កំពង់ធំ៖ ក្រោយពីបណ្តាញព័ត៌មានជាច្រើន បានធ្វើការលាតត្រដាងរឿងអាស្រូវពុក រលួយ របស់លោក ខែក វណ្ណា ប្រធានរតនាគារខេត្ត និងដៃស្តាំរបស់ គាត់ឈ្មោះ ហេង ប៊ុនធី ជាប្រធានបេឡាធ្វើឲ្យលោក ប្រធានរតនាគារភ័យបុកពោះនិងដាក់ពាក្យទៅអគ្គនាយកដ្ឋានរតនាគារជាតិដើម្បីសុំចូលនិវត្តន៍មុនអាយុ ខណៈពេលលោក នៅសល់៥ឆ្នាំទៀតទើបដល់អាយុចូលនិវត្តន៍ មានការសង្ស័យថា ទំនងជាគាត់ខ្លាចអង្គភាពប្រឆាំងអំពើពុករលួយហើយមើលទៅ។
រឿងអាស្រូវពុករលួយដ៏ធំត្រូវបានបែកធ្លាយតាមរយៈបណ្តាញព័ត៌មាន ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរតនាគារជាតិរួមនិងមន្ត្រីរាជការទូទាំងខេត្ត។ ទន្ទឹមគ្នានោះដែរ ក៏មានការ បើកការស៊ើបអង្កេតសំណុំរឿងពុករលួយរបស់ លោក ខែក វណ្ណា ពីអគ្គនាយកដ្ឋានរតនាគារ ជាតិដែលជាដើមហេតុធ្វើឲ្យលោក ខែក វណ្ណា សម្រេចដាក់ពាក្យសុំចូលនិវត្តន៍មុនអាយុ។
គេនិយាយថា ការដាក់ពាក្យសុំចូលនិវត្តន៍មុនអាយុរបស់លោកខែក វណ្ណា ប្រហែល ដើម្បីគេចវេះពីការស៊ើបអង្កេតអំពីរឿងអំពើពុករលួយដែលរូបគាត់បានប្រព្រឹត្តអស់រយៈពេលជាច្រើនឆ្នាំកន្លងមក រហូតធ្វើឱ្យគាត់មានប្រាក់រាប់លានដុល្លារក្លាយជាសេដ្ឋីប្រចាំខេត្តកំពង់ធំ តាមរយៈការកាត់ភាគរយពីខ្ទង់របស់មន្ទីរនិង ក្រុមហ៊ុននានានៅក្នុងខេត្តនោះ។
គេបន្តថា រឿងអំពើពុករលួយរបស់ លោក ខែក វណ្ណា និងបក្ខពួកជាច្រើនឆ្នាំមកនេះ បានធ្វើឲ្យបាត់ថវិកាជាតិដ៏ច្រើនឥតគណនា ព្រោះថារាល់ខ្ទង់ប្រាក់របស់មន្ទីរនិងក្រុមហ៊ុន ឬអង្គភាពនានាដែល ត្រូវការស៊ីញ៉េប្រធានរតនាគារតាមផែនការនោះ ត្រូវតែមានការបែងចែកប្រាក់ទឹកតែពី ៣% ទៅដល់ ១៥% ទៅតាមប្រភេទខ្ទង់ប្រាក់នីមួយៗ។ បើមិនអោយលុយគាត់មិនស៊ីញ៉េ។
គេបន្តទៀតថាក្រុមហ៊ុនដែលមិនចំណាយប្រាក់ទឹកតែតាមការទាមទាររបស់លោកប្រធានរតនាគារ ការដកសាច់ប្រាក់នឹងមានការកកស្ទះ ហើយចុងក្រោយគឺជៀសមិនផុតពីការ ចំណាយប្រាក់ជូនលោក ដដែល។ ក្រោយពេលរាជរដ្ឋាភិបាលបានធ្វើកំណែទំរង់ស៊ីជម្រៅ លោក ខែក វណ្ណា មិនបានអនុវត្តន៍តាមគោលនយោបាយនោះទេ ដោយលោកបានអនុវត្តតាមទំលាប់ចាស់របស់គាត់ដដែ
តាមមន្ត្រីនៅខេត្តជាច្រើន បានឲ្យដឹងថាការដាក់ពាក្យសុំចូលនិវត្តន៍មុនអាយុរបស់លោក ខែក វណ្ណា គឺបែបក្នុងបំណងដើម្បីរួចផុតអំពីការស៊ើបអង្កេតអំពីរឿងពុករលួយ ដែលគាត់ប្រព្រឹត្ត កន្លងមក ជាពិសេសគឺរឿងថ្មីៗដែលបណ្តាញព័ត៌មានទើបនឹងចេញផ្សាយ។
មន្ត្រីជាច្រើន សូមអំពាវនាវដល់អង្គភាពប្រឆាំងអំពើពុករលួយចាត់ វិធានការបើកការស៊ើបអង្កេតលើសំណុំរឿងមួយនេះ ដើម្បីកុំឲ្យមន្ត្រីខិលខូចដទៃទៀតយកគំរូតាម
ទាក់ទងនឹងការដាក់ពាក្យសុំចូលនិវត្តន៍មុនអាយុរបស់លោក ខែក វណ្ណា កាសែតអរិយធម៌ពុំអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទរបស់គាត់មិនទទួលការហៅចូល។ ចំណែកលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានអះអាងថាលោកបានទទួលព័ត៌មាននេះដែរ ប៉ុន្តែពិតឬមិនពិត គឺលោកមិនដឹងទេ ព្រោះថាអង្គភាពរតនាគារខេត្តគឺជាខ្សែបណ្តោយត្រង់របស់រតនាគារជាតិ ដូច្នេះការស្នើសុំតែងតាំង ឬសុំលាឈប់ យ៉ាងណាៗនោះ មិនឆ្លងកាត់អភិបាលខេត្តទេ៕ ពៅ