ថ្វីបើថ្មីៗនេះ សមរង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានលើកលែងទោស ដោយ ព្រះករុណាព្រះមហាក្សត្រ តាមសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ពិតមែន តែនៅពេលដែលសមរង្ស៊ីត្រឡប់ចូលមកស្រុក វិញ គឺសមរង្ស៊ី មានសិទ្ធិធ្វើនយោបាយ ដោយសេរី តែអ្វីដែលមហាជនទាំងឡាយ មានការងឿងឆ្ងល់នោះ គឺថា តើសមរង្ស៊ី អាចឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត នៅក្នុងបញ្ជីបេក្ខជនរបស់ គណបក្សសង្រ្គោះ ជាតិបានដែរ ឬទេ?
បើតាមច្បាប់ ស្តីពីការបោះឆ្នោត មិនអនុញ្ញាតឲ្យសមរង្ស៊ី ឈរឈ្មោះជាបេក្ខជនបានទេ ព្រោះសូម្បីតែសិទ្ធិ បោះឆ្នោត ក៏គាត់ត្រូវបាត់បង់ដែរ។ ដូច្នេះឧបមាថា គណបក្ស សង្រ្គោះជាតិឈ្នះឆ្នោត កុំថាឡើយសមរង្ស៊ីបាន ឡើងធ្វើជានាយករដ្ឋមន្រ្តី ទោះបីត្រឹម ធ្វើតំណាងរាស្រ្ត ក៏មិនអាចធ្វើបានផង លើកលែងតែមានការធ្វើវិសោធន កម្ម រដ្ឋធម្មនុញ្ញពីបញ្ហានេះជាមុនសិន។ ប៉ុន្តែប្រសិនបើមានការសម្របសម្រួល នយោបាយ ណាមួយនោះ ដើម្បី ឲ្យសមរង្ស៊ីបានឈរឈ្មោះជាបេក្ខជន ឲ្យបានមុនថ្ងៃបោះឆ្នោត២៨ ខែកក្កដា ខាងមុខដ៏ខ្លីនេះ វាប្រាកដជារឿង មួយ ដែលមានភាពស្មុគស្មាញបំផុត ព្រោះបញ្ជីបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន ផ្តល់ សុពលភាពហើយនោះ មិនអាចកែប្រែបានជាដាច់ខាត។
ទន្ទឹមនឹងនេះ ក៏មានអ្នកច្បាប់ខ្លះ មិនហ៊ានធ្វើការបកស្រាយច្បាប់បោះឆ្នោតទេ ប៉ុន្តែគេ សង្ឃឹមថា នឹងមានការ សម្របសម្រួលមួយដើម្បីឲ្យសមរង្ស៊ី បានចូលរួមឈរឈ្មោះ ជាបេក្ខជន ក្នុងបញ្ជីឈ្មោះរបស់គណបក្សសង្រ្គោះ ជាតិជាមិនខាន។
ឯ សមរង្ស៊ី វិញ នៅពេលបានវិលត្រឡប់ចូលស្រុកវិញ ក៏មានសង្ឃឹមថា នឹងស្វែងរក វិធីណាមួយដើម្បីបានចូល រួមក្នុងការបោះឆ្នោតនេះដែរ។
ប្រសិនបើ សមរង្ស៊ី ចូលមកស្រុកវិញហើយ បែរជាមិនបានចូលរួមក្នុងការបោះឆ្នោតទេ នោះ គឺគ្រាន់តែចូល មកស្រុកវិញ ឈរមើលការបោះឆ្នោតប៉ុណ្ណោះ តើការលើក លែងទោសនោះ មានន័យអ្វីដែរ ហើយសួរថា តើការ បោះឆ្នោតនោះ ប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវនិងយុត្តិធម៌ដែរឬទេ?
ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិ ក៏បានស្វាគមន៍ ចំពោះការលើកលែង ទោសរបស់សមរង្ស៊ីដែរ ហើយបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យសមរង្ស៊ីបានចូលរួមក្នុងការបោះឆ្នោត ដោយសេរីនិងពេញលេញទៀតផង។
ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏រយៈពេលនៃការបោះឆ្នោតនៅសល់តែមួយសប្តាហ៍ ទៀតប៉ុណ្ណោះ នឹងចូលមក ដល់ហើយ ដូច្នេះបើមានការសម្របសម្រួលណាមួយ ដើម្បីឲ្យ សមរង្ស៊ី បានឈរឈ្មោះជាបេក្ខជនដែរនោះ តើត្រូវធ្វើតាមនីតិវិធីណា? ឧបមាថា សមរង្ស៊ីត្រូវឈរឈ្មោះនៅលំដាប់លេខរៀងទី១ នៅខេត្តកណ្តាល តើ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការផ្លាស់ប្តូរបញ្ជីឈ្មោះបេក្ខជន របស់គណបក្សសង្រ្គោះជាតិ សំរាប់មណ្ឌលខេត្តកណ្តាលសាជាថ្មីឬយ៉ាងណា? ហើយសមរង្ស៊ី ត្រូវមានឈ្មោះបោះឆ្នោតឡើងវិញដែរឬទេ?
ម្យ៉ាងទៀត ប្រសិនបើមានការលើកលែងទោសពីព្រះមហាក្សត្រ និងបាន វិល ត្រឡប់ចូលស្រុកវិញហើយ បែរ ជាសមរង្ស៊ី នៅតែមិនបានបោះឆ្នោត និងឈរ ឈ្មោះជាបេក្ខជនទេនោះ ប្រាកដជាសាធារណមតិជាតិនិងអន្តរ ជាតិមួយចំនួន នឹងធ្វើការរិះគន់ថា ការបោះឆ្នោតនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ មិនមាន លក្ខណៈប្រជាធិប តេយ្យ ត្រឹមត្រូវ និងយុត្តិធម៌ទេ។
តែបើមានការអនុញ្ញាតឲ្យសមរង្ស៊ី បានបោះឆ្នោតនិងឈរឈ្មោះជាបេក្ខជនជាលក្ខណៈ ឆៅៗ ដោយមិនរកនីតិ វិធីសមស្របណាមួយនោះ វាក៏ជារឿងមួយគួរឲ្យអាម៉ាស់ សំរាប់ច្បាប់របស់ជាតិយើងដែរ។ ទោះបីមានការសម្របសម្រួលនយោបាយណាមួយ ក៏ដោយ ក៏ករណីអនុញ្ញាតឲ្យសមរង្ស៊ីឈរឈ្មោះ ត្រូវតែធ្វើតាមនីតិវិធីឲ្យបានត្រឹម ត្រូវដែរ។ ប៉ុន្តែរយៈពេលនៃការបោះឆ្នោតកាន់តែខ្លីណាស់ទៅហើយ វាអាចជារឿង ប្រផុតប្រផើយមួយ៕
ដោយ៖ ម៉ារីណា