ចំណែកទេសាភិបាលជាន់ខ្ពស់បារាំង លោកហ្គោតជេរវិញ ក៏បានបញ្ជាក់បន្ថែមច្បាស់ថា ទោះក្នុងករណីណាក៏ដោយក៏ប្រទេសបារាំងប្រឆាំងដាច់ខាតចំពោះការអភិសេកនេះដែរ។
ដោយអស់សង្ឃឹមក្នុងរឿងស្នេហាជាមួយព្រះនាងស៊ីសុវត្ថិពង្សសាន្តមុនី ព្រះមហាក្សត្រក៏បានចូលសុំព្រះមាតាបិតាបោះបង់ចោលរាជសម្បត្តិដើម្បីធ្វើការគាបសង្កត់ទៅលើព្រះមាតាបិតាវិញ។តែត្រូវព្រះមាតាកុសុមៈចោទសួរទៅព្រះអង្គថា តើបុត្រចង់ឲ្យគេសើចចំអក ដូច ស្តេចអេឌួអាដ៍ទី៨នៃចក្រភពអង់គ្លេសកាលពី៦ឆ្នាំមុនដែលសុខចិត្តបោះបង់រាជសម្បត្តិដើម្បីរៀបអាពាហ៍ពិពាហ៍ជាមួយស្រីមេម៉ាយជាជនជាតិអាមេរិកដែលបានលែងលះប្តី២ដងមកហើយគឺអ្នកស្រីសាំសុនឬ…?
ព្រះមហាក្សត្រព្យាយាមពន្យល់មាតាវិញថាមិនអាចយកព្រះនាងពង្សសាន្តមុនីទៅប្រៀបប្រដូចនឹងអ្នកស្រីសាំសុនបានជាដាច់ខាត ព្រោះព្រះនាងជាប់ខ្សែលោហិតជារាជវង្សយើង ហើយជាស្រីក្រមុំព្រហ្មចារី មុននឹងព្រមប្រគល់សេចក្តីស្នេហាមកឲ្យបុត្រ។ តែត្រូវព្រះមាតា កុសុមៈតបវិញថា រាល់សកម្មភាពទាំងអស់របស់ព្រះមហាក្សត្រនឹងត្រូវគេចារទុកក្នុង ក្រាំងប្រវត្តិសាស្ត្រ។ដូច្នេះចូរបុត្រចេះបារម្ភខ្លាចក្រែងប្រវត្តិវិទូកត់ត្រាថា បុត្របានចំណាយពេលវេលាមិនសូវប្រកបដោយកិត្តិយស ព្រោះតែរឿងស្វះស្វែងរកការត្រេកត្រអាលនិងខ្ជីខ្ជាក្នុងព្រះរាជកិច្ចដឹកនាំប្រទេស។
ព្រះមាតាបន្ថែមទៀតថា ស្តាប់មាតាណាបុត្រ ! ប្រសិនបើថ្ងៃណាមួយបុត្រសម្រេចព្រះទ័យដាក់រាជ្យព្រោះតែបុត្រទាមទារឯករាជ្យឲ្យប្រទេសជាតិមិនបាននោះ គឺសកម្មភាពនេះនឹងត្រូវបានចារក្នុងប្រវត្តិសាស្ត្រដោយការគោរពនិងកោតសរសើរពីសំណាក់ប្រជារាស្ត្រនិងពិភពលោក។ប៉ុន្តែបើបុត្របោះបង់រាជសម្បត្តិព្រោះតែស្រីម្នាក់ទោះបីស្រីនោះជាក្រមុំព្រហ្មចារីបរិសុទ្ធក៏ដោយ ក៏ជារឿងអាម៉ាស់មួយដែលព្រះមាតាបិតាមិនអាចទ្រាំទ្របានឡើយ ហើយនេះគឺជាការប្រមាថមួយយ៉ាងធ្ងន់ធ្ងរចំពោះប្រជារាស្ត្រដែលកំពុងស្រឡាញ់គាំទ្របុត្រផងដែរ។
