ពោធិសាត់៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ប្រជាពលរដ្ឋមកពីភូមិកណ្តាល ភូមិចាមចាស់ ភូមិទួលត្បែង ភូមិកាប៉ាស់ និងភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ប្រមាណ៤៥នាក់ បាននាំគ្នាធ្វើដំណើរមកកាន់សាលាដំបូងខេត្តពោធិសាត់ ក្នុងដៃមានកាន់បដា បង្ហាញពីការគាំទ្រចំណាត់ការរបស់តុលាការ និងសមត្ថកិច្ច ហើយសូមអោយតុលាការផ្តល់យុត្តិធម៌ជូនពួកគាត់ ដោយសុំអោយផ្តន្ទារទោសអោយមានកម្រិតអតិបរិមាដល់ បុគ្គល ហ៊ិន សាម៉ុន ភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ៩ ប្រចាំខេត្តពោធិសាត់ ។ ប្រជាពលរដ្ឋទាំងនោះបានអះអាងថាកន្លងមកលោក ហ៊ិន សាម៉ុន ភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ៩ បានធ្វើសកម្មភាពជំរិតទារប្រាក់ពីពួកគាត់មិនលើកលែង សូម្បីតែពួកគាត់ដឹកក្តារ២បន្ទះ និងឈើបន្តិចបន្តួច យកទៅប្រើប្រាស់ក្នុងផ្ទះ ដឹកបង្គោលរបង ដឹកធ្យូង និងអុស យកទៅប្រើប្រាស់និងលក់គ្រាន់ចិញ្ចឹមជីវិត១ថ្ងៃរួច១ថ្ងៃប៉ុណ្ណោះក៍ លោក ហ៊ិន សាម៉ុន ទារលុយអ្នកខ្លះ៣ម៉ឺន ខ្លះទៀត៥ម៉ឺន រហូតដល់១០ម៉ឺនរៀល បើប្រជាពលរដ្ឋគ្មានលុយគឺគាត់បានបង្គាប់ អោយដើរខ្ចីលុយគេពេញភូមិ ហើយបើខ្ចីមិនបានឃើញមានប្រេងសាំងនៅលើគោយន្តកន្ត្រៃ ឬរទេះគោដែលប្រជាពលរដ្ឋទុកប្រើប្រាស់ចាក់ម៉ូតូ៣ទៅ៥លីត្រ ប៉ុណ្ណោះក៍គាត់យកដែរ ។
សេចក្តីរាយការណ៍ពីខេត្តពោធិសាត់ បានអោយដឹងថាប្រជាពលរដ្ឋបានធ្វើការគាំទ្រដល់សមត្ថកិច្ចកាន់តែច្រើនឡើងចាប់តាំងពីក្រោយថ្ងៃចាប់ឃាត់ខ្លួនរួចមក ។ ការគាំទ្ររបស់ប្រជាពលរដ្ឋគឺជាបន្ទុកបន្ថែមមិនអោយតុលាការខេត្តពោធិសាត់ធ្វើការដោះលែងបុគ្គល ហ៊ិន សាម៉ុន ជាក់ស្តែងកន្លងទៅប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋ ភូមិបឹងស្មុក ១២៦នាក់ ភូមិត្រពាំងឈ្នួល ១៣២នាក់ និងភូមិកំរែង១០០នាក់សរុប៣៥៨នាក់ ក្នុងឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ បានគាំទ្រសមត្ថកិច្ចនិងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិសាត់ ដោយនាំគ្នាផ្តិតមេដៃផ្ញើរទៅកាន់អាជ្ញាធរខេត្ត និងសមត្ថកិច្ចកងរាជអាវុធហត្ថ និងសាលាដំបូងខេត្តពោធិសាត់ផងដែរ ដោយពួកគាត់សំដែងការគាំទ្រការចាប់ខ្លួនបុគ្គលឈ្មោះ ហ៊ិន សាម៉ុន ជាអ្នកយកពត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៩ប្រចាំខេត្តពោធិសាត់ ការគាំទ្រនេះបានធ្វើឡើងក្រោយសមត្ថកិច្ចកងរាជអាវុធហត្ថ ឃាត់ខ្លួនលោក ហ៊ិន សាម៉ុន ភ្នាក់ងារយកពត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៩ ពីបទកំហែងយក រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិសាត់ភ្លាមៗ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ នៅភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិសាត់ ។ បើយោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា លោក ហ៊ិន សាម៉ុន ភ្នាក់ងារយកពត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៩ បានទូរស័ព្ទគំរាម ទារប្រាក់ពីឈ្មួញឈើក្នុងតំលៃ១ពាន់ដុល្លា ប៉ុន្តែចរចារគ្នាដោយអោយ៥រយដុល្លា តាមរយៈប្រពន្ធរបស់ឈ្មួញឈើ ប៉ុន្តែនៅតែទទូចទារលុយ២រយដុល្លាទៀតទើបមានការចាប់ខ្លួននៅហ្នឹងកន្លែងតែម្តង ប៉ុន្តែសមត្ថកិច្ចផ្សេងទៀតបានអះអាងថា ការចាប់ខ្លួនបុគ្គល ហ៊ិន សាម៉ុន គឺដោយសារតែបុគ្គលរូបនេះបានជម្រិត និងកំហែងទារប្រាក់ ពីប្រជាពលរដ្ឋនៅក្នុងឃុំឈើតុំ ជាពិសេស យោធិនចូលនិវត្តន៍ទើប្រជាពលរដ្ឋ៨០គ្រួសារបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងខេត្តពោធិសាត់ ធ្វើការចាប់ខ្លួនតែម្តង ។ បើតាមការអះអាងពីប្រជាពលរដ្ឋ នៅក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ បានអោយដឹងថា បុគ្គល ហ៊ិន សាម៉ុន អ្នកយកពត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៩ តែងតែបើករថយន្តរបស់ខ្លួនដេញប្រមាញ់ចាប់សូម្បីតែគោយន្ត ឬរទេះដឹកអុសរបស់ប្រជាពលរដ្ឋ ក៍ចេះទារយកលុយក្នុង១រទេះ២ម៉ឺនរៀលផងដែរ ហើយរូបគេតាំងខ្លួនជាអ្នកសារពត៌មានផង និង ជាសមត្ថកិច្ចផង ដោយយកឈ្មោះឧត្តមសេនីយ៍ ផ្កាយ២ ហ៊ុន សារ៉េត មកអះអាងដើម្បីលាភសក្ការៈផងដែរ ។ ដោយឡែកប្រជាពលលរដ្ឋ ជាង៣០០គ្រួសារមកពីឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ ក៍បានអះអាងដូចគ្នានេះផងដែរថារាល់ពួកគាត់ដឹកជញ្ជូនឈើបន្តិចបន្តួចតាមរទេះដើម្បីយកទៅជួសជុល និង សាងសង់លំនៅដ្ឋាន ប៉ុន្តែត្រូវបុគ្គល ហ៊ិន សាម៉ុន ចាប់ជម្រិតទារប្រាក់ ស្ទើរតែគ្រប់ពេល ដែលពួកគាត់បានដឹកឈើ ក៍ដូចជាដឹកអុសចេញពីក្នុងព្រៃ ទង្វើបែបនេះគឺបានធ្វើអោយប៉ះពាល់ដល់អ្នកសារពត៌មានផ្សេងទៀត ដែលគេស្អាតស្អំប្រកបដោយវិជ្ជាជីវៈខ្ពស់ដូច្នេះទើបពួកគាត់នាំគ្នាផ្តិតមេដៃគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរ ក៍ដូចជាសមត្ថកិច្ចរួមទាំងព្រះរាជអាជ្ញាខេត្តពោធិសាត់ ។ ដើម្បីជាការព្រមានកុំអោយមានបុគ្គលផ្សេង ទៀតធ្វើព្យុះភ្លៀងនៅក្នុងភូមិឃុំរបស់ពួកគាត់ដែលជាគំរូអាក្រក់ធ្វើអោយប៉ះពាល់ដល់ស្ថាប័នពត៌មានផ្សេងៗទៀតក្នុងស្រុកផងដែរ ។ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលអ្នកយកពត៌មានយើងទទួលបានចុងក្រោយលឺថា ប្រជាពលរដ្ឋនៅក្នុងស្រុកភ្នំក្រវ៉ាញ ប្រមាណជាង៧រយនាក់ និងប្រជាពលរដ្ឋ៩០នាក់ទៀត នៅក្នុងឃុំក្បាលត្រាច ស្រុកក្រគរខេត្តពោធិសាត់កំពុងតែនាំគ្នាផ្តិតមេដៃគាំទ្រដល់សមត្ថកិច្ច ក្នុងការចាប់ឃាត់ខ្លួន លោក ហ៊ិន សាម៉ុន ផងដែរ ៕ គិរី ពេជ្រ