ព្រះសីហនុ៖ នៅរសៀលថ្ងៃសុក្រ ទី ១៩ កក្កដា ម្សិលមិញនេះ សាលាដំបូងខេត្តព្រះសីហនុ បានប្រកាសចេញសាលក្រមក្នុងសវនាការលើករណីពាក់ព័ន្ធនឹងសំណុំគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងររបស់ក្រុមតារាចម្រៀង ផលិតកម្មសាន់ដេ លោក ខេមរៈ សេរីមន្ត ដោយតុលាការខេត្តព្រះសីហនុបានបង្គាប់ឲ្យក្រុមហ៊ុន SK (សុខ កន)ដែលជាអ្នកបង្ករហេតុ និងក្រុមហ៊ុនធានារ៉ាប់រង កាំមីនកូ រួមគ្នាសងសំណងទូទាត់ដល់ជនរងគ្រោះសរុបជាង ១៣ ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងត្រូវសម្រេចផ្តន្ទាទោសអ្នកបើកបររថយន្តកុងតឺន័រដាក់ពន្ធនាគារចំនួន៣ ឆ្នាំ។
មេធាវីការពារក្តីឲ្យជនរងគ្រោះលោក ឡេង លីហ៊ួ បានប្រាប់អ្នកសារព័ត៌មានអរិយធម៌ថា ការបង្គាប់ឲ្យក្រុមហ៊ុន SK សងសំណងលើតារាចម្រៀងខេមរៈ សិរីមន្តចំនួន ៨៥ ០០០ដុល្លារដែលក្រុមហ៊ុនធានារ៉ាបរងកាំមីនកូជួយចេញសង ៥០០០ ដុល្លារ, សងសំណងដល់តារាកំប្លែងយាយ ណាង ២៥ ០០០ ដុល្លារ ដោយក្រុមធានារ៉ាប់រងកាំមីនកូជួយសង ៥០០០ ដុល្លារ និងសងសំណងដល់តារាកំប្លែងនាយកុយ និងជនរងគ្រោះផ្សេងទៀតចំនួន ២៣ ០០០ ដុល្លារអាមេរិកដោយសាលាដំបូងខេត្តព្រះសីហនុ។ លោកបានបន្តថា «កាត់ក្តីដោយតុលាការបង្គាប់សងសំណងចំនួនទឹកប្រាក់ប៉ុននេះ គឺកូនក្តីរបស់លោកអាចទទួលយកបាន»។
បញ្ជាក់ថា សវនាការប្រកាសសាលក្រមកាលពីម្សិលមិញនេះ គឺមិនមានចូលរួមស្តាប់អង្គសវនាការតារាចម្រៀងខេមរៈ សិរីមន្ត តារាកំប្លែងយាយណាង និងនាយកុយឡើយ។ ហើយចំណែកឯ ភាគីក្រុមហ៊ុន និងតំណាងមេធាវីមិនពុំអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេ។
គួររំឭកផងដែរថា កាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៣ កន្លងទៅ តារាចម្រៀង ខេមរៈ សេរីមន្ត រួមជាមួយនឹងក្រុមការងារ ៨ នាក់(រួមមានក្មេងម្នាក់) បានធ្វើដំណើរ តាមរថយន្ត Tundra ពណ៌សពីភ្នំពេញទៅខេត្តព្រះសីហនុ ដើម្បីច្រៀងនៅក្នុងការប្រគំតន្ត្រីមួយហើយក៏ជួបគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់មួយនៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ ២១១-២១២ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ព្រៃនប់ ព្រះសីហនុ។
គ្រោះថ្នាក់ដ៏រន្ធត់នេះបង្កឡើងដោយរថយន្តកុងតឺន័រក្រុមហ៊ុន SK បុកពេញទំហឹងទៅលើរថយន្តTundra របស់ខេមរៈ សេរីមន្ត បណ្តាលឲ្យក្រុមការងាររបស់ពួកគេស្លាប់ ៤ នាក់ភ្លាមៗ ក្នុងនោះមានកូនប្រុសតារាកំប្លែងល្បីឈ្មោះនាយ កុយ ម្នាក់ និងកូនប្រុសតារាចម្រៀងអាយ៉ៃយាយ ណាង ម្នាក់ផងដែរ៕ ដោយៈ មករាតូច