បន្ទូលព្រះមាតា កុសុមៈនេះ ក៏ធ្វើឲ្យព្រះបិតា សុរាម្រឹត ប៉ះទង្គិចក្នុងព្រះទ័យមិនស្ទើរដែរ ព្រោះ ទ្រង់ផ្ទាល់ក៏កំពុងស្រឡាញ់យ៉ាងងប់ងល់ទៅលើនាដកាដ៏ស្រស់ស្អាតម្នាក់ឈ្មោះ យាប។ តែទ្រង់ មិនបញ្ចេញប្រតិកម្មអ្វីក្រៅពីងក់ព្រះកេសយ៉ាងតក់ម៉ក់ ជាសញ្ញាយល់ស្របនឹងការលើកឡើងនូវហេតុផល ដ៏ត្រឹមត្រូវរបស់ព្រះមាតា។
នៅទីបំផុត ព្រះមហាក្សត្រ ក៏យល់ព្រមបោះបង់ចោលនូវព្រះរាជបំណងដាក់រាជ្យវិញ ប៉ុន្តែទោះបី ជាមានការឃាត់ឃាំងរនាំងពីព្រះបិតាមាតា និងមានការខឹងសម្បាពីសំណាក់អគ្គទេសាភិបាល ហ្សង់ ដឺគូ យ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែបង្កាត់ភ្លើងស្នេហាជាមួយព្រះនាងពង្សសាន្តមុនី បន្តទៅទៀត ដោយគ្មានអានុភាពអ្វីពន្លត់បានឡើយ។
ស្នេហារវាងព្រះមហាក្សត្រ និងព្រះនាង ពង្សសាន្តមុនី មករយៈពេល៩ឆ្នាំ គឺចាប់ពីឆ្នាំ១៩៤២ដល់ ឆ្នាំ១៩៥១ ទើបសាបរលត់ទៅវិញ ដោយបន្សល់ទុកនូវបុត្រាបុត្រីចំនួន៧អង្គ គឺ ១-ព្រះអង្គម្ចាស់ នរោត្តម យុវនាថ ដែលក្រោយរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទ្រង់បានរត់ចេញពីរបប សាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ទៅចូលរួមចលនាតស៊ូរណសិរ្សរួបរួមជាតិកម្ពុជា ដែលមានសម្តេចឪ សម្តេចតា ជាព្រះប្រធាន។ ក្រោយពួកខ្មែរក្រហមទទួលបានជ័យជម្នះលើរបប សាធារណរដ្ឋខ្មែរ ថ្ងៃទី១៧ ខែមេសាឆ្នាំ១៩៧៥ ទ្រង់បានបដិសេធ មិនត្រឡប់ចូលមកក្នុងរបបកម្ពុជា ប្រជាធិបតេយ្យវិញទេ ហើយបានចាកចេញពីក្រុងប៉េកាំង ទៅរស់នៅទីក្រុងហុងកុងជាមួយភរិយានិង កូនៗ យ៉ាងកំសត់បំផុត។ សព្វថ្ងៃទ្រង់យុវនាថ នៅមានព្រះជន្មនៅឡើយ។
២-ព្រះអង្គម្ចាស់ នរោត្តមរក្សវីវង្ស មានសញ្ញាបត្រថ្នាក់បរិញ្ញាតាំងពីសម័យសង្គមរាស្ត្រនិយម។ ក្រោយ រដ្ឋប្រហារថ្ងៃទី១៨ខែមីនាឆ្នាំ១៩៧០ ទ្រង់រត់ចូលព្រៃតស៊ូប្រឆាំងនឹងរបប លន់ នល់។ ប្រហែលក្នុងឆ្នាំ ១៩៧៣ ទ្រង់ត្រូវបាត់បង់ព្រះជន្ម នៅក្នុងព្រៃដោយសារមានជំងឺធ្ងន់ធ្ងរ។
