ក្រចេះ៖យ៉ាងហោចណាស់មានបុរសពីរនាក់ម្នាក់ជាអ្នកបើកបរបានស្លាប់នៅនិងកន្លែង និងម្នាក់ទៀតជាព្រូរថយន្តបានរងរបួសធ្ងន់ក្នុងហេតុការណ៍ក្រឡាប់រថយន្តលុចស៊ីសដឹកឈើប្រណីតដែលគេស្គាល់ថាជារបស់កូនប្រុសលោកឧត្តមសេនីយ៍ត្រី កែវ ជា មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ កាលពីយប់ថ្ងៃទី២៣ ខែមេសា នៅលើផ្លូវជាតិលេខ៧ ចំណុចភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
នគរបាលស្រុកស្នួលបានឲ្យដឹងថា ក្នុងឧបទ្ទវហេតុក្រឡាប់រថយន្តលុចស៊ីស RX300 ពណ៍ស្ករគ្មាន ស្លាកលេខ ធ្លាយចេញឈើប្រណិតធ្នង់មានចំនួនជិតមួយម៉ែត្រគូបបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសនេះ គឺត្រូវគេសន្និដ្ឋានថាបណ្តាលមកពី រថយន្តមួយគ្រឿងនេះបើកបរក្នុងល្បឿនលឿនជ្រុល ហើយក៏រេចង្កូតទៅបុកនិងតូបលក់សាំងរបស់អ្នកភូមិ នៅម្តុំនោះ ក្រឡាប់ជាច្រើនជុំបង្កឲ្យមានមនុស្សស្លាប់និងរបួសជាទម្ងន់។
ជនរងគ្រោះទាំងពីនាក់ត្រូវគេស្គាល់ថា ជាបងប្អូនបង្កើតមានម្នាក់ឈ្មោះហ៊ុប ទូច ហៅស្រស់ អាយុ៤៥ឆ្នាំ ជាអ្នកបើកបរបានស្លាប់នៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ ហ៊ុប ម៉ារ៉ាឌី អាយុ៣២ឆ្នាំ រងរបួសធ្ងន់ ជនរងគ្រោះទាំងពីរមានទីលំនៅក្នុងភូមិជ្រោយអំពិលទី១ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីយប់កើតហេតុរថយន្តបង្ក ហេតុមួយគ្រឿងនេះ មានផ្ទុកឈើប្រណីតធ្នង់ជាច្រើនកំណាត់បានបើកបរក្នុងល្បឿនលឿនពីលិចកើតមក ពីខេត្តក្រចេះ មកស្រុកស្នួល លុះដល់ចំនុចកើតហេតុបានរេ ចង្កូតធ្លាក់ទៅចំហៀងផ្លូវបណ្តាលឲ្យជ្រុល ទៅបុកតូបលក់សាំងរបស់អ្នកស្រុកនៅក្បែរនោះ និងបានក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យមានបុរសម្នាក់ត្រូវស្លាប់កៀបជាប់ក្នុងរថយន្តជាមួយនិងឈើ និងម្នាក់ទៀតរងរបួសធ្ងន់។
ប្រភពច្បាស់ការបានឲ្យដឹងថា រថយន្តនិងឈើប្រណិតទាំងនេះជាកម្មសិទ្ឋ របស់មេឈ្មួញឈ្មោះធី ជាមន្ត្រីអាវុធហត្ថ និងជាកូនប្រុសលោកឧត្តមសេនីយ៍ត្រី កែវ ជា មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ហើយឈើប្រណីតទាំងនេះ ត្រូវបានកូនប្រុសលោក មេបញ្ជាការអាវុធហត្ថខេត្ត ដឹកចេញពីតំបន់ផ្សេងៗក្នុងខេត្តក្រចេះ ឆ្ពោះទៅស្រុកស្នួល និងបន្តយកទៅលក់នៅប្រទេសវៀតណាម។
ប្រភពបានបន្តថាសព្វថ្ងៃនេះ កូនប្រុសរបស់មេបញ្ជាការអាវុធហត្ថខេត្ត ឈ្មោះធី កំពង់ធ្វើសកម្មភាពរកស៊ីដឹកជញ្ជូនឈើប្រណីតដ៏អានាធិបតេយ្យពេញខេត្តក្រចេះ ដោយមិនមានការបង្ក្រាបពីកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ដោយមន្ត្រីរដ្ឋបាលព្រៃឈើអះអាងថា ពួកគេគ្មានលទ្ឋិភាពក្នុងការចាប់បង្ក្រាបរថយន្តដឹកឈើរបស់កូនប្រុសលោកមេបញ្ជាការអាវុធហត្ថខេត្តនោះទេ។ ហើយគេបាននិយាយទៀតថា សព្វថ្ងៃនេះ កូនប្រុសលោកមេបញ្ជាការអាវុធហត្ថខេត្តឈ្មោះធី បានប្រើប្រាស់រថយន្តប្រភេទលុចស៊ីស R.X 300 បីទៅបួនគ្រឿង សំរាប់ធ្វើការដឹកជញ្ជូនឈើប្រណិតខុសច្បាប់ទាំងយប់ថ្ងៃតាមផ្លូវជាតិ៧ បន្តចូលទៅស្រុកស្នួល។
ពាក់ព័ន្ធនឹងការចោទប្រកាន់ចំពោះការរកស៊ីដឹកជញ្ជូនឈើប្រណីតខុសច្បាប់ខាងលើពីសំណាក់កូនប្រុសរបស់លោកឧត្ថមសេនីយ៍ត្រី កែវ ជា មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ អ្នកយកព័ត៌មានរបស់យើងមិនអាចសុំការបំភ្លឺបានទេដោយសារគ្មានលេខទូរស័ព្ទ៕ ដោយ៖ មាស រដ្ឋា