ភ្នំពេញ៖ សេចក្តីរាយការណ៍ ពីក្រុមអាជីវករ រកស៊ីដឹកដំឡូងទៅលក់នៅប្រទេសវៀតណាម ប្រាប់ឲ្យដឹងថារបររកស៊ីរបស់ពួកគាត់សព្វថ្ងៃមិនសូវចំណេញនោះទេ ព្រោះត្រូវចំណាយបង់លុយជូនក្រុមជញ្ជីងចល័ត របស់មន្ទីរសាធារណការខេត្ត ដែលដឹកនាំ ដោយលោក ខឹម រមណី និងសមត្ថកិច្ច ច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ រួមមាននគរបាល អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ, សាខាកាំកុងត្រូលខេត្ត, សាខាគយ, និងរដ្ឋាករខេត្ត និងប្រធានស្នាក់ការច្រកទ្វារអន្តរជាតិ។
យ៉ាងហោចណាស់ ក្នុង១ថ្ងៃៗ រថយន្តយីឌុប ដឹកដំឡូង ពី៥០ទៅ៧០គ្រឿងសម្រុកទៅប្រទេស វៀតណាម ហើយក៏ជាឱកាស ត្រូវប៉ាន់របស់ក្រុមជញ្ជីង ចល័តមន្ទីរសារធារណការ ខេត្តរតនគិរី និងសមត្ថកិច្ច ប្រចាំការច្រកទ្វារអន្តរជាតិអូរយ៉ាដាវផងដែរ។ ក្នុងរថយន្តយីឌុប (ភ្លៅ៥)មួយគ្រឿងត្រូវបង់ជូនក្រុមជញ្ជីង១០ ម៉ឺនរៀល និងក្រុមសមត្ថកិច្ច ច្រកទ្វារអន្តរជាតិត្រូវបង់១០ទៅ២២ម៉ឺនរៀល ទៅតាមប្រភេទរថយន្តធុន តូចឬធំ។បើទោះបីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការហាមមិនឲ្យក្រុមសមត្ថកិច្ចយកលុយពីថ្លៃដឹកកសិផល របស់ប្រជាពលរដ្ឋទៅលក់នៅប្រទេសជិតខាងយ៉ាងណាក៏ដោយ ក៏ក្រុមសមត្ថកិច្ចទាំងនោះ មិនស្តាប់ដែរ គឺគេនៅ តែរំលោភបំពានអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលហាក់បីដូចជា ចង់បន្សាឥទិ្ធពលរបស់ប្រមុខរាជរដ្ឋាភិបាលអីចឹង៕