ពោធិសាត់៖ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា លោក ហ៊ិន សាម៉ុន ភ្នាក់ងារយកពត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៩ បានទូរស័ព្ទគំរាមទារប្រាក់ពីឈ្មួញឈើក្នុងតំលៃ១ពាន់ដុល្លា ប៉ុន្តែចរចារគ្នាដោយអោយ៥រយដុល្លា តាមរយៈប្រពន្ធរបស់ឈ្មួញឈើ ប៉ុន្តែនៅតែទទូចទារលុយ២រយដុល្លាទៀតទើបមានការចាប់ខ្លួននៅហ្នឹងកន្លែងតែម្តង ។ ប៉ុន្តែសមត្ថកិច្ចផ្សេងទៀតបានអះអាងថា ការចាប់ខ្លួនបុគ្គល ហ៊ិន សាម៉ុន គឺដោយសារតែបុគ្គលរូបនេះបានជម្រិត និងកំហែងទារប្រាក់ ពីប្រជាពលរដ្ឋនៅក្នុងឃុំឈើតុំ ជាពិសេស យោធិនចូលនិវត្តន៍ទើប្រជាពលរដ្ឋ៨០គ្រួសារបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងខេត្តពោធិសាត់ ធ្វើការចាប់ខ្លួនតែម្តង ។ ដោយឡែក សេចក្តីរាយការណ៍មួយផ្សេងទៀតបានអះអាងថា ការចាប់ខ្លួន លោក ហ៊ិន សាម៉ុន នេះ ដោយសារតែ លោក ហ៊ិន សាម៉ុន បានធ្វើការថតរូបភាពរថយន្តដឹកឈើរបស់ឈ្មួញ ឈ្មោះ ឧត្តម (ហៅក្តំ) ហើយប៉ះពាល់ឆ្នាំងបាយរបស់សមត្ថកិច្ចពាក់ព័ន្ធ ដែលមាន ទំនាក់ទំនងរកស៊ីជាមួយគ្នាជាយូរណាស់មកហើយ ប្រភពបានបញ្ជាក់អោយដឹងទៀតថា ក្រុមឈ្មួញរកស៊ីប្រណិតនៅខេត្តពោធិសាត់ ភាគច្រើនជាឈ្មួញដែលមានទំនាក់ទំនងជាមួយសមត្ថកិច្ច ចំណែក សមត្ថកិច្ចមួយចំនួនក៍ជាប់ពាក់ពន្ធ័ក្នុងការរកស៊ីប្រណិតផងដែរ ។ម្យ៉ាងវិញទៀត ការកស៊ីឈើប្រណិតក្នុងទឹកដីខេត្តពោធិសាត់ ប្រជាពលរដ្ឋធម្មតាមិនអាចរកស៊ីបានទេ លុះត្រាតែអ្នកមានខ្នងបង្អែកជាសមត្ថកិច្ច ។
ក្រោយពីមានការចាប់ខ្លួនប្រជាពលរដ្ឋភូមិបឹងស្មុក ១២៦នាក់ ភូមិត្រពាំងឈ្នួល ១៣២នាក់ និងភូមិកំរែង១០០នាក់សរុប៣៥៨នាក់ ក្នុងឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ បាននាំគ្នាផ្តិតមេដៃផ្ញើទៅកាន់អាជ្ញាធរខេត្ត និងសមត្ថកិច្ចសាលាដំបូងខេត្តពោធិសាត់ផងដែរ ដោយពួកគេគាំទ្រការចាប់ខ្លួនបុគ្គលឈ្មោះ ហ៊ិន សាម៉ុន ជាអ្នកយកពត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៩ប្រចាំខេត្តពោធិសាត់ ការគាំទ្រនេះបានធ្វើឡើងក្រោយសមត្ថកិច្ចកងរាជអាវុធហត្ថ ឃាត់ខ្លួនលោក ហ៊ិន សាម៉ុន ភ្នាក់ងារយកពត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៩ ពីបទកំហែងយក រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិសាត់ភ្លាមៗ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ នៅភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិសាត់ ។ បើតាមការអះអាងពីប្រជាពលរដ្ឋ នៅក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ បានអោយដឹងថា បុគ្គល ហ៊ិន សាម៉ុន អ្នកយកពត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៩ តែងតែបើករថយន្តរបស់ខ្លួនដេញប្រមាញ់ចាប់សូម្បីតែគោយន្ត ឬរទេះដឹកអុសរបស់ប្រជាពលរដ្ឋ ក៍ចេះទារយកលុយក្នុង១រទេះ២ម៉ឺនរៀលផងដែរ ហើយរូបគេតាំងខ្លួនជាអ្នកសារពត៌មានផង និង ជាសមត្ថកិច្ចផង ដោយយកឈ្មោះឧត្តមសេនីយ៍ ផ្កាយ២ ហ៊ុន សារ៉េត មកអះអាងដើម្បីលាភសក្ការៈផងដែរ ។ ដោយឡែកប្រជាពលលរដ្ឋ ជាង៣០០គ្រួសារមកពីឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ ក៍បានអះអាងដូចគ្នានេះផងដែរថារាល់ពួកគាត់ដឹកជញ្ជូនឈើបន្តិចបន្តួចតាមរទេះដើម្បីយកទៅជួសជុល និង សាងសង់លំនៅដ្ឋាន ប៉ុន្តែត្រូវបុគ្គល ហ៊ិន សាម៉ុន ចាប់ជម្រិតទារប្រាក់ ស្ទើរតែគ្រប់ពេល ដែលពួកគាត់បានដឹកឈើ ក៍ដូចជាដឹកអុសចេញពីក្នុងព្រៃ ទង្វើបែបនេះគឺបានធ្វើអោយប៉ះពាល់ដល់អ្នកសារពត៌មានផ្សេងទៀត ដែលគេស្អាតស្អំប្រកបដោយវិជ្ជាជីវៈខ្ពស់ដូច្នេះទើបពួកគាត់នាំគ្នាផ្តិតមេដៃគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរ ក៍ដូចជាសមត្ថកិច្ចរួមទាំងព្រះរាជអាជ្ញាខេត្តពោធិសាត់ ។ ដើម្បីជាការព្រមានកុំអោយមានបុគ្គលផ្សេងទៀតធ្វើព្យុះភ្លៀងនៅក្នុងភូមិឃុំរបស់ពួកគាត់ដែលជាគំរូអាក្រក់ធ្វើអោយប៉ះពាល់ដល់ស្ថាប័នពត៌មានផ្សេងៗទៀតក្នុងស្រុកផងដែរ ។
ទោះជាយ៉ាងណាក៍ដោយ មជ្ឈដ្ឋានទូទៅក្នុងខេត្តពោធិសាត់ បានរិះគន់ថា ទាំងសមត្ថកិច្ច ទាំងបុគ្គល លោក ហ៊ុន សាម៉ុន គឺដូចតែគ្នា តែងតែអង្គុយសំគុកចាំទទួលផលប្រយោជន៍ពីឈ្មួញរកស៊ីឈើប្រណិត ហើយមានល្បិចកលគ្រប់បែបយ៉ាងដើម្បីទាញផលប្រយោជន៍រៀងៗខ្លួន ដល់ ពេលប៉ះពាល់ផលប្រយោជន៍គ្នាទើបមានរឿងបែបនេះកើតឡើងតែម្តង ប្រជាពលរដ្ឋបាននិយាយថា អាក្រៀល និងអាក្រួចវាដូចតែគ្នា៕ ដោយ គិរីពេជ្រ
» Breaking News, ព័ត៌មានជាតិ » ចាប់ខ្លួន លោក ហ៊ិន សាម៉ុន អ្នកយកពត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៩ ខេត្តពោធិសាត់ ព្រោះបំផ្លាញឆ្នាំងបាយសមត្ថកិច្ច