ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចអះអាងថា ស្រវឹងស្រាជោគខ្លួនបានបើកបរ រថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡា ក្នុងល្បឿនលឿនបានជ្រុលទៅបុកគូទរថយន្តប្រមូលសម្រាមរបស់ក្រុមហ៊ុនស៊ិនទ្រី មួយគ្រឿងពេញទំហឹង បណ្តាលឲ្យ ក្បាលរថយន្ត កូរ៉ូឡាគាបជាប់គ្នាជាមួយនឹងគូទរថយន្តស៊ិនទ្រី កាលពីវេលាម៉ោង ២៤ នឹង ៣០ នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ខែកក្កដាឆ្នាំ ២០១៣ នៅជិតស្តុបដីអិន តាម បណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ ៧មករា ។
សមត្ថកិច្ចមូលដ្ឋានដែលចុះទៅពិនិត្យដល់កន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើត ហេតុមាន រថយន្តដឹកសម្រាមមួយគ្រឿង របស់ក្រុមហ៊ុនស៊ិនទ្រី បានបើកបរក្នុងល្បឿន តិចៗដើរប្រមូលសម្រាមតាមមុខ លំនៅឋានប្រជាពលរដ្ឋ លើដងផ្លូវកម្ពុជាក្រោម ខណៈ បើកដល់ចំណុចជិតស្តុបដីអិន ស្រាប់តែមាន បុរសម្នាក់ វ័យជាង ៣០ ឆ្នាំ ស្ថិតក្នុងស្ថាន ភាពស្រវឹងស្រាជោគខ្លួន ងើបមុខស្ទើមិនរួច បានបើកបររថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U 4412 ធ្វើដំណើរតាមបណ្តោយផ្លូវ កម្ពុជា ក្រោម ក្នុងទិសដៅពី លិចទៅកើត ដោយបានជិះយ៉ាងលឿន បានជ្រុលទៅបុកគូទ រថយន្តដឹកសម្រាមពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យក្បាលរថយន្តកូរ៉ូឡា គាប ជាប់នឹងគូទរថយន្តស៊ិនទ្រីបន្តដំណើរទៅមុខលែងរួច ហើយរថយន្តកូរ៉ូ ឡាត្រូវខូចខាត ផ្នែកខាងមុខស្ទើទាំងស្រុង ចំណែករថយន្តស៊ិនទ្រីមិនមានរងការខូចខាតអ្វីទេ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ នឹង សម្របសម្រួលរវាង ភាគីទាំងពីរ ឲ្យត្រូវរូវគ្នាដើម្បីបញ្ចាប់រឿង មិនចង់ឲ្យវែងឆ្ងាយ ដោយតម្រូវឲ្យភាគីរថយន្តកូរ៉ូឡា សងសំណងដល់ ភាគីរថយន្តស៊ិនទ្រី ។ ដោយមានការពន្យល់ពីសមត្ថកិច្ចភាគីទាំងពីរ ក៏បានសម្រេចចរចាគ្នាបញ្ចប់រឿង ភ្លាមៗតែ ម្តង ៕
ដោយ៖ ទុយ បញ្ញា