ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » លោក រាជ សីមា ជា​មូលហេតុ​នាំអោយ​ផែនការ​សម្របសម្រួល​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន​ខេ​ឌី​ស៊ី និង​អ្នកភូមិ​ឡ​ពាង​ទទួល​បរាជ័យ​ ​

លោក រាជ សីមា ជា​មូលហេតុ​នាំអោយ​ផែនការ​សម្របសម្រួល​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន​ខេ​ឌី​ស៊ី និង​អ្នកភូមិ​ឡ​ពាង​ទទួល​បរាជ័យ​ ​

កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី​៩ មេសា ឆ្នាំ​២០១៤ ការដោះស្រាយ​ទំនាស់​ដីធ្លី នៅ​ភូមិ​ឡ​ពាង​បន្ត រវាង​អ្នកស្រុក ជាមួយនឹង ក្រុមហ៊ុន​ខេ​ឌី​ស៊ី បាន​បរាជ័យ ដោយសារតែ ប្រជាពលរដ្ឋ ៨​គ្រួសារ ក្នុងចំណោម ១៤​គ្រួសារ ដែល​បាន​កោះហៅ ក្រោម​ការដឹកនាំ របស់​តំណាង ឈ្មោះ រាជ សីមា បាននាំគ្នា​ដើរចេញ ខណៈ​ការជួប​ដោះស្រាយ​គ្នា​ទើបនឹង​ចាប់ផ្តើម ។ ប៉ុន្តែ​បន្ទាប់មក មាន​ប្រជាពលរដ្ឋ មួយ​គ្រួសារ បានសម្រេច​ចិត្ត ដោយ​ខ្លួនឯង វិលត្រឡប់​មកជួប សម្របសម្រួល ជាមួយ​ក្រុមហ៊ុន ហើយ​ទទួលយក​នូវ ប្រាក់​គោលនយោបាយ ដើម្បី​បញ្ចប់ទំនាស់ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ យល់ព្រម​ទទួលយក ប្រាក់​គោល នយោបាយ ពី​ក្រុមហ៊ុន​ឡើងដល់ ៣៥​គ្រួសារ​ហើយ ។​
​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៤ គណៈកម្មការ​ដោះស្រាយ ទំនាស់​ដីធ្លី នៅ​ភូមិ​ឡ​ពាង ដែលមាន លោកជំទាវ​ដោក សុធា អភិបាលរង​ខេត្តកំពង់ឆ្នាំង ជា​ប្រធាន​គណៈកម្មការ​ដោះស្រាយបាន​កោះហៅ​ប្រជាពលរដ្ឋ ចំនួន​១៤​គ្រួសារ ចូលមក​ធ្វើការ​សម្របសម្រួល​ដោះស្រាយ ជាមួយ