ឧត្តរមានជ័យ៖ នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ លោក ញ៉ែម ណៃវ៉ាន់ រួមនិង មន្ត្រីមានសមត្ថកិច្ចជាច្រើនដែលឈរជើងនៅស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យត្រូវបានគេអះអាងថាគឺជាឧក្រិដ្ឋជនលាក់មុខធ្វើឲ្យពលរដ្ឋខ្មែរជាច្រើននាក់ ស្លាប់ របួសនិងត្រូវចាប់ខ្លួនដាក់គុកពី សំណាក់យោធាថៃ ដោយសារតែពលរដ្ឋខ្មែរទាំងនោះបានឡើងលួចកាប់ឈើគ្រញូងលើទឹកដីថៃយកមក លក់ឲ្យឈ្មួញដែលចាំទិញនៅជាប់ព្រំដែន។
ការចោទប្រកាន់ លោក ញ៉ែម ណៃវ៉ាន់ នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទដ៏ចាស់ ដុះស្លែនិងសមត្ថកិច្ចជាច្រើននៅស្រុកត្រពាំងប្រាសាទនេះ ដោយកន្លងមកគេបានតាមដានយ៉ាងយកចិត្តទុកដាក់ខណៈពេលដែលពលរដ្ឋខ្មែរឡើងទៅលួចកាប់ឈើគ្រញូងលើទឹកដីថៃជាប់ព្រំប្រទល់ ស្រុក ត្រពាំងប្រាសាទត្រូវបានយោធាថៃបាញ់ សំលាប់ ស្លាប់ របួស និងចាប់ខ្លួនដាក់គុក។ ប៉ុន្តែសកម្មភាពឡើងលួចទៅកាប់ឈើលើទឹកដីថៃ នៅតែកើតមានជាបន្តបន្ទាប់ដោយសារតែមានឈ្មួញចាំទទួល ទិញឈើនៅព្រំដែនស្រុកត្រពាំងប្រាសាទ និងពុំមានការបង្ក្រាបពីសំណាក់រដ្ឋបាលព្រៃឈើ និងសមត្ថ កិច្ចពាក់ព័ន្ធនៅទីនោះ ហើយមេឈ្មួញជាអ្នកបង់ថ្លៃសេវាទៅគ្រប់សមត្ថកិច្ចនៅទីនោះ ដើម្បីឲ្យប្រជា ពលរដ្ឋចូលទៅកាប់ឈើ។
ទោះបីជាមានករណីយោធារថៃបាញ់សំលាប់ពលរដ្ឋខ្មែរជាបន្តបន្ទាប់ក្តី សំរាប់នៅលើទឹកដីស្រុកត្រពាំងប្រាសាទគឺនៅតែមានឈ្មួញនៅចាំទទួលទិញអនុផលព្រៃឈើដែលពលរដ្ឋខ្មែរយកឈាមទៅប្តូរដើម្បីយកមកលក់ឲ្យឈ្មួញ។ក្រោយពីឈ្មួញទទួលទិញឈើដែលជាលោហិតនោះបានច្រើន គេបានដឹកតាមរថយន្តតូចធំចេញពីស្រុកត្រពាំងប្រាសាទចេញទៅកាន់ទីផ្សារយ៉ាងរលូនដោយបង់ប្រាក់ឲ្យនាយសង្កាត់រដ្ឋបាលព្រៃឈើលោក ញ៉ែម ណៃវ៉ាន់ និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន។ ហើយយូរៗគេបានឃើញកំលាំងរដ្ឋបាលព្រៃឈើរបស់ លោក ញ៉ែម ណៃវ៉ាន់ បង្ក្រាបសកម្មភាព ដឹកឈើខុសច្បាប់នោះម្តង។ រាល់សកម្មភាពបង្ក្រាបមួយចំនួនរបស់រដ្ឋបាលព្រៃឈើ លោក ញ៉ែម ណៃវ៉ាន់ ភាគច្រើនគឺដោយសារឈ្មួញអាងខ្លួនជាយោធា ខ្លះអាងជាមន្ត្រីមានអំណាច និងចែកផល ប្រយោជន៍តិចតួចទៅឲ្យ លោក ញ៉ែម ណៃវ៉ាន់ ។ មួយចំនួនទៀតករណីខ្លះនៅពេលដឹកឈើចេញទៅ រថយន្តក្រឡាប់ក្អែលចេញឈើបែករឿង រួមនិងជម្លោះសមត្ថកិច្ច និងសមត្ថកិច្ចផ្សេងៗដែលចែក ប្រយោជន៍គ្នាមិនត្រូវ។
ដើម្បីបង្ការកុំឲ្យពលរដ្ឋខ្មែរបាត់បង់ជីវិត របួស និងចាប់ខ្លួនដាក់គុកពីសំណាក់យោធាថៃតទៅ ទៀត រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បើកការស៊ើបអង្កេតរកមុខជន ខិលខូចដែលជាអ្នកអនុញ្ញាតឲ្យឈ្មួញទទួលទិញឈើលោហិត ដើម្បីកេងចំណេញប្រាក់លើអាយុ ជីវិតអ្នកដទៃយកមកផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរតាមច្បាប់។ ប្រសិនបើយើងមិនវែកមុខជនខិលខូច ដែលស្ថិតនៅក្រុមមន្ត្រីមានសមត្ថកិច្ចទេ ពលរដ្ឋខ្មែរនៅតែបន្តឡើងទៅលួចកាប់ឈើលើទឹកដីថៃ ហើយថៃនៅតែបន្តបាញ់សម្លាប់ និងចាប់ខ្លួនពលរដ្ឋខ្មែរដាក់គុកដដែល។ លទ្ធផលចុងក្រោយ ធ្វើឲ្យប្រទេសទាំងពីរមើលមុខគ្នាមិនត្រង់ដោយសារករណីយោធាថៃបាញ់សម្លាប់ពលរដ្ឋខ្មែរនិងដោយសារពលរដ្ឋខ្មែរឡើងទៅលួចកាប់ឈើលើទឹកដីថៃ៕ ដោយ៖ ឃុន ពិមោច
» Breaking News, ព័ត៌មានជាតិ » មេព្រៃត្រពាំងប្រាសាទនិងមេឈ្មួញឈើប្រណីត បង្កបទឧក្រិដ្ឋនាំឲ្យខ្មែរស្លាប់