ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបសវនាការជាមួយលោកស្រី អាន ហុកលុន(H.E.Ms . ANNE HOGLUND) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រស៊ុយអែតប្រចាំកម្ពុជា ក្នុងឱកាសដែលលោកស្រីត្រូវបានបញ្ចប់អាណត្តិការទូតនៅកម្ពុជា។ក្នុងនាមរដ្ឋសភា សម្តេចបានសម្តែងការស្វាគមន៍លោកស្រី ANNE HOGLUND ដែលអញ្ជើញមកសម្តែងការគួរសម និងជម្រាបលានៅពេលដែលលោកស្រីចប់អាណត្តិ។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះលោកស្រីឯកអគ្គរដ្ឋទូត ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម នៅប្រទេសកម្ពុជាក្នុងអាណត្តការទូតរបស់លោកស្រី ដោយបាន សហការល្អជាមួយស្ថាប័ននិតិប្បញ្ញត្តិ និងនិតិប្រតិបត្តិ ព្រមទាំងបណ្តាក្រសួងនានា រាជធានី ខេត្តក្រុងទូទាំងប្រទេសកម្ពុជា បានជំរុញឲ្យទំនាក់ទំនងចំណងសាមគ្គីភាព មិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រជាជន និងប្រទេសយើងទាំងពីរកម្ពុជាស៊ុយ-អែត ឲ្យកាន់តែប្រសើរ និងរឹងមាំខ្លាំងក្លាថែមទៀត។
ទន្ទឹមនឹងនេះសម្តេចបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅក្នុងនាមប្រជាជនកម្ពុជា ជូនចំពោះប្រជាជន និងរដ្ឋាភិបាលស៊ុយអែត ដែលបានជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជាក្នុងបុព្វហេតុកសាងសុខសន្តិភាព ការបង្រួមបង្រួមជាតិ និងការអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។
សម្តេចមានជំនឿយ៉ាងមុតមាំថា តទៅអនាគតបើទោះជាលោកស្រីចប់អាណត្តិនៅកម្ពុជាហើយទៅកាន់តួនាទីជាឯកអគ្គរាជរដ្ឋទូតថ្មីនៅប្រទេសណាក្តី ឬទៅបំពេញភារកិច្ចនីស្ថាប័នណាមួយក៏ដោយក៏លោកស្រីនៅតែបន្តជម្រុញចំណងមិត្តភាពសាមគ្គីភាព និងកិច្ចប្រតិតបត្តការរវាងប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-ស៊ុយអែត ឲ្យកាន់តែរឹងមាំខ្លាំងក្លាឡើងថែមទៀត។
លោកស្រីអាន ហុកលុន បានមានប្រសាសន៍អរគុណជាខ្លាំងចំពោះសម្តេចប្រធាន បើគ្មានការគាំទ្រពីសម្តេចប្រធានរដ្ឋសភាទេ ម្ល៉េះសមបេសកកម្មការទូតរបស់ខ្ញុំនៅកម្ពុជាមិនបានសម្រេចលទ្ធផលផ្លែផ្កាដូចថ្ងៃនេះទេ ។ លោកស្រីបានសន្យាថា នៅតែបន្តថែរក្សាមិត្តភាពនេះបើទោះជាត្រូវទៅបំពេញកិច្ចការនៅប្រទេសណាក្តីក៏លោកស្រីនៅតែជួយជម្រុញដល់ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសស៊ុយអែតនៅតែរក្សាទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរឹងមាំដដែល។ ជាមួយគ្នានោះ លោកស្រីមាន ជំនឿចិត្តថា ការបោះឆ្នោតនៅកម្ពុជានឹងប្រព្រឹទ្ធទៅប្រកបដោយរលូន ត្រឹមត្រូវ សេរី និងយុត្តធម៌ នឹងតាមលំអាននៃលិទ្ធិប្រជាធិបតេយ្យ ។ លោកក៏នៅបន្តតាមដានការបោះឆ្នោតនេះដោយយកចិត្តទុកដាក់ផងដែរមុនពេលចាកចេញពីព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ ស្រីផល