ក្រុងព្រះសីហនុ៖ កន្លងទៅសារព័ត៌មានអរិយធម៌បានធ្វើការចុះផ្សាយម្តងរួចហើយអំពីសកម្មភាព និងទង្វើលួច ដឹកប្រេងសាំង ប្រេងម៉ាហ្សូតចេញពីស្ថានីយប្រេងរបស់អង្គភាពកំពង់ផែស្វយ័តខេត្តព្រះសីហនុ ទៅដាក់នៅ ស្ថានីយឯកជននានា ក្នុងក្រុងព្រះសីហនុ។
ស្ថានីយប្រេងសំរាប់ផ្គត់ផ្គង់ឲ្យរាល់ដំណើរការរបស់អង្គភាពកំពង់ផែស្វយ័តខេត្តព្រះសីហនុ ត្រូវបានបុគ្គលម្នាក់ ឈ្មោះចាន់ កាំង កាន់កាប់ក្នុងតួនាទីជាប្រធានស្ថានីយអស់រយៈពេលរាប់សិបឆ្នាំកន្លងមកហើយ។ និយាយឲ្យចំ លោកចាន់ កាំង ធ្វើប្រធានស្ថានីយនេះដុះស្លែរហូតដល់ពេលនេះ កំពុងក្លាយទៅជាមន្ត្រីសេដ្ឋីម្នាក់ ដែលគួរឲ្យ ចាប់អារម្មណ៍ ព្រោះឈ្មោះចាន់ កាំង ល្បីរន្ទឺយ៉ាងខ្លាំង ក្នុងការចេះប្រើល្បិចកិបកេងធ្វើរបាយការណ៍ភូតភរថ្នាក់ ដឹកនាំនៅកំពង់ផែអន្តរជាតិនេះ។ ទង្វើរបស់លោកចាន់ កាំង កំពុងធ្វើនិងបន្តធ្វើឥតឈប់ឈរ ក្នុងការលួចដឹក យកប្រេងចេញពីស្ថានីយរបស់អង្គភាពកំពង់ផែទៅដាក់លក់នៅតាមដេប៉ូនានានោះ ត្រូវបានមហាជនជាពិសេស មន្ត្រីរាជការនៅកំពង់ផែ កម្មករនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ មានការឆ្ងល់ថា ឯកឧត្តមលូ គឹមឈន់ អគ្គនាយកឱបក្តាប់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុរាប់សិបឆ្នាំមកហើយនោះបានដឹង បានសើមដែរឬយ៉ាងណា នោះទេ?។
ទាក់ទិនទៅនឹងបញ្ហាមានព័ត៌មានថា លោកចាន់ កាំង ធ្វើសកម្មភាពលួចដឹកយកប្រេងចេញពីស្ថានីយរបស់ អង្គភាពកំពង់ផែទៅលក់នៅតាមដេប៉ូនានា និងជាពិសេសដឹកទៅស្ថានីយលក់ប្រេងរបស់លោកចាន់ កាំង ផ្ទាល់ នោះ។
អរិយធម៌បានទូរស័ព្ទសុំការបំភ្លឺពីឯកឧត្តមលូ គឹមឈន់ ដែរ តែទូរស័ព្ទរោទិ៍ពុំមានអ្នកលើកឆ្លើយ។ ដោយឡែក ទូរស័ព្ទរបស់ឯកឧត្តមវ៉ា សូណាត និងឯកឧត្តមម៉ា ស៊ុនហួត អគ្គនាយករងកំពង់ផែស្វយ័តខេត្តព្រះសីហនុ ត្រូវ បិទ ពុំមានដំណើរការ។ រីឯទូរស័ព្ទរបស់លោកសែម គីថាយ ប្រធានគណនេយ្យដែលអរិយធម៌ធ្លាប់បានធ្វើការ ទំនាក់ទំនងកន្លងទៅ បែរជាឆ្លើយថា ពុំមានលេខនេះទៅវិញ។
ប្រភពព័ត៌មានជាច្រើនដែលផ្ញើមកពីខេត្តព្រះសីហនុ ពិសេសមន្ត្រីរាជការដែលកំពុងបំរើការនៅអង្គភាពកំពង់ ផែស្វយ័តខេត្តព្រះសីហនុ បានរៀបរាប់អំពីទង្វើរបស់លោកចាន់ កាំង ប្រធានស្ថានីយប្រេងនៅអង្គភាពកំពង់ផែ អន្តរជាតិ ខេត្តព្រះសីហនុ គួរតែត្រូវបានលោកចាន់ កាំង ធ្វើការបកស្រាយបំភ្លឺដើម្បីឲ្យមហាជនបានអស់ចម្ងល់ ផង ទោះបំភ្លឺតាមរយៈប្រព័ន្ធទូរស័ព្ទក្តីឬតាមរយៈលិខិតបំភ្លឺក្តី អរិយធម៌រីករាយនៅរង់ចាំទទួលធ្វើការចុះផ្សាយ ជូនដោយឥតគិតថ្លៃ។ ប៉ុន្តែបញ្ហានេះមានការលើកឡើងជាច្រើនថា លោកចាន់ កាំង ប្រហែលជាគ្មានចិត្តក្លាហាន ក្នុងការស្រាយបំភ្លឺឡើយ។ ព្រោះបកស្រាយមិនស្រួលខ្លាចខាងអង្គភាពប្រឆាំងអំពើពុករលួយ ដែលមាន ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាអ្នកឱបក្តាប់ចុះទៅស្រាវជ្រាវស៊ើបអង្កេត ប្រាកដជាវ័ណ្ឌកមិនខាន ឡើយ៕ ដោយ៖ នាយរំពេរ
» Breaking News, ព័ត៌មានជាតិ » លោកចាន់កាំង ប្រធានស្ថានីយប្រេងកំពង់ផែខេត្តព្រះសីហនុមានឈ្មោះល្បី