បន្ទាយមានជ័យ៖ ក្រុមអ្នកជួញដូរគ្រឿងញៀន៣នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបរួមជាមួយថ្នាំញៀនម្សៅពណ៌សចំនួន១៨កញ្ចប់កាលពីយប់ថ្ងៃទី១៧ កក្កដា ២០១៣ នៅសណ្ឋាគារសន្តិភាពក្នុងភូមិសែនសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក ធិន ស៊ិនដេត នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យបាន ប្រាប់ឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្តកម្លាំងជំនាញរបស់លោកបានធ្វើការស្រាវជ្រាវមុខសញ្ញាជួញដូរប្រើប្រាស់និងចែកចាយគ្រឿងញៀនរហូតដល់ឈានទៅដល់ការបង្ក្រាបជាក់ស្ដែង ។ ដំបូងឡើយបានជនសង្ស័យ២នាក់ជាបុគ្គលិកបំរើការនៅសណ្ឋាគារសន្តិភាពរួមមាន ១-ឈ្មោះ ញៀន គឹមសៀន ភេទប្រុស អាយុ២១ឆ្នាំមានមុខរបរអ្នករត់តុនៅសណ្ឋាគារ សន្តិភាព មានស្រុកកំណើតនៅខេត្តកំពង់ធំ ២-ឈ្មោះ គឹម ឆេង ភេទប្រុសអាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ក្នុងការឃាត់ខ្លួនជនទាំង២នេះសមត្ថកិច្ចបានធ្វើការឆែកឆេរបន្ទប់ដេករបស់បុគ្គលិកនៃសណ្ឋាគារ សន្តិភាពរកឃើញថ្នាំញៀនប្រភេទម្សៅពណ៌ ស ចំនួន១៧កញ្ចប់តូចៗ ហើយបន្តឃាត់ខ្លួនយុវជនម្នាក់ទៀតឈ្មោះ ស៊ិន ឡង់ឌី ភេទប្រុសអាយុ១៨ឆ្នាំរៀននៅវិទ្យាល័យខ្លាកូនថ្នាក់ទី១២ មានទីលំនៅភូមិ២ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលជាអ្នកទទួលកាន់ថ្នាំញៀនយកឲ្យគេនិងជាអ្នកប្រើប្រាស់បានថ្នាំញៀន១កញ្ចប់ទៀត។ ថ្នាំញៀនទាំងអស់សរុប១៨កញ្ចប់ មានទម្ងន់៥,១ក្រាមជាប្រភេទមេតំហ្វេតាមីន ICE។
តាមការរៀបរាប់របស់ជនទាំង៣បានឲ្យដឹងថា ក្នុងនោះ២នាក់ជាបុគ្គលិកសណ្ឋាគារសន្តិភាពបាននិយាយថា ពួកគេទទួលទិញថ្នាំនេះពីបុរសម្នាក់ក្នុងតំលៃ១កញ្ចប់ ៤ម៉ឺនរៀលហើយលក់ទៅវិញក្នុងតំលៃ៦ម៉ឺនរៀល ហើយនេះក៏ជាលើកទី១នៃការលក់ដូរនេះផងដែរ។ ចំណែកយុវសិស្សម្នាក់ទៀតក៏ត្រូវចាប់ខ្លួនបាននិយាយ ឲ្យដឹងថា ខ្លួនគេជាអ្នកប្រើប្រាស់គ្រឿងញៀនហើយត្រូវបានគេប្រើឲ្យយកគ្រឿងញៀនទៅប្រគល់ឲ្យអ្នកផ្សេង លុះពេលដែលទៅដល់ចំណុចសណ្ឋាគារសន្តិភាពក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកំពុងតែសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសទៅតាមច្បាប់៕
ដោយ៖ សម្បត្តិ សីហា