៣-ព្រះអង្គម្ចាស់ នរោត្តមចក្រពង្ស់ ជានាយទាហានក្នុងអង្គភាពអាកាសចរណ៍ភូមិន្ទកម្ពុជា ទ្រង់បន្តរស់ នៅក្នុងរបបសាធារណរដ្ឋខ្មែរ រហូតដល់ឆ្នាំ១៩៧៣ ទើបទៅចូលរួមជាមួយសម្តេចឪ សម្តេចតា ដែល កំពុងនិរទេសព្រះកាយនៅទីក្រុងប៉េកាំង។ ក្រោយខ្មែរក្រហមឡើងកាន់អំណាចឆ្នាំ១៩៧៥ ទ្រង់បាន ភៀសខ្លួនទៅរស់នៅឯប្រទេសបារាំង។ ក្រោយឆ្នាំ១៩៧៩ ទ្រង់បានចូលរួមដឹកនាំចលនាតស៊ូ ហ្វ៊ុន ស៊ិនប៉ិច ទៅព្រំដែនកម្ពុជា-ថៃ។ ក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ខែតុលា ឆ្នាំ១៩៩១ ទ្រង់ បានចុះចូលជាមួយរបបរដ្ឋកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ដោយទទួលតួនាទីជាអនុប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រី។ សព្វថ្ងៃទ្រង់នៅមានព្រះជន្មនៅឡើយ។
៤-ម្ចាស់ក្សត្រិយ នរោត្តម សុរិយារង្សី ជាបុត្រីមួយអង្គដែលព្រះមហាក្សត្រសព្វព្រះទ័យបំផុត ស្មើនឹង បុត្រី នរោត្តមគន្ធបុប្ជាដែរ។ នៅពេលព្រះនាងភៀសខ្លួនទៅរស់នៅទីក្រុងប៉េកាំងជាមួយបិតា ព្រះនាង បានរៀបការជាមួយវិស្វករខ្មែរកុម្មុយនិស្តម្នាក់ ដែលបានទៅសិក្សានៅប្រទេសអាល្លឺម៉ង់ខាងកើត។ នៅ ក្នុងខែកញ្ញាឆ្នាំ១៩៧៥ ព្រះនាងនិងស្វាមី ព្រមទាំងកូនៗបានតាមដង្ហែសម្តេចឪ សម្តេចតា យាងចូល ប្រទេសវិញ។ ក្រោយសម្តេចឪ សម្តេចតា លាលែងពីតំណែងប្រមុខរដ្ឋក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខែមេសា ឆ្នាំ១៩៧៦ ព្រះនាងនិងគ្រួសារ ត្រូវពួកខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅតំបន់ព្រៃភ្នំជនបទ ហើយក៏បាត់ដំណឹងសូន្យឈឹង តាំងពីពេលនោះមក។
៥-ម្ចាស់ក្សត្រិយ នរោត្តមគន្ធបុប្ជា ជាបុត្រីសំណព្វព្រះទ័យជាងគេក្នុងចំណោមបុត្រទាំងអស់។ ព្រះនាង កើតនៅក្នុងឆ្នាំ១៩៥២ ហើយត្រូវសុគត ដោយជំងឺខ្វះឈាមក្រហម ក្នុងព្រះជន្ម៤វស្សា។
៦-ព្រះអង្គម្ចាស់នរោត្តម ខេមានុរក្ស ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ១៩៧០ ទ្រង់បានចូលបំរើក្នុង ជួរកងទ័ពរណសិរ្សរួបរួមជាតិកម្ពុជា ប្រឆាំងនឹងរបប លន់ នល់ ដែលក្នុងពេលនោះ លោកហ៊ូ នឹម រដ្ឋមន្ត្រីក្រសួងឃោសនាការ បានទទួលយកទ្រង់ទៅគ្រប់គ្រងមើលការខុសត្រូវ និងជួយដល់ការងារ លោក។ ក្នុងខែកញ្ញា ១៩៧៥ ទ្រង់បានមកជួបសម្តេចឪ ម្តងនៅទីក្រុងភ្នំពេញ។ លុះមួយខែក្រោយមក ទ្រង់ក៏បាត់ដំណឹងសូន្យឈឹងរហូតដល់សព្វថ្ងៃ។
៧-ម្ចាស់ក្សត្រិយ នរោត្តម បុទុមបុប្ជា ជាបុត្រី ពៅ របស់ព្រះនាងស៊ីសុវត្ថិ ពង្សសាន្តមុនី។ ព្រះអង្គបាន រៀបការជាមួយទ្រង់ស៊ីសុវត្ថិ ឌូស្សាឌី (ត្រូវជាក្មួយរបស់ព្រះនាង)។ ក្រោយមកក៏បានលែងលះគ្នា ហើយទៅរៀបការជាមួយនាយទាហានជាអ្នកបើកយន្តហោះម្នាក់ឈ្មោះសូភ័ក្រា។ ទ្រង់ស៊ីសុវត្ថិ ឌូស្សាឌី ក៏បានចូលរួមតស៊ូក្នុងជួររណសិរ្សរួបរួមជាតិកម្ពុជាដែរ ។ ឯលោក សូភ័ត្រា នៅក្នុងឆ្នាំ១៩៧២ ពេលកំពុងបើកយន្តហោះ នៅក្នុងជួរកងទ័ពរបបសាធារណរដ្ឋខ្មែរ លោកបានបើកយន្តហោះទម្លាក់ គ្រាប់បែកលើវិមានរដ្ឋចំការមន ដែលលោកសេនាប្រមុខ លន់ នល់ ស្នាក់នៅទីនោះ ក្នុងគោលបំណង ធ្វើឃាតលោក លន់ នល់ តែមិនត្រូវចំគោលដៅ ហើយបានទៅជួបសម្តេចឪ នៅទីក្រុងប៉េកាំង។ ចំណែកម្ចាស់ក្សត្រិយ បុទុមបុប្ជា តស៊ូប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរដោយផ្ទាល់ ហើយត្រូវបាន តុលាការរបបនោះ ផ្តន្ទាទោសឲ្យព្រះអង្គជាប់ពន្ធនាគារអស់ជាច្រើនខែពីបទធ្វើវិទ្ធង្សនា។ ក្រោយពេល ដោះលែងពីពន្ធនាគារវិញ ព្រះនាងក៏បានទៅជួបសម្តេចឪ នៅទីក្រុងប៉េកាំងដែរ។
ក្រោយជ័យជម្នះរបស់ពួកខ្មែរក្រហម ថ្ងៃទី១៧ខែមេសា១៩៧៥ ព្រះនាងនិងស្វាមី ព្រមទាំងកូនៗ បានវិលត្រឡប់ចូលមកមាតុប្រទេសវិញ នៅខែមេសា១៩៧៦ បានបំបែកចេញពីសម្តេចឪ បាត់ដំណឹង រហូតដល់សព្វថ្ងៃនេះ។
បុត្រាបុត្រីរបស់ម្ចាស់ក្សត្រិយ ស៊ីសុវត្ថិ ពង្សសាន្តមុនី ទាំងប៉ុន្មាន ក្រោយរដ្ឋប្រហារថ្ងៃ១៨ ខែមីនា ១៩៧០ សុទ្ធតែបានមកចូលរួមក្នុងចលនាតស៊ូប្រឆាំងនឹងរបប លន់ នល់។ ប៉ុន្តែម្ចាស់ក្សត្រិយពង្ស សាន្តមុនីផ្ទាល់ រស់នៅក្នុងទីក្រុងភ្នំពេញ ក្រោមការដឹកនាំរបស់លោកសេនាប្រមុខ លន់ នល់ រហូត ពេលកងទ័ពខ្មែរក្រហមជិតដណ្តើមបានទីក្រុងភ្នំពេញទាំងស្រុង ម្ចាស់ក្សត្រិយក៏ទទួលមរណភាពទៅ។
ឥឡូវនេះយើងត្រឡប់ទៅមើលប្រវត្តិស្នេហារបស់ព្រះមហាក្សត្របន្តទៀត តើត្រូវជួបកូនប្រជារាស្ត្រ សាមញ្ញ ឬក៏ជាខ្សែរាជវង្សដែរ? នៅក្នុងឆ្នាំ១៩៤៤ ពេលកំពុងជួបរឿងស្នេហាជាមួយអ្នកម្នាង ផាត់ កាញ៉ុល បានបុត្រ២អង្គ គឺនរោត្តមបុប្ជាទេវី និងនរោត្តម រណឫទិ្ធ និងស្នេហាដែលរងការរិះគន់ខ្លាំងបំផុត ជាមួយម្ចាស់ក្សត្រិយពង្សសាន្តមុនីនេះដែរ ព្រះមហាក្សត្របានចាប់ព្រះទ័យស្នេហាទៅលើម្ចាស់ ក្សត្រិយ ស៊ីសុវត្ថិ មុនីនេសាន ជាបុត្រីព្រះអយ្យិកោ ព្រះមុនីវង្ស និងស្នំម្នាក់ឈ្មោះតាត ពោលគឺត្រូវជា ម្តាយមីងរបស់ព្រះអង្គ ដូចម្ចាស់ក្សត្រិយ ស៊ីសុវត្ថិ ពង្សសាន្តមុនីដែរ។
នៅក្នុងឆ្នាំ១៩៤៦ ម្ចាស់ក្សត្រិយមានបុត្រមួយអង្គ គឺព្រះអង្គម្ចាស់នរោត្តម នរៈទីប៉ោ។ ទ្រង់បាន បន្តការសិក្សានៅប្រទេសចិន និងត្រូវបានប្រជារាស្ត្រស្រឡាញ់គាំទ្ររហូតសង្ឃឹមថា ទ្រង់នឹងឡើង គ្រងរាជសម្បត្តិបន្តពីសម្តេចឪសម្តេចតា។ ប៉ុន្តែគួរឲ្យសោកស្តាយបំផុត គឺក្រោយទ្រង់សម្រាលពីផ្ទៃមាតា បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ព្រះមាតាក៏បានបាត់បង់ព្រះជន្មទៅ។ ចំណែកឯទ្រង់ នរៈទីប៉ោ ក៏ត្រូវបាន ពួកខ្មែរក្រហមយកទៅសម្លាប់នៅក្នុងឆ្នាំ១៩៧៥។
ក្នុងឆ្នាំ១៩៤៦នោះដែរ ព្រះមហាក្សត្រ ក៏បានជួបស្នេហាថ្មីមួយទៀត ជាមួយនឹងម្ចាស់ក្សត្រិយ នរោត្តម នរលក្ខណ៍ ជាបុត្រី ពៅ របស់ម្ចាស់ក្សត្រិយ ស៊ីសុវត្ថិថាវេត ដែលត្រូវជាបងស្រីបង្អស់របស់ ព្រះមាតា កុសុមៈ ពោលគឺម្ចាស់ក្សត្រិយ នរលក្ខណ៍ ត្រូវជាបងប្អូនជីដូនមួយរបស់ព្រះមហាក្សត្រ។
ក្សត្រិយ នរលក្ខណ៍ មានស្វាមីដើមគឺព្រះអង្គម្ចាស់ នរោត្តម គិរីវ័ន ហើយបានលែងលះគ្នានៅក្នុងឆ្នាំ ១៩៤៥ ហើយម្ចាស់ក្សត្រិយអង្គនេះ ត្រូវបានសម្តេចឪ លួចរៀបចំពិធីអភិសេក(រៀបការ) ជាមួយ ក្រោយថ្ងៃដាក់រាជសម្បត្តិថ្វាយព្រះបិតានរោត្តមសុរាម្រឹតក្នុងឆ្នាំ១៩៥៥ គឺឆ្លៀតពេលដែលព្រះមាតា កុសុមៈ កំពុងជាប់រវល់យ៉ាងមមាញឹក ក្នុងការរៀបចំពិធីឡើងគ្រងរាជ្យរបស់ព្រះបិតាព្រះអង្គ៕
ដោយ ៖ ឈឹម ប៉ាវ