ខេត្តកំពត ៖ កាលពីថ្ងៃទី២៤ មេសា ២០១៤ បានធ្វើសន្និសីទកាសែតបង្ហាញមុខឧក្រិដ្ឋជនជនជាតិវៀតណាម៤នាក់ ក្នុងនោះស្រីម្នាក់ពាក់ព័ន្ធបទល្មើសជម្រិតទារប្រាក់ឆ្លងដែន បន្ទាប់ពីពួកគេត្រូវសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៣ មេសា។
សន្និសីទកាសែតបានឱ្យដឹងថា ជនរងគ្រោះជាជនជាតិវៀតណាមទាំង២នាក់ ម្នាក់ឈ្មោះជន មីនទៀង ភេទប្រុស អាយុ៣៤ឆ្នាំ និងម្នាក់ទៀតឈ្មោះញ៉ ថាន់ញ៉ឹង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្រុកកឹងធឺ ខេត្តយៀងឡុង ប្រទេសវៀតណាម។ សន្និសីទកាសែតបានឱ្យដឹងទៀតថា បន្ទាប់ពីជនសង្ស័យទូរស័ព្ទទៅជម្រិតទារលុយ និងកំណត់កន្លែងប្រគល់លុយរួច ក្រុមគ្រួសារជនរងគ្រោះបានមកដាក់ពាក្យប្តឹងនៅស្នងការនគរបាលខេត្តកំពត ឱ្យជួយអន្តរាគមន៍។
ជនរងគ្រោះទាំង២នាក់ត្រូវបានស្ត្រីជនជាតិវៀតណាមដូចគ្នាល្បួងនាំ ទៅឱ្យជនជាតិវៀតណាម៣នាក់ទៀតយកទៅបង្ខាំងទុកនៅក្នុងផ្ទះជួល មួយកន្លែងក្នុងខេត្តព្រះសីហនុធ្វើទារុណកម្ម រួចជម្រិតទារប្រាក់ពីក្រុមគ្រួសារជនរងគ្រោះក្នុងម្នាក់៧ពាន់ ដុល្លារជាថ្នូរនឹងការដោះលែង៕ ពៅ