ភ្នំពេញ៖ បន្ទាប់ពីមានការផ្លាស់ប្តូរមន្ត្រីគយ ឬមេគយតាមបណ្តាខេត្តមួយចំនួន និង ការផ្លាស់ប្តូរតំណែង មេគយចល័តដាក់លោក កើត សុធារ៉ា ជាមេ គយចល័តជំនួសលោក កែវ សុខឃាង មកគេនៅតែឃើញវត្តមានមេ គយប្រចាំច្រកត្រពាំងផ្លុង ដែលគេ និយាយថា ជាមេគយដុះស្លែឈ្មោះ វ៉ូ វណ្ណា ជាដដែល គឺពុំមានការផ្លាស់ប្តូរទេ។
ប្រភពពីក្រុមឈ្មួញរកស៊ីដឹកទំនិញ តាម ច្រកត្រពាំងផ្លុង ភាគច្រើនសុទ្ធតែបានស្គាល់ថា លោក វ៉ូ វណ្ណា ជាប្រធាន ការិយាល័យគយ និងរដ្ឋាករប្រចាំច្រកអន្តរជាតិត្រពាំងផ្លុង ស្រុកពញា ក្រែក ខេត្តកំពង់ចាម ស្ទើរគ្រប់ៗគ្នា។ លោកនេះ បានកាន់តំណែងឡើងដុះស្លែ បើទោះបីជាធ្លាប់ មានរឿងអាស្រូវ បើកឱ្យឈ្មួញនាំកាកសំណល់អេឡិចត្រូនិក ពីប្រទេសវៀតណាមដោយខុសច្បាប់ក៏ដោយ ។
អគ្គនាយក គយនិងរដ្ឋាករ ធ្លាប់បានដាក់ចេញនូវ គោលការណ៍ប្តូរវេនសម្រាប់មន្ត្រីគយ ប្រចាំការតាមប៉ុស្តិ៍ និងច្រកអន្តរជាតិ នានា ដែលមិនឱ្យលើសពី២អាណត្តិ នោះទេ ត្រូវចាប់ឆ្នោតផ្លាស់វេន ប៉ុន្តែ សម្រាប់លោកវ៉ូ វណ្ណា នៅតែមាន ឱកាសកាន់តំណែងជាមេគយ ប្រចាំ ច្រកត្រពាំងផ្លុងទីដែលមានការដឹក ជញ្ជូនទំនិញគេចពន្ធ មកពីវៀតណាមយ៉ាងអនាធិបតេយ្យនិងការនាំចេញ ឈើខុសច្បាប់យ៉ាងគគ្រឹកគគ្រេង រាប់ ទសវត្សរ៍មកហើយ ដែលភាសាសាមញ្ញគេអាចនិយាយថា បានលោកវ៉ូ វណ្ណា បានធ្វើប្លង់រឹងកាន់កាប់តំណែង ជាមេគយច្រកត្រពាំងផ្លុង គ្មាននរណាអាចមក ដណ្តើមបានឡើយ ។ លោក វ៉ូ វណ្ណាបានជួយសម្របសម្រួល ឱ្យក្រុមឈ្មួញ ទាំងតូចទាំងធំ នាំចូលទំនិញគ្រប់ប្រ ភេទមកពីប្រទេសវៀតណាមតាមតែអំពើចិត្ត មិនដែលខ្វល់ខ្វាយ ពីការខាតបង់ចំណូលថវិកាជាតិនោះទេ ។
ជាក់ស្តែង គឺការឃុបឃិត នាំចូលទំនិញកាកសំ ណល់នាពេលកន្លងមក ។ក្រុមឈ្មួញបានអនុវត្តន៍ តាមសេចក្តីណែនាំ ឬ នីតិវិធី នៃការបង់លុយ តាមការតម្រូវរបស់លោក វ៉ូ វណ្ណា ហើយជាធម្មតា ច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុង មានសភាពស្ងប់ស្ងាត់ នៅពេលថ្ងៃ គឺមាន តែប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ព្រំដែនហើយក៏មានការនាំទំនិញតាម ម៉ូតូ ឬដឹកតាមរទេះបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែនៅពេលព្រះអាទិត្យ ចាប់ផ្តើម លិចផុតម៉ោងរដ្ឋបាល គេសង្កេតឃើញរថយន្តយីឌុបទាំងខ្សែៗ របស់ឈ្មួញ ទាំងតូចទាំងធំ ធ្វើដំណើរឆ្លងកាត់ព្រំដែនត្រពាំងផ្លុង យ៉ាងសុខស្រួល គ្មាន ការត្រួតពិនិត្យនោះទេ ។
គេនិយាយថា លោកវ៉ូ វណ្ណា បានចាត់តាំងមនុស្សជំនិតៗ របស់ខ្លួន ឱ្យកាន់ការងារផ្នែកត្រួតពិនិត្យទំនិញ និងការបំពេញឯកសារ សម្រាប់បង់ពន្ធ ដែលមុនពេលមានការរឹតបន្តឹងគ្រឿង សំណង់គ្រឿងអេឡិចត្រូនិក ថ្នាំពេទ្យ គ្រឿងចាប់ហួយនិងប្រភេទទំនិញ វិនិយោគ ដែលពន្ធអាករជាបន្ទុករបស់ រដ្ឋត្រូវបាននាំចូលយ៉ាងអនាធិបតេយ្យ ដែលប្រភេទទំនិញខ្លះ បង់ពន្ធមិនដល់១៥ភាគរយផងទេ ។ ដើម្បីងាយស្រួល គ្រប់គ្រងចំណូលលោក វ៉ូ វណ្ណា ក៏បានចាត់តាំងមន្ត្រី ឱ្យចុះទៅកាន់បារ៉ាស់ ឈរជើង ជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍របស់លោក កើត ដារ៉ាស៊ី ចាំកោសរូស បង្ខំឱ្យប្រជាពលរដ្ឋបង់ លុយសម្រាប់ការឆ្លងដែនទៅកាន់ប្រទេសវៀតណាម ឬការទិញទំនិញបន្តិចបន្តួចដាក់តាមខ្លួនចូលមកក្នុងប្រទេសកម្ពុជាវិញ ដោយគ្មានការយោគយល់អ្វីឡើយ ។
ប្រភពពីក្រុមឈ្មួញ បានបន្តថាដោយ ឡែកការនាំចេញឈើខុសច្បាប់ តាមច្រករបៀងក្បែរនោះ ក៏ស្ថិតក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់លោក វ៉ូ វណ្ណាកំពុងដំណើរការដោយសុខស្រួល ក៏ ព្រោះតែលោក វ៉ូ វណ្ណា គឺជាអ្នកបោះមេប្រចាំច្រកព្រំដែនត្រពាំងផ្លុង ។
មន្ត្រីគយផ្សេងទៀត ចង់ឃើញអគ្គនាយក គយនិងរដ្ឋាករលោក ប៉ែន ស៊ីម៉ន ពិសេសលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីថ្មី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើការ ផ្លាស់ប្តូរតំណែងលោក វ៉ូ វណ្ណា ចេញពីច្រកព្រំដែនត្រពាំងផ្លុង ហើយដាក់ ជំនួស ដោយមន្ត្រីគយ ដែលស្អាតស្អំទើបគេសង្ឃឹមទុកចិត្តថា អាចនឹងជួយ ឱ្យមានកំណើនចំណូលដល់ថវិកាជាតិ ទៅតាមការរឹតបន្តឹងរបស់រដ្ឋាភិបាលបាន៕