ខេត្តតាកែវ៖មន្ត្រីរាជការជាច្រើននៅក្នុងមន្ទីរអប់រំយុវជននិង កីឡាខេត្តតាកែវបានទាមទារឲ្យលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ហង់ ជួនណារ៉ុង និងលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតរឿងអាស្រូវ ពុករ លួយដ៏ធំដែលប្រព្រឹត្តឡើងដោយលោកប្រធានមន្ទីរ ស៊ីវ សុខន និងបក្ខពួកជាបន្ទាន់ ដើម្បីរកការ ពិតនិងចាត់វិធានការតាមផ្លូវច្បាប់។
តាមសេចក្តីរាយការណ៍ពីមន្ត្រីខាងលើបានឲ្យដឹងថាអំពើពុករលួយដែល ប្រព្រឹត្តឡើងដោយលោក ស៊ីវ សុខន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ រួមនិងបក្ខពួក មានដូចខាងក្រោម៖ ១- គ្រូបង្រៀន ៦៣ នាក់ ទូទាំងខេត្តតាកែវ ទៅធ្វើការងារស្ថាប័នក្រៅពីអប់រំ តែទុកប្រាក់ខែ អោយប្រធានមន្ទីរអប់រំ ស៊ីវ សុខន និង អនុប្រធានការិយាល័យបុគ្គលិក ជាពិសេសនៅតាមស្រុក។ ២ – លោកប្រធានមន្ទីរអប់រំ ស៊ីវ សុខន ប្រើអនុប្រធានការិយាល័យបុគ្គលិកលោក ម៉ិច សម្បត្តិ ចុះប្រមូលលុយ ក្នុងការតែងតាំងតួនាទី នាយក នាយករង ជាបន្តបន្ទាប់ មានដូចជា វិទ្យាល័យ សម្តេចឪ វិទ្យាល័យ សុខ អាន សូបិណ វិទ្យាល័យ ហ៊ុន សែន ក្រាំងស្លា វិទ្យាល័យ សុខអាន សំរោង។ ល។ ៣- ដកលុយ ថវិកាតាមកម្មវិធី របស់ការិយាល័យយុវជន ចំនួន ៨ លានរៀល ចាយផ្ទាល់ខ្លួន ដោយបន្ថយថ្ងៃសិក្សារបស់សិក្ខាកាម អស់ ៦ ថ្ងៃ ក្នុងមួយវគ្គ ទាំងអស់ ២ វគ្គ ឆ្នាំ២០១៣ (អាចសាកសួរ លោក ស្រី ចាន់បូរ៉ាត់) ។ល។ បញ្ជាយកលុយពីការិយាល័យ គណនេយ្យ ១០០ លានរៀល តែគណនេយ្យថា អត់លុយឲ្យតែ ១ ម៉ឺនដុល្លារ និងការិយាល័យផ្សេងៗទៀត ដើម្បីទិញឡាន ២ ម៉ឺនដុល្លារ ទិញដី ៥ ម៉ឺនដុល្លារ (ដីជាប់ផ្សារ) និងអោយថ្នាក់លើ។ ៤- យកលុយប្រើប្រាស់មន្ទីរ ពីខែសីហា ដល់ ខែមីនានេះ ប្រហែល ៥០០ លានរៀល ទៅទិញឡាន ទិញដីជិតផ្សារ ធ្វើផ្ទះ រកស៊ីចងការប្រាក់ និងអោយថ្នាក់លើ ធ្វើអោយមន្ទីរដំណើរការ ជួបបញ្ហាជាប់គាំងស្ទើរផ្ទុះហើយ តែមិនអាចដោយសារគាត់ មានអ្នកនៅក្រសួង គឺរដ្ឋមន្ត្រី និងពិសេសមនុស្សម្នាក់ នៅនាយកដ្ឋានបុគ្គលិក ជួយការពារគាត់។ ៥- លោកប្រធានមន្ទីរអប់រំ ស៊ីវ សុខន បានផ្លាស់ប្តូរគ្រូចាស់ និងទើបចេញថ្មី (ដូចជាប្តូរគ្រូចេញពីកន្លែងខ្វះគ្រូ ទៅសាលាលើសគ្រូ ដោយទទួលយក លុយក្នុងម្នាក់ ពី ៥០០ ដុល្លារ ទៅ ៨០០ ដុល្លារ) ចំនួន ២៣២ នាក់ ពិសេស រួមទាំងគ្រូ នៅបឋមសិក្សាឡើង ទៅបង្រៀន នៅអនុវិទ្យាល័យ (ចំនួន ៥៣ នាក់)។ កាត់លុយ អាហារូបករណ៍សិស្ស ពិសេសសិស្សអាហារូបករណ៍ ដែលបោះបង់ មន្ទីរកាត់ ៥០% នាយក យក៥០%។ សូមក្រសួងអប់រំ ពិនិត្យស្រាវជ្រាវ គ្រូចេញថ្មី ដែលទើបចាប់ប៉ុស្តិ៍ ចូលវិទ្យាល័យ ហ៊ុន សែន ត្នោតជុំ ទើបបើកថ្មី នៅស្រុកត្រាំកក់ ចំនួន ៦ នាក់ អោយលុយ លោក ស៊ីវ សុខន ម្នាក់ប៉ុន្មាន បានជាដូរចេញ ទៅសាលាលើសគ្រូ បានទាំងអស់ គ្មានសល់ ធ្វើអោយវិទ្យាល័យ ហ៊ុន សែន ត្នោតជុំ ទើបបើកថ្មី គ្មានគ្រូបង្រៀន គ្រប់ឯកទេស រួចសាលាបង្កើតអោយមានលុយម៉ោងបន្ថែម ធ្វើអោយខាតថវិការដ្ឋ ដោយសារអំពើពុករលួយ និងការមិនទទួលខុសត្រូវ របស់លោកប្រធានមន្ទីរ និងធ្វើអោយមានវិសមភាពគ្រូបង្រៀន ជាមួយថ្នាក់រៀនថែមទៀត មាននៅអនុវិទ្យាល័យ ក្តុលជ្រុំ អនុវិទ្យល័យតារាគមន៍ និងសាលាមួយចំនួន ច្រើនទៀត មិនបានរៀបរាប់អស់។ល។ ៦- សាលារៀនមិនសូវបានរៀនទេ ដោយអំពើពុករលួយ របស់នាយកសាលាមួយចំនួន។ ៧- មន្ត្រីអប់រំជាច្រើន បានទទួលលុយមុខងារ មិនសមស្របតាមតួនាទី ព្រោះ លោក ម៉ិច សម្បត្តិ កាត់លុយតែមន្ត្រីណា ដែលមិនអោយលាភគាត់ ហើយបើអ្នកអោយលាភនោះ គាត់ទុកអោយបានលុយមុខងារ ខ្ពស់ខុសប្រក្រតី (មិនតាមច្បាប់កំណត់) បើតាមព័ត៌មានក្រៅផ្លូវការ ចំណូលនោះ មិនតិចជាង ៤ លានរៀល ក្នុង១ខែ ដោយជូនលោកប្រធានមន្ទីរអប់រំ ស៊ីវ សុខន ២ លាន ក្នុង១ខែ។ ជាពិសេសលុយផ្សេងៗទៀត ដែលបានកាត់នោះ តាមស្រុក និងមន្ទីរ មិនបង់ចូលថវិការដ្ឋទេ គឺលោក ស៊ីវ សុខន យកម្នាក់ឯង។ ៨- លោកប្រធានមន្ទីរអប់រំ ស៊ីវ សុខន និងនាយកដ្ឋានបុគ្គលិកក្រសួងអប់រំ បានទទួលសំណូក ដើម្បីការពារ និងផ្តល់តំណែង ជូនលោកស្រី ចាន់ បូរ៉ាត់ លោក ម៉ិច សម្បត្តិ និងអ្នកស្រី ចាន់ វណ្ណៈ (លោក មាស ផុន ពេលថ្មីៗនេះ បានទទួលុយបង្វិលវិញ ជាបណ្តោះអាសន្ន ពីលោកស៊ីវ សុខន ដោយពុំអាចជួយបានទេ ព្រោះក្រសួងអប់រំ និងអភិបាលខេត្ត មិនចូលរួមអំពើពុករលួយខុសច្បាប់ ជាមួយលោកប្រធានមន្ទីរទេ ព្រោះលោក មាស ផុន ជាគ្រូកម្រិតមូលដ្ឋាន បើតាមគោលការណ៍ ត្រូវតែយក ប្រធានការិយាល័យ ជាគ្រូកម្រិតឧត្តម ដែលកាន់ការិយាល័យជំនាញ សំខាន់ៗ របស់មន្ទីរ។ បញ្ជាក់ លោកមាស ផុន ត្រូវបានជួយដោយខុសច្បាប់ដើម្បីឡើងជាអនុប្រធានមន្ទីរ តាមរយៈលោកស៊ីវ សុខន ដោយបន្លំលិខិតស្នាមវាយតម្លៃ សូមក្រសួង និងអភិបាល ខេត្តស្រាវជ្រាវបន្ទាន់) និងអ្នកដទៃជាច្រើនទៀត ដូចបានរៀបរាប់ខាងលើ លោកស៊ីវ សុខន កំពុងបន្លំលិខិតស្នាមវាយតម្លៃ ជួយអ្នកអោយលុយគាត់ បានជាបណ្តើរៗហើយ សូមស្រាវជ្រាវផង។ រឿងមួយទៀត មុននេះបានប្រគល់លុយឲ្យ ចាន់ វណ្ណៈវិញហើយ ដោយបានលុយតិចពេក។ ប៉ុន្តែថ្មីៗនេះទៀត ចាន់ វណ្ណៈ បានថែមលុយចំនួន ៣.០០០ ដុល្លារ ជូនលោក ស៊ីវ សុខន គាត់ថា យល់ព្រមជួយវិញហើយ ពិតជាខ្លាំងមែន លោកប្រធាន ពូកែគោះណាស់ សូមជូនមេដាយមួយ ហើយរូបសញ្ញាក្រពើ (លក់ឧត្តមគតិ)។ ៩- មានវិធានការកំចាត់អំពើពុករលួយ តាមសាលារៀន ក្នុងការចាយថវិកា តាមកម្មវិធីដោយកំណែទម្រង់ អោយមាន គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងការចូលរួម គ្រប់យន្តការ រួមទាំងប្រឆាំងអំពើពុករលួយផង។ ១០- សូមអោយមានប្រធានមន្ទីរ មានសមត្ថភាពដឹកនាំ និងគ្រប់គ្រងផង ព្រោះលោកប្រធានមន្ទីរអប់រំ ស៊ីវ សុខន បានដឹកនាំមន្ទីរនេះ ដោយសារបន្លំ សញ្ញាបត្រទេ គាត់រៀនបានថា្នក់ទី៦ និងបន្លំឯកសារ ដើម្បីធ្វើសមាហរណកម្ម ទៅជាមន្ត្រី (ខ) ដោយផ្ទេរពីយុវជនខេត្ត មកក្នុងឆ្នាំ១៩៩០។ * ជាពិសេសលោក ប្រធានមន្ទីរអប់រំ ស៊ីវ សុខន ១- ជាគ្រូមានសញ្ញាបត្រ ត្រឹមតែបឋមសិក្សា ២- ផ្ទេរមកពីយុវជន មិនធ្លាប់ឆ្លងកាត់សាលាគរុកោសល្យ ឬ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ណាមួយឡើយ។ ៣- មិនធ្លាប់ជាគ្រូបង្រៀន នាំឲ្យគ្រប់គ្រងគ្រូបង្រៀន ដោយរបៀបណា? ៤- អតីតជាប្រធានកង ក្នុងរបបខ្មែរក្រហម (ជាមេកង នៅព្រះនេត្រព្រះ) ៥ – ការដឹកនាំរបស់ប្រធានមន្ទីរ សព្វថ្ងៃនេះ ប្រៀបដូចជា ឡានចំណុះ២តោន យកទៅដឹក៥តោនអ៊ីចឹង អូយ យ៉ាប់ភ្នែកណាស់។ អនុប្រធានមន្ទីរ មានសមត្ថភាពពេញលេញ មានលោក ឡោ វិរិទ្ធ និង អ្នកស្រី សារី ផល្លី និងអ្នកមានសមត្ថភាពខ្ពស់ៗ និងមានជំនាញច្បាស់លាស់ ជាច្រើនទៀត មួយណាក៏បានដែរ។ ១០ – បុគ្គលិក ការិយាល័យកីឡា កំពុងឈ្លោះគ្នា ដោយសារប្រធានមន្ទីរអប់រំខេត្តតាកែវ ដកលុយសម្រាប់ការប្រកួតកីឡា ថ្មីៗនេះ យកទៅចាយផ្ទាល់ខ្លួន ច្រើនពេក។ ឆ្លៀតពេលនោះ ក៏កាត់លុយតាមស្រុកមួយចំនួនធំផងដែរ ដើម្បីចាយផ្ទាល់ខ្លួនទៀត ចំជាហ៊ានមែន លោកប្រធានមន្ទីរ សូម្បីកីឡាករទាំងអស់ ក៏ជ្រាប មិនតែប៉ុណ្ណោះ ដកលុយជួសជុលទីលានកីឡាទូទាំងខេត្ត ចំនួន ២២ លានរៀល ចាយផ្ទាល់ខ្លួនទៀត។ ១១ -សូមអ្នកពាក់ព័ន្ធ ជួយដោះស្រាយ ដោយស៊ើបអង្កេតផង ទុករបៀបនេះទៀត ឬយ៉ាងណា ឬទុកអោយយុវជនជំនាន់ក្រោយ បាត់ទំនុកចិត្ត ទើបសុខចិត្ត។ សូមជម្រាបលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ជ្រាប លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តុលាការសង្គម ជាទីគោរព ពិសេសរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង សម្តេចតេជោ ជួយរកយុត្តិធម៌ផង បញ្ហាពុករលួយ ក្នុងមន្ទីរអប់រំខេត្តតាកែវ។ (អាចសួរបុគ្គលិកមន្ទីរអប់រំទាំងអស់នោះ បានដឹងហើយ) ១២- ឮ លោក ស៊ីវ សុខន អួតថា រដ្ឋមន្ត្រីអប់រំ ជាមេ ហើយអភិបាលខេត្ត លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ (ជាមេយុវជន របស់គាត់) និងនាយកដ្ឋានបុគ្គលិក បានជូនដុល្លារខ្លះដែរ ទើបហ៊ានធ្វើបែបនេះ បើមិនដូច្នោះ គេដកគាត់ទៅក្រសួងយូរហើយ។ គាត់បានបន្ថែមថា អ្នកណាមិនត្រូវការលុយ ចុះមូលដ្ឋាន កាន់តែធំ ស៊ីកាន់តែច្រើនដែរ ត្រូវយល់។ យី!គាត់ឆ្លាតណាស់តើ ទើបបានជាគាត់អត់ខ្លាចសោះ អស់មួយករណី ថែមមួយករណី អ្នកណាធ្វើអីលោកបាន សូមអញ្ជើញ!
ទាក់ទងការចោទប្រកាន់នេះលោក ស៊ីវ សុខន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ បានធ្វើការបដិសេធថាលោកពុំបានប្រព្រឹត្តដូចការចោទនោះទេ ហើយបញ្ហានេះលោកបានរាយ ការណ៍ទៅក្រសួងរួចរាល់ដែរ។
ចំណែកមន្ត្រីនៅក្នុងមន្ទីរអប់រំមួយចំនួនដែលមិនពេញចិត្តលើ ការដឹកនាំរបស់ប្រធានខ្លួននោះបានអះអាងថាការនិយាយរបស់លោកប្រធាន មន្ទីរ ស៊ីវ សុខន នោះជាការដោះសារយក រួចខ្លួន។ មន្ត្រីដដែលក៍បានអំពាវនាវសូមឲ្យលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ហង់ ជួនណារ៉ុង និងលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាំបាច់ត្រូវតែបើកការស៊ើបអង្កេត ហើយកោះហៅមន្ត្រីនៅក្នុងមន្ទីរទាំងអស់សាកសួរម្តង មួយៗនិងដឹងការពិត។ ហើយបញ្ហាសំខាន់គឺពុំត្រូវជឿលើការបកស្រាយរបស់លោកប្រធានមន្ទីរ ស៊ីវ សុខន និងបក្ខពួកទេ ព្រោះថាលោកប្រធានមន្ទីរ ស៊ីវ សុខន និងបក្ខពួកមួយចំនួនពូកែ បកស្រាយកាយកប់ត្រឡប់ជាន់ពីសទៅខ្មៅអ្នកល្មមៗជឿជាក់ថាគាត់ជាមនុស្សស្មោះ សម្បើមណាស់៕
ដោយ៖ នាយដន
» Breaking News, ព័ត៌មានជាតិ » រឿងអាស្រូវពុករលួយនៅមន្ទីរអប់រំខេត្តតាកែវ គួរបើកការស៊ើបអង្កេត