ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងយ៉ាងខ្លាំងនៅតាមបណ្តោយ ផ្លូវព្រះ សីហនុ ទល់មុខក្រុមហ៊ុន សេលកាត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ខណៈដែលមាន ស្រ្តី ២ នាក់ ជិះក្នុងរថយន្តមួយគ្រឿងម៉ាក សាំ យ៉ុង ១២ កៅអី ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតបណ្តាលឲ្យជ្រុលធ្លាក់ពីលើរថយន្តមកលើថ្នល់បោកក្បាលនឹង ថ្នល់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ២១ នឹង ៥០ នាទីយប់ថ្ងៃទី ១៧ខែកក្កដា ឆ្នាំ ២០១៣ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេត ឃើញរថយន្ត មួយគ្រឿងម៉ាកសាំយ៉ុង ១២កៅអី បើកបរដោយបុរសជាជនជាតិចិនម្នាក់ នឹងមានរួមដំណើរដោយស្រ្តីពីរនាក់ ជាជនជាតិចិនក្នុងរថយន្តផងដែរ ។ ដោយរថយន្ត មួយគ្រឿងនេះបើកបរចេញពីកាស៊ីណូ ណាហ្គាវើល ក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវព្រះសីហនុ ខណៈជិះមកដល់ចំណុចកើតហេតុខាងលើនេះ ស្រាប់ តែស្រ្តីជនជាតិចិន ២ នាក់បានធ្លាក់ពីចេញពីក្នុងរថយន្តមកបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរសន្លប់ស្តូក នឹងពាក់កណ្តាលផ្លូវ ចំណែករថយន្តសាំយ៉ុងបានជិះពីចំណុច កើត ហេតុជាង ១០០ម៉ែត្រទើបឈប់ ។
បុរសអ្នកបើកបររថយន្តបង្កហេតុបាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថាស្រ្តី ២ នាក់នេះ ស្ថិតក្នុងស្ថាន ភាពស្រវឹងស្រាខ្លាំងពេក ហើយពួកគេបានឈ្លោះប្រកែកគ្នាក្នុង រថយន្ត យ៉ាងខ្លាំង តាំងពីចំណុចមុខណាហ្កាវើល រហូតមកដល់ចំណុចនេះទើបស្រ្តី២ នាក់ខាង លើប្រតាយប្រតប់គ្នា បណ្តាលឲ្យធ្លាក់ចេញពីក្នុងរថយន្តតែម្តងទៅ ដោយមិនមានពាក់ ព័ន្ធនឹងបទល្មើសអ្វីនោះទេ ។
បើទោះបីជាបុរសអ្នកបើករថយន្តនិយាយបែបនេះក្តី សមត្ថកិច្ចមូលដ្ឋានក៏នៅបន្តឃាត់ ខ្លួនអ្នកបើកបរថយន្ត នឹងឃាត់រថយន្តយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដូនពេញរង់ចាំធ្វើការសាកសួរឲ្យដឹងច្បាស់ពីបញ្ហាខាងលើនេះ ៕
ដោយ៖ ទុយ បញ្ញា