុខាប៉ុន្មានដែរ ព្រោះការទៅគ្រប់គ្រងភ្នំថ្មីរបស់ខ្លាកឹម សុខានោះ គឺប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួនខ្លាំងណាស់ ដោយសារខ្លាកឹម សុខាទាញយកថាមពលរបស់ ខ្លួនមួយចំនួនធំ។ ប៉ុន្តែនៅទីបំផុតខ្លាទាំងពីរសុខចិត្តលាក់ចង្កូមរៀងៗខ្លួនមួយរយៈសិន ក្រែងមានភ័ព្វវាសនា បានសាច់មួយដុំគ្រាន់ធ្វើជាអាហារចំអែតក្រពះ។
ទោះបីយ៉ាងណាក៏ដោយ ក៏ទៅថ្ងៃក្រោយខ្លាទាំងពីរនេះ គង់តែបញ្ចេញចង្កូមដាក់គ្នាជាថ្មីម្តងទៀតមិនខាន ព្រោះមិនខុសពីសុភាសិតដែលបានលើកឡើងថា ភ្នំមួយមិនអាចមានខ្លាពីរបានទេ បើខ្លាពីរនោះ ញីមួយ ឈ្មោលមួយ គឺស្រួលតែម្តង។ តែសមរង្ស៊ី ក៏ជាខ្លាឈ្មោល ហើយកឹម សុខាក៏ជាខ្លាឈ្មោលដែរ តើធ្វើដូចម្តេចក៏ ផ្អែមល្ហែមល្អូកល្អឺននឹងគ្នាបានយូរអង្វែងរហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង?៕ ដោយៈ ម៉ារីណា