ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» កីឡា » កីឡាករ​៦​នាក់​ដណ្តើម​៣​ពិន្ទុ​នៅ​សង្វៀន​ខេត្ត​សៀមរាប

កីឡាករ​៦​នាក់​ដណ្តើម​៣​ពិន្ទុ​នៅ​សង្វៀន​ខេត្ត​សៀមរាប

ភ្នំពេញៈ អ្នក​ប្រដាល់​ទម្ងន់​៦៣,៥​គីឡូក្រាម​ចំនួន​៦​នាក់ មាន រិន មុន្នី នេន វណ្ណា កន ចន្ថា សុខ ចិន្តា ពេជ្រ ប៊ុនសេន និង ឡៅ ផានាថ នឹង​ត្រូវ​ធ្វើការ​ប្រកួតប្រជែង​ដណ្តើម​៣​ពិន្ទុ ក្នុង​ការ​ប្រកួត​វិលជុំ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ Ganz Berg នៅ​លើ​សង្វៀន​ស៊ីធីអិន​ខេត្ត​សៀមរាប នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ។

ការ​ប្រកួត​វិលជុំ​២​សប្តាហ៍​កន្លង​មក រិន មុន្នី នេន វណ្ណា និង ធី តុងហ៊ី បាន​ទទួល​ជ័យជម្នះ​រៀង​ៗ​ខ្លួន ដើម្បី​ឈ្នះ​បាន​៣​ពិន្ទុ​នា​ការ​ប្រកួត​លើក​ទី​១​របស់​ពួកគេ ដោយ​ក្នុង​នោះ រិន មុន្នី បាន​យក​ឈ្នះ​ពិន្ទុ ពេជ្រ ប៊ុនសេន រីឯ នេន វណ្ណា ឈ្នះ​ពិន្ទុ ឡៅ ផានាថ ហើយ​កីឡាករ ធី តុងហ៊ី ត្រូវ​បាន​ប្រកាស​ឲ្យ​ឈ្នះ​នៅ​ទឹក​ទី​៥ ខណៈ​គូ​ប្រកួត​របស់​ខ្លួន មាស សុជាតិ បាន​ភ្លាត់​ដៃ មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន។

ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​៣ នៅ​ថ្ងៃ​ពុធ​នេះ សិស្ស​គណក្លិប​ឃ្លាំងមឿង​កីឡា សុខ ចិន្តា ត្រូវ​ប្រកួត​ជាមួយ កន ចន្ថា របស់​ក្លិប​អាជ្ញាធរ​ជាតិ​អាវុធ​គីមី រីឯ​ជើង​ខ្លាំង​ចាស់​វស្សា រិន មុន្នី មកពី​ក្លិប​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ត្រូវ​ប្រឈម​ជាមួយ នេន វណ្ណា ក្លិប​កងពល​ធំ​អន្តរាគមន៍​លេខ​៣ ខណៈអ្នក​ចាញ់ ពេជ្រ ប៊ុនសេន ក្លិប​ខេមរិន្ទ​មានរិទ្ធ ត្រូវ​វិល​ទៅ​ជួប​អ្នក​ចាញ់​ដូច​គ្នា​គឺ​កីឡាករ ឡៅ ផានាថ មកពី​ក្លិប​រស្មី​កុមារ​កំព្រា។

គួរ​បញ្ជាក់​ថា សុខ ចិន្តា និង កន ចន្ថា ត្រូវ​បាន​កំណត់​ឲ្យ​ប្រកួត​តាំង​ពី​ថ្ងៃ​ពុធ សប្តាហ៍​មុន​មក​ម្ល៉េះ ប៉ុន្តែ​ដោយសារ​របួស​នៅ​លើ​ផ្ទៃ​មុខ សុខ ចិន្តា ដែល​ត្រូវ​បាន​កីឡាករ​បរទេស​វាយ​ឲ្យ​បែក​នា​ការ​ប្រកួត​កំពូល​អ្នក​ប្រយុទ្ធ​អន្តរជាតិ លើ​សង្វៀន​ស៊ីធីអិន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា​នោះ មិន​ទាន់​ជាសេះស្បើយ​ទើប​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​នេះ បាន​លើក​ការ​ប្រកួត​របស់​អ្នក​ទាំង​២ មក​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ​វិញ ហើយ​មុខ​របួស​របស់​កីឡាករ សុខ ចិន្តា នៅ​ពេល​នេះ​ក៏​បាន​ជាសះស្បើយ​ហើយ​ដែរ។

ទាក់ទង​ទៅ​នឹង​ការ​ប្រកួត​នេះ កន ចន្ថា បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា​៖​«ខ្ញុំ​ធ្លាប់​បាន​យក​ឈ្នះ​គេ​ម្តង​ហើយ សម្រាប់​ការ​ជួប​គ្នា កាល​ពី​ដើម​ឆ្នាំ​២០១៣​កន្លង​មក​នេះ ហើយ​ផ្អែក​លើ​បទពិសោធ​នៃ​ការ​ប្រកួត​លើក​នេះ ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​មាន​ប្រៀប​លើ សុខ ចិន្តា​ផ្នែក​ជង្គង់ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​ការ​ខ្លាចរអា​ទៅ​លើ​ទម្ងន់​ដៃ​ដ៏​ធ្ងន់​របស់​គេ​ផង​ដែរ។​ទោះ​បី​ជា​យ៉ាង​ណា ការ​ខិតខំ​ហ្វឹកហាត់​យ៉ាង​ពេញទំហឹង និង​បទពិសោធ​ប្រកួត​កន្លង​មក នឹង​ជួយ​ឲ្យ​ឈ្នះ​គេ​ម្តង​ទៀត ក្រោម​ទំនុក​ចិត្ត ៧០​ភាគរយ»។

ដោយ​ឡែក​កីឡាករ រិន មុន្នី ដែល​មាន​បទពិសោធ​ប្រកួត​ចាស់វស្សា​ជាង​គេ នៅ​ក្នុង​ចំណោម​កីឡាករ​ទាំង​៨​នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នេះ កំពុង​តែ​មាន​ការ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន ដើម្បី​ដណ្តើម​យក​៣​ពិន្ទុ​ជាមួយ នេន វណ្ណា ដែល​ខ្លួន​ធ្លាប់​វាយ​ឲ្យ​រាប់​នៅ​ក្នុង​ទឹក​ទី​៣ មុន​ពេល​ចៅក្រម​ទាំង​៥​រូប បាន​សម្រេច​ឲ្យ​រូប​គេ​ឈ្នះ​ពិន្ទុ នេន វណ្ណា ជា​ឯកច្ឆន្ទ នា​ជំនួប​មិត្តភាព កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា ឆ្នាំ​២០១៣ កន្លង​មក​នេះ។

រិន មុន្នី បាន​ប្រាប់​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​៖​«ខ្ញុំ​បាន​ប្រឹងប្រែង​ហ្វឹកហាត់​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​ខ្ញុំ​អាច​នឹង​ជួប​ការ​ពិបាក​ដកដង្ហើម ដោយសារ​នៅ​ពេល​នេះ​ខ្ញុំ​កើត​ជំងឺ​គ្រុនផ្តាសាយ។ តែ​ទោះ​បី​ជា​យ៉ាង​ណា ខ្ញុំ​នៅ​តែ​សង្ឃឹម​ឈ្នះ​៧០​ភាគរយ​ព្រោះ​តាម​ការ​សង្កេត​របស់​ខ្ញុំ​និង​ការ​ជួប​គ្នា​ម្តង នា​ពេល​កន្លង​មក​បង្ហាញ​ឲ្យ​ឃើញ​ថា ទម្ងន់​ជើង​និង​ដៃ​របស់ នេន វណ្ណា មាន​លក្ខណៈ​ស្រាល​ជាង​ខ្ញុំ រីឯ​ការ​វាយ​ចេញ​របស់​គេ​ក៏​មាន​ល្បឿន​យឺត​ជាង​ខ្ញុំ​ដែរ ហេតុ​នេះ​ខ្ញុំ​ជឿ​ថា ខ្ញុំ​នឹង​ឈ្នះ​៣​ពិន្ទុ​បន្ថែម​ក្នុង​ការ​ប្រកួត​នេះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya