ភ្នំពេញ៖ ថ្វីបើក្បួនឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រឆាំង មានទ្រង់ទ្រាយធំជាងការបោះឆ្នោតកន្លងមក ក៏ ពិតមែន ប៉ុន្តែបើប្រៀបធៀបជាមួយក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជាវិញ គឺមិនអាចប្រៀបផ្ទឹមបានឡើយ។
ជាមួយគ្នានេះ គណបក្សប្រឆាំងក៏បានបំផុសពាក្យចចាមអារ៉ាមជាច្រើនដែរ ដូចជាគេបំផុសថា គណបក្ស ប្រជាជនកម្ពុជា ទទួលបានការគាំទ្រតែ៤៥ភាគរយប៉ុណ្ណោះ ឯគណបក្សសង្គ្រោះជាតិ ទទួលបាន៥៤ភាគរយ ជាដើម។ ពិសេសពេល សមរង្ស៊ី វិលត្រឡប់ចូលស្រុកវិញ អ្នកគាំទ្រទៅទទួលនៅព្រលានយន្តហោះភ្នំពេញនិង តាមដងផ្លូវនានា តែប៉ុន្មានម៉ឺននាក់ប៉ុណ្ណោះ ដើរបំផុសថា មានចំនួនមួយលាននាក់ឯណោះ។
ចំពោះមនុស្សដែលមិនចេះពិចារណារកហេតុផល ឲ្យបានត្រឹមត្រូវមួយចំនួន ប្រាកដជាជឿថា ការឃោសនា របស់គណបក្សសង្គ្រោះជាតិ ជារឿងពិតមិនខាន។ ដើម្បីកុំឲ្យមានការភ័ន្តច្រឡំជឿពាក្យឃោសនាអកុសល ដែលថា គណបក្សសង្គ្រោះជាតិនឹងឈ្នះគណបក្សប្រជាជនកម្ពុជានោះ យើងសូមលើកយកហេតុផលមួយ ចំនួន ដើម្បីឲ្យសាធារណជនទូទៅសាកល្បងធ្វើការពិចារណាទៅមើលថា តើមានហេតុផលអ្វីទៅដែលគណបក្ស ប្រឆាំង អាចផ្តួលរំលំគណបក្សកាន់អំណាចដោយងាយៗនោះ?
យើងមិនចាំបាច់ធ្វើការពិចារណាអ្វីឲ្យវែងឆ្ងាយទេ គ្រាន់តែយកលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិក សភា កាលពីអាណត្តិទី៤ឆ្នាំ២០០៨ យកមកប្រៀបធៀបទៅ យើងប្រាកដជាអាចវាយតម្លៃបានខ្លះៗមិនខាន។ ឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតទទួលបានអាសនៈដល់ទៅ៩០អាសនៈ គឺឈ្នះភ្លូកទឹកភ្លូកដី។ ឯគណបក្សសមរង្ស៊ី ដែលជាគណបក្សប្រឆាំងតាំងពីឆ្នាំ១៩៩៤មកនោះ ទទួលបានអាសនៈតែ២៦អាសនៈ ហើយគណបក្សសិទ្ធិមនុស្ស ដែលមានអំណួតអួតអាងកប់ពពកនោះ បានតែ៣អាសនៈប៉ុណ្ណោះ គឺគ្រប់មេ គ្រប់ពង។ បើសិនជាគេយកអាសនៈគណបក្សប្រឆាំងទាំងពីរ ទៅបូកបញ្ចូលគ្នាគឺបានតែ២៩អាសនៈប៉ុណ្ណោះ គឺនៅតែតិចជាងគណបក្សប្រជាជនកម្ពុជាជាង៣ដងឯណោះ។
គេនៅចាំបានថា កាលពីយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងឆ្នាំ២០០៨នោះ កឹម សុខា បានវាយ ប្រហារថា គណបក្សសមរង្ស៊ីមិនមែនជាគូប្រកួតរបស់ខ្លួនទេ គឺគេជាគូប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ហើយ កឹម សុខា អួតអាងថា នឹងឈ្នះឆ្នោតបានដល់ទៅ៨០កៅអីទៀតផង។ ប៉ុន្តែដល់លទ្ធផលបោះឆ្នោតបាន តែ៣កៅអី ក៏ កឹមសុខា នៅតែឆ្លៀតអួតថា គណបក្សសិទ្ធិមនុស្សទើបតែបង្កើតថ្មីបាន៣កៅអី គឺជាជោគជ័យធំ ទៅហើយ។
ឥឡូវយើងធ្វើការសិក្សាពីលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០១២ កន្លងមកថ្មីៗ នេះមកពិចារណាក៏ដឹងថា គណបក្សប្រជាជនកម្ពុជាមានអ្នកគាំទ្រដល់ទៅ៣.៦៣១.០៨២ នាក់ គណបក្ស សមរង្ស៊ីមានអ្នកគាំទ្រ ១.២២៤.៤៦០នាក់ ឯគណបក្សសិទ្ធិមនុស្ស មានអ្នកគាំទ្រតែ ៥៨០.៤៨៣នាក់ ប៉ុណ្ណោះ។ ដូច្នេះបើយើងបូកសំឡេងគាំទ្រគណបក្សប្រឆាំងទាំងពីរ បានតែ ១.៨០៤.៩៤៣នាក់ តើអាចឈ្នះ គណបក្សប្រជាជនកម្ពុជា តាមរបៀបណាទៅ? ទោះបីគណបក្សសង្គ្រោះជាតិកើនសំឡេងគាំទ្រដល់ទៅ២០ឬ ៣០ម៉ឺនទៀត ក៏នៅតែចាញ់គណបក្សប្រជាជនកម្ពុជាដែរ។
ពិសេសខេត្តតូចៗដែលមានតែមួយអាសនៈទាំង៩ ខេត្ត ប្រាកដជាគណបក្សប្រជាជនកម្ពុជាដណ្តើមយកអស់។ ឯខេត្តដទៃៗទៀត គណបក្សប្រឆាំងអាចកើនកៅអី យ៉ាងច្រើនមួយឬពីរអាសនៈប៉ុណ្ណោះ គឺមិនអាចឈ្នះគណបក្សប្រជាជនកម្ពុជាបានជាដាច់ខាត។
ដូច្នេះអ្វីដែលគណបក្សសង្គ្រោះជាតិ កំពុងឃោសនាបំផុសបំផុលថា ខ្លួននឹងទទួលជោគជ័យក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ឬសមាជិកសភាអាណត្តិទី៥ ឆ្នាំ២០១៣នេះ គឺគ្រាន់តែជាការយល់សប្តិប៉ុណ្ណោះ៕ ដោយ៖ ម៉ារីណា