ភ្នំពេញ ៖គណបក្សប្រជាជនកម្ពុជាចំនួន៣ខណ្ឌ រួមមានខណ្ឌមានជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ នៅថ្ងៃទី១៩ ខែកក្កដានេះបានរៀបចំដង្ហែក្បួន ឃោសនារកសំឡេង ឆ្នោតទ្រង់ទ្រាយធំដោយមានអ្នកចូលរួមប្រមាណជា១ម៉ឺននាក់ ។
ការដង្ហែក្បួនជាទ្រង់ទ្រាយធំរបស់គណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យនាពេលនេះ និងពេលបន្តបន្ទាប់កន្លងមកដឹកនាំដោយ លោក គួច ចំរើន ប្រធានគណៈអចិន្រ្តៃយ៍ គណបក្សប្រជាជនខណ្ឌមានជ័យ ។ ក្បួនដង្ហែនេះ មានរថយន្ត៤៤គ្រឿង ក្នុងនោះ មានរថយន្តតន្រ្តី សម័យចល័ត រួមនឹងម៉ូតូ ១០០០គ្រឿង មានសមាជិក សមាជិកា យុវជនមកជួបជុំគ្នានៅមុខវិមានរដ្ឋសភា ដោយមានសមាជិកចូលរួម ប្រមាណជិត ៣០០០នាក់ម្នាក់ៗ ប្រកបដោយទឹកមុខ សប្បាយរីករាយក្រៃលែង ។
លោក គួច ចំរើន បានឲ្យដឹងថា តាមការគ្រោងទុក ក្នុងការដង្ហែក្បួនឃោសនានេះគឺ មានសមាជិក សមាជិកា និងយុវជន គណបក្សប្រជាជនខណ្ឌមានជ័យ ចូលរួមប្រមាណ ជិត៣ពាន់នាក់ មធ្យោបាយ ម៉ូតូ ១០០០គ្រឿង រថយន្តតូច ធំ ៤៤គ្រឿងអមដោយ រថយន្តតន្រ្តី សម័យអបអរទៀតផង ។ លោកបន្តថា ក្បួនចេញដំណើរពីមុខវិមានរដ្ឋសភា ឆ្ពោះទៅផ្លូវជាតិលេខ៥ បត់ទៅផ្លូវ៥៩៨ ហើយឡើងទៅផ្លូវវត្តសំរោង អណ្តែតឆ្ពោះទៅផ្លូវ ហាណូយ រួចឡើងមកផ្លូវ១៩៨៦ បន្តទៅផ្លូវគីមអ៊ីលស៊ុងឆ្លងមកផ្លូវម៉ៅសេទុង រួចបត់ តាមផ្លូវផ្សារដេប៉ូ ទើបបត់ឡើងមកផ្លូវព្រះ សីហនុមកដល់ស្តុបអតីតពេទ្យចិន បត់ឡើង មកតាមផ្លូវ មុនីវង្ស ឆ្ពោះមកផ្លូវជាតិលេខ២ ទៅដល់រង្វង់មូលព្រះនរាយណ៍ បត់ត្រឡប់ ក្រោយ ឡើងស្ពានអាកាសក្បាលថ្នល់ទៅជួបជុំគ្នា និងពិសាអាហារសាមគ្គី នៅវត្តភ្នំ រួច សម្រាកដល់ ម៉ោង២រសៀលទើបក្បួនបន្តដំណើរឃោសនា រកសំឡេងឆ្នោត នៅក្នុង រាជធានីភ្នំពេញបន្តទៀត។
គេសង្កេតឃើញ នៅតាមដងផ្លូវនីមួយៗ ដែលគណបក្ស ប្រជាជនបានហែឆ្លងកាត់ គឺ មានប្រជាពលរដ្ឋ ទាំងក្មេង ចាស់ រាប់ ម៉ឺននាក់បានចេញមកអបអរសាទរ ជួយស្រែក ជយឃោស និងលើកម្រាមដៃ៤ ខ្លះកាន់ទង់ជាតិ់ ទង់បក្សគ្រវី សាទរ ហើយម្នាក់ៗ ប្រកបដោយ ទឹកមុខស្រស់ស្រាយរីករាយ រួមនឹងការចាក់ចម្រៀងឃោសនាឆ្លើយឆ្លងគ្នា យ៉ាងកងរំពង ទាំងអ្នកហែ ទាំងអ្នកឈរអបអរសាទរតាមដងផ្លូវដោយម្នាក់ៗ រំភើប រីករាយចេញពីក្នុងចិត្ត ។
ប្រធានគណបក្ស ប្រជាជនកម្ពុជា ខណ្ឌមានជ័យ បានបញ្ជាក់ទៀតថាតាមការគ្រោងទុក របស់ ក្រុមការងារបក្ស ក្នុងការដង្ហែ ក្បួនឃោសនា មួយសង្កាត់មានរថយន្ត២ គ្រឿង មានសមាជិក សមាជិកាលើរថយន្ត ២០នាក់ អមដោយម៉ូតូ៧០ គ្រឿងក្នុង មួយគ្រឿង ជិះ២នាក់ផងដែរ ។
លោក គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យក៏បានថ្លែងបញ្ជាក់ផងដែរថា ក្បួនដង្ហែឃោសនា រកសំឡេង ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ តែងតែធ្វើជារៀងរាល់ថ្ងៃគ្រប់ច្រកល្ហកក្នុងមូលដ្ឋាន ពោលគឺក្បួន ឃោសនារកសំឡេងឆ្នោតនេះបានចាប់ផ្តើមតាំងពីថ្ងៃ យុទ្ធនាការឃោសនា ថ្ងៃដំបូងមកម្ល៉េះ ៕
ដោយ៖ សហការី