បន្ទាយមានជ័យ៖ ភរិយារបស់លោក អនុប្រធានប្រតិបត្តិគណបក្សប្រឆាំងសង្គ្រោះជាតិនៅក្រុង ប៉ោយប៉ែត បានវាយដំច្រំធាក់លើស្ត្រីម្នាក់ បណ្ដាលឲ្យទ្រមគ្រាំគ្រាខ្លួន ដោយសារតែស្ត្រីម្នាក់នោះ មិនព្រមចូលរួមគាំទ្រ គណបក្សសង្គ្រោះជាតិ តាមការអូសទាញ របស់គាត់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅភូមិច័ន្ទគីរី សង្កាត់/ក្រុងប៉ោយប៉ែត ។
ស្ត្រីរងគ្រោះនោះមានឈ្មោះ យាន ធី អាយុ២៧ឆ្នាំ (មានកូន៣នាក់ និងមានប្ដីឈ្មោះផាន់ ង៉ែត អាយុ២៦ឆ្នាំ ជាកម្មករអូសរទេះ) មានទីលំនៅក្នុងភូមិច័ន្ទគិរី សង្កាត់/ក្រុងប៉ោយប៉ែត ។ រីឯស្ត្រីបង្ករឿង និងជាជនដៃដល់ មានឈ្មោះស៊ឹង-ស្រីពុំ អាយុ៤១ឆ្នាំ ជាភរិយាលោកសំ វណ្ណារ៉ា អនុប្រធានប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិក្រុងប៉ោយប៉ែត មានទីលំនៅក្នុងភូមិច័ន្ទគីរីនេះដែរ។
ស្ត្រីសាក្សីម្នាក់ ឈ្មោះឡុង បូផា អាយុ៤២ឆ្នាំ ជាអ្នកលក់កាហ្វេ នៅភូមិច័ន្ទគីរី បាននិយាយថា តាំងពីមុនដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ មកម្ល៉េះ លោកសំ វណ្ណារ៉ា និងភរិយា(ស៊ឹង ស្រីពុំ) ខឹងអូសទាញស្ត្រីរងគ្រោះឈ្មោះយាន ធី និងប្ដីរបស់ស្ត្រីរងគ្រោះនោះ ចូលគណបក្សសង្គ្រោះជាតិ(បក្សប្រឆាំង)ពុំបាន និងដោយសារបង្ខំស្ត្រីរងគ្រោះ អោយផ្ដិតមេដៃ ធ្វើជាសាក្សីករណីរថយន្តរបស់សកម្មជនគណបក្សប្រឆាំង មកចតឃោសនាលើដីមួយកន្លែងរបស់ពលរដ្ឋម្នាក់ ឈ្មោះ អ៊ុំ ស៊ុយ ជាអ្នកស្រឡាញ់គណបក្សប្រជាជនកម្ពុជា។
ស្ត្រីឈ្មោះឡុង បូផា បានអះអាងថា លោកសំ វណ្ណារ៉ា និងភរិយាឈ្មោះ ស៊ឹង ស្រីពុំ បានបង្ខំអោយគាត់ និងបង្ខំប្ដីប្រពន្ធពីរនាក់នេះ (យាន ធី និងផាន់ ង៉ែត) អោយចូលគណបក្សសង្គ្រោះជាតិ ប៉ុន្តែពួកគាត់ ពុំព្រមចូលទេ។
ស្ត្រីរូបនេះ បានបន្តថា លោកសំ វណ្ណារ៉ា និងភរិយាឈ្មោះ ស៊ឹង ស្រីពុំ បានជេរប្រមាថ ដៀលត្មិះពួកគាត់ថា ” ល្ងង់ភ្លើ នៅងប់នឹងគណបក្សស្រីលើកជើង គណបក្សយួនអោយអស់ទឹកដីដល់ណាទៀត។ ពួកង៉ែងបើគណកប្សសង្គ្រោះជាតិឈ្នះ សមតែត្បូងចប, សមតែស៊ីនំបញ្ចុក១ចានរួចជីកអន្លង់កប់ទាំងរស់។ បើពួកអញចាញ់ក៏អញជួលគេអោយវ៉ៃពួកង៉ែងងាប់ដែរ “។
លោកខាត់ ធា នាយករងរដ្ឋបាលក្រុងប៉ោយប៉ែត ដែលស្ថិតនៅនឹងកន្លែងកើតហេតុការណ៍នោះ និងបានជូនស្ត្រីរងគ្រោះទៅមន្ទីរពេទ្យ បាននិយាយថា ករណីប្រព្រឹត្តអំពើហឹង្សានេះ បានកើតតាំងពីមុនយុទ្ធនាឃោសនាបោះឆ្នោតមកម្ល៉េះ ដោយសារលោកសំ វណ្ណារ៉ា និងភរិយា ជាសកម្មជនគណបក្សសង្គ្រោះជាតិ អូសទាញអោយស្ត្រីរងគ្រោះ ប្ដីរបស់ស្ត្រីរងគ្រោះ និងស្ត្រីម្ចាស់ផ្ទះលក់កាហ្វេ ព្រមទាំងពលរដ្ឋនៅសហគមន៍នោះ ឲ្យចូលរួមនិងគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ហើយពួកគេមិនព្រមចូលតាមការអូសទាញនោះ ។
ដោយសារមានគំនុំអំពីរឿងនេះ ទើបនៅល្ងាចថ្ងៃទី១៩ កក្កដានេះ ស្ត្រីដៃដល់ឈ្មោះស៊ឹង ស្រីពុំ បានស្ទុះទៅវាយដំលើស្ត្រីរងគ្រោះ ដែលកំពុងដើរតាមផ្លូវដោយពុំដឹងខ្លួនមុន (គឺវាយដំ តប់គក់ ខ្លាំងៗត្រង់កញ្ចឹងក, ក្បាល, ភ្នែក និងចាប់បោចសក់អូស ប្រហែល៥ម៉ែត្រ) បណ្ដាលអោយស្ត្រីរងគ្រោះដេកស្ដូកស្ដឹង ហើយត្រូវបានគេនាំទៅដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។
ដោយសារស្ថានភាពអ្នកជម្ងឺ មានសភាពវង្វេង និងធ្ងន់ធ្ងរ លោកទ្រី ណារិន អភិបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាអោយនាំស្ត្រីរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី កាលពីវេលាម៉ោង៨យប់ នាថ្ងៃដដែលនោះ ។
លោកវេជ្ជបណ្ឌិត សាយ-រដ្ឋា គ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី នៅយប់ថ្ងៃទី១៩ កក្កដាថា ស្ត្រីឈ្មោះ យាន ធី អាយុ២៧ឆ្នាំ មានសភាពវង្វេង ក្អួត ឈឺក្បាល និងឈឺត្រង់-ក យ៉ាងខ្លាំង ដោយរងនូវទម្ងន់ខ្លាំងប៉ះទង្គិចត្រង់កញ្ចឹង ក, ក្បាល និងភ្នែក ក្នុងនោះមានពកក្បាល១កន្លែង និងហូរឈាមពីច្រមុះផងដែរ ។
ដោយឡែក នៅព្រឹកថ្ងៃទី២០កក្កដានេះ លោកវេជ្ជបណ្ឌិត សាយ រដ្ឋា បាននិយាយបន្តថា “អ្នកជម្ងឺ បានដឹងខ្លួន និយាយបានតិចៗវិញ មិនអាចរងប៉ះពាល់ដល់ជីវិតទេ។ ប៉ុន្តែដោយជម្ងឺស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ ពេទ្យចាំបាច់តាមដាន និងសង្គ្រោះបន្ទាន់ជាបន្តទៀត” ។
លោកចៅ វាសនា ចៅរងសង្កាត់ប៉ោយប៉ែត មកពីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២០ កក្កដាថាករណីស្ត្រីឈ្មោះ ស៊ឹង ស្រីពុំ ប្រពន្ធលោក សំ វណ្ណារ៉ា ជាអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិក្រុងប៉ោយប៉ែត និងស្ត្រីរងគ្រោះឈ្មោះ យាន ធី នោះ ជារឿងបុគ្គលឈ្លោះ និងវាយតប់គ្នា ពុំពាក់ព័ន្ធរឿងនយោបាយទេ។ លោកក៏ពុំដឹងច្បាស់ ព្រោះលោកជាប់រវល់ទៅភ្នំពេញ ចូលរួមទទួលលោកសម រង្ស៊ី។
ឯលោកសំ វណ្ណារ៉ា អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិក្រុងប៉ោយប៉ែត ដែលជាប្ដីរបស់ស្ត្រីដៃដល់ឈ្មោះ ស៊ឹង ស្រីពុំ កាលពីថ្ងៃទី១៩ កក្កដាថា នៅព្រលប់ថ្ងៃទី១៩ កក្កដា មានរថយន្តរបស់កម្លាំងប៉េអឹម, ប៉ូលីស និងមន្ត្រីអាជ្ញាធរដែនដី ប្រហែល៣០គ្រឿង ដឹកកម្លាំងទៅព័ទ្ធផ្ទះគាត់ ហើយចាប់ខ្លួនប្រពន្ធគាត់ ដោយចោទពីបទបង្កអំពើហឹង្សា។
លោក សំ វណ្ណារ៉ា បានចាត់ទុកទង្វើនោះថា ជាអំពើសំឡុតបំបាក់ស្មារតី ព្រោះរឿងហឹង្សាតូចតាច រវាងស្រីៗ វាយគ្នាធម្មតាសោះ។ លោកទទួលស្គាល់ថា រឿងហេតុមកពីគណបក្សសង្គ្រោះជាតិ ចាក់មីក្រូឃោសនាបង្វែរចំផ្ទះលក់កាហ្វេរបស់ស្ត្រីឈ្មោះ ឡុង-បូផា។ ពាក់ព័ន្ធមីក្រូឃោសនា និងការជេរបញ្ចោរប្រមាថគ្នារឿងគាំទ្រនយោបាយគណបក្ស ស្ត្រីរងគ្រោះ បានជេរលោក, ប្រពន្ធលោក និងគណបក្សលោក ទើបប្រពន្ធខ្លួន ទ្រាំពុំបាន ក៏វាយដំអោយស្គាល់ដៃតែម្ដងទៅ ។
លោកសំ វណ្ណារ៉ា បានបដិសេធថា: លោកនិងភរិយា ពុំបានបង្ខំអោយស្ត្រីរងគ្រោះ, ប្ដីនាង និងស្ត្រីលក់កាហ្វេ ចូលរួមនឹងគណបក្សសង្គ្រោះជាតិឡើយ។
លោកសំ វណ្ណារ៉ា បាននិយាយថា លោកមិនរវល់ជាមួយនឹងប្រពន្ធរបស់លោកទេ ទុកអោយសមត្ថកិច្ចធ្វើការតាមច្បាប់ចុះ ។
ឯសមត្ថកិច្ច និងអាជ្ញាធរវិញ បានអះអាងថា ស្ត្រីដៃដល់ ប្រើអំពើហឹង្សាឈ្មោះ ស៊ឹង ស្រីពុំ ត្រូវបានចាប់ខ្លួនបញ្ជូនដល់ស្នងការដ្ឋាននគរបាលខេត្តហើយៗកំពុងអង្កេត និងកសាងសំនុំរឿងបញ្ជូនបន្តទៅតុលាការ ៕