សៀមរាប៖ ស្ត្រីជនបរទេសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចគយ និងរដ្ឋាករ នៃព្រលានយន្តហោះអន្តរជាតិសៀមរាបសហការជាមួយមន្ត្រីជំនាញធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដែលមានទម្ងន់ប្រមាណ២,៥គីឡូក្រាម ខណៈធ្វើដំណើរចូលប្រទេសកម្ពុជាតាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប។
បើតាមការឲ្យដឹងពីលោក អង សុខិណោ ប្រធានការិយាល័យគយ និងរដ្ឋាករព្រលានយន្តហោះអន្តរជាតិសៀមរាប បានឲ្យដឹងថាជនសង្ស័យជាស្ត្រីជនជាតិឥណ្ឌូនេស៊ី អាយុជាង២០ឆ្នាំបានធ្វើដំណើរពីប្រទេសហ្វីលីពីនចូលក្នុងប្រទេសកម្ពុជាតាមច្រកអន្តរជាតិសៀមរាប នៅវេលាម៉ោង ១០យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣ហើយត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន។
លោកអង សុខិណោ បានបន្តថាដោយសារមានការសង្ស័យសមត្ថកិច្ចគយបានត្រួតពិនិត្យអីវ៉ាន់និងម៉ាញ៉េចាស់មួយគ្រឿង រកឃើញមានគ្រឿងញៀនចំនួន២.៤៩០គីឡូក្រាម លាក់ទុកក្នុងម៉ាញ៉េចាស់នោះ។សមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅឲ្យជំនាញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ អង្គរសំរិទ្ធ