ប៉ោយប៉ែត៖ ក្រុមចោរហារយ កាច់ ក ម៉ូតូចំនួនពីរនាក់ ត្រូវកម្លាំងប៉េអឹម ក្រុង ប៉ោយប៉ែត ដឹកនាំដោយ លោក ហម ម៉ុត ធ្វើការឃាត់ភ្លាម ៗ បន្ទាប់ពីក្រុមចោរ ទាំងពីរនាក់ខាងលើធ្វើសកម្មភាព លួចកាច់ ក ម៉ូតូបុគ្គលិកកាស៊ីណូ កាលពីថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០១៤ ក្នុងបរិវេណ កាស៊ីណូ ហូលីក្រុងប៉ោយប៉ែត។
មេបញ្ជាការប៉េអឹម ក្រុងប៉ោយប៉ែត លោក ហម ម៉ុត បានថ្លែងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ យិន លី ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិព្រៃគប់ សង្កាត់-ក្រុងប៉ោយប៉ែតនិងទី២ ឈ្មោះ ហ៊ីង សុភក្រ័ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត។
ជនសង្ស័យទាំងពីរបានធ្វើសកម្មភាពទៅលួចយកម៉ូតូម៉ាកឃ្លីក ពណ៌ ស គ្មានស្លាកលេខ មួយគ្រឿង កាលពីវេលាម៉ោង9:00’ព្រឹកថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០១៤ ដែលជាកម្មសិទ្ធរបស់ឈ្មោះ ហុក សោភា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ជាបុគ្គលិកកាស៊ីណូហូលីដេ(ខណ:ដែលម្ចាស់ម៉ូតូកំពុងធ្វើការ)។
ជនសង្ស័យបានសារភាពថា រូបគេទាំង២ ពិតជាបានប្រពើថោកទាបដូចជាការរៀបរាប់ ខាងលើពិតប្រាកដមែន ពីព្រោះអត់លុយចាយ ដើរលេងចូលឆ្នាំខ្មែរអស់លុយ ក៏ដើរលួចម៉ូតូគេតែងម្តងទៅ ។
លោកមេបញ្ជាបន្តទៀតថា ប្រតិបត្តិការខាងលើនេះ គឺយោងតាមបទបញ្ជាររបស់ មេបញ្ជាការ ប៉េអឹម ខេត្តបន្ទាយមានជ័យ។
ផ្អែកលើចម្លើយសារភាព ជនទាំង២ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅប៉េអឹម ខេត្តដើម្បីចាត់ការតាមច្បាប់ ចំនែកម៉ូតូប្រគល់ជូនម្ចាស់វិញ៕ ដោយ បូរី