ភ្នំពេញ: សន្តិសុខយាមរោងចក្រ ជា វ័យ ចំនួន ២ នាក់ក្នុងចំណោម ៦ នាក់ ដែលបានធ្វើសកម្មភាពលួចខោអាវរោងចក្រអស់ជិត ៣ម៉ឺនកំប្លេ ត្រូវបានប្រធានសន្តិសុខរបស់ក្រុមហ៊ុនយីហោ CISS សហការគ្នា ជាមួយកំលាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ចុះចាប់ខ្លួន ។
ការចាប់ខ្លួននេះបានធ្វើឡើងនៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤។
ប្រធានក្រុមហ៊ុនសន្តិសុខបានឲ្យដឹងថា ចោរលួចខោអាវនោះ ជាកងសន្តិសុខឈ្មោះ ម៉ៅ កោហេង ភេទប្រុស អាយុ ២៧ ឆ្នាំ ស្រុកកំណើតនៅស្រុកសំរោង ខេត្តតាកែវ និងអ្នកទទួលផលចោរកម្មម្នាក់នៅមិនទាន់ស្គាល់ឈ្មោះ និងដកហូតបានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BK 5336។ ក្រោយពីក្រុមការងាររបស់លោក សហការគ្នាជាមួយនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ហើយដោយបានស្គាល់មុខសញ្ញាក្រុមចោរអស់ ក៏តាមចាប់ខ្លួនក្នុងរយៈពេល ៤ ថ្ងៃ ទើបចាប់បាននៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ រួចបន្តតាមចាប់បក្ខពួកបន្ថែមទៀតដែលកំពុងតែគេចខ្លួន។
គួររំលឹកថា ក្រុមចោរបានធ្វើសកម្មភាពលួចខោអាវអស់ចំនួនជិត ៣ម៉ឺនកំប្លេ ស្មើនឹង ២ពាន់ កាតុង បើគិតទឹកប្រាក់ជិត ១៧ម៉ឺនដុល្លារ កាលពីយប់ថ្ងៃទី១៤ខែមេសាឆ្នាំ២០១៤ នាពេលបុណ្យចូលឆ្នាំខ្មែរថ្ងៃដំបូង។ លុះព្រឹកឡើងថ្ងៃទី១៥ វេលាម៉ោង10និង30នាទី ទើបមានការភ្ញាក់ផ្អើលជុំវិញករណីខាងលើនេះ ហើយក្រុមចោរបានវាយកំទេចកាមេរ៉ាសុវត្ថិភាពចំនួនពីរកន្លែងទៀតផង ទើបនៅព្រឹកថ្ងៃទី១៦ នគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាលក្រុងភ្នំពេញ បានមកដល់រោងចក្រ និងធ្វើកោសល្យវិច័យដើម្បីស្វែងរកការពិត។ បន្ទាប់មកទើបដឹងថា ក្រុម ចោរគឺជាសន្តិសុខយាមក្នុងរោងចក្រនោះ៕ ដោយ៖ លីហ៊ាង