ភ្នំពេញ: ថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់ ដល់ការប្រើប្រាស់ នៅរាជធានីភ្នំពេញ ខ្វះជាង ៥០ មេហ្គាវ៉ាត់ ជាហេតុតម្រូវឲ្យអ្នកបែងចែកអគ្គិសនី កាត់ផ្តាច់ផ្លាស់វេនគ្នា លជាគោលការណ៍ តម្រូវផ្តាច់ម្តងពីរម៉ោង។ រយៈពេលជិតបីសប្តាហ៍បានកន្លងផុតទៅ ហើយបញ្ហាដាច់ចរន្តអគ្គិសនី ដោយពុំមានការជូនដំណឹងជាមុន បានកើតមានរាល់ថ្ងៃជាបន្តបន្ទាប់ជាពិសេសនៅតំបន់ជាយក្រុង ភាគខាងជើងរាជធានីភ្នំពេញ ដោយនៅថ្ងៃខ្លះដាច់ពីរទៅបីដងក្នុងមួយថ្ងៃ។
ប្រភព័ត៌មានពីមន្ត្រីប្រចាំការរបស់អគ្គិសនីកម្ពុជា បាននិយាយឲ្យដឹង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤នេះថា ការដាច់ចរន្តអគ្គិសនី នៅតំបន់ពាក់កណ្តាល ភាគខាងជើង រាជធានីភ្នំពេញ កាលពីមុននេះ ដោយសារប្រើប្រាស់លើសបន្ទុកត្រង់ហ្វូ នៅអនុស្ថានីយទីមួយទួលសង្កែ (ផ្សារតូច) តែពេលនេះ គឺដោយសារការខ្វះថាមពល សម្រាប់ផ្គត់ផ្គង់ រហូតដល់ទៅជាង ៥០ មេហ្គាវ៉ាត់ នៅពេលថ្ងៃ ទើបតម្រូវឲ្យមានការកាត់ផ្តាច់ភ្លើងច្រើន និងរយៈពេលយូរ។
ប្រភពខាងលើ បានឲ្យដឹងទៀតថា ការផ្តាច់ភ្លើង កាលពីមុននេះ មានតែនៅពាក់ កណ្តាល ប៉ែកខាងជើងរាជធានីភ្នំពេញ ដោយសារតម្រូវការប្រើប្រាស់ លើសសមត្ថភាពត្រង់ហ្វូ នៅអនុស្ថានីយ ទីមួយ ទួលសង្កែ តែពេលនេះ ការផ្តាច់ភ្លើងផ្លាស់វេនគ្នា នៅទូទាំងរាជធានីភ្នំពេញតែម្តង ហើយដោយសារភ្លើងសម្រាប់ផ្គត់ផ្គង់ មានមិនគ្រប់គ្រាន់តែបើគ្រប់គ្រាន់វិញ ក៏នៅភាគខាងជើងរាជធានីនោះ នៅតែមានការដាច់ភ្លើងដែរ។
ត្រង់ហ្វូធំនីមួយៗមានតម្លៃដល់លានដុល្លារ មិនដឹងថា ពេលណា ទើបធ្វើឡើងវិញម្តងទៀតទេ។
មន្ត្រីអគ្គិសនីកម្ពុជាមួយរូបផ្សេងទៀត បាននិយាយឲ្យដឹងថា ត្រង់ហ្វូធំ នៅអនុស្ថានីយ ទីមួយ ទួលសង្កែ ទើបតែតម្លើងថ្មី នៅដើមឆ្នាំ២០១៣ តែការតម្លើងនោះ ជាគម្រោងចាស់ កាលពីបួនប្រាំឆ្នាំមុន ដែលតម្រូវការប្រើប្រាស់ មិនមានការកើនឡើងខ្ពស់ លឿនដូចជាពេលនេះទេ។
អនុស្ថានីយ ទីមួយ ទួលសង្កែ ដែលទើបនឹងធ្វើការកែលម្អ (តម្លើងកម្លាំង) រួចអស់លុយរាប់លានដុល្លារហើយ នៅតែមិនអាចបំពេញតម្រូវការ ប្រើប្រាស់បាននេះ មិនទាន់មានគម្រោងកែលម្អថ្មី ក្នុងពេលឆាប់ៗនេះទេ បានន័យថា អតិថិជន ប្រើប្រាស់ភ្លើង ចេញពីអនុស្ថានីយនេះ ត្រូវដាច់ភ្លើងរហូត ទោះបីជាអគ្គិសនីកម្ពុជា មានភ្លើងលើសពីសេចក្តី ត្រូវការប្រើប្រាស់ក៏ដោយ។ តែផ្នែកជំនាញរបស់អគ្គីសនីកម្ពុជា កំពុងតែរកវិធីភ្ជាប់ភ្លើង ពីអនុស្ថានីយផ្សេង មកជំនួយដល់ស្ថានីយទួលសង្កែហើយ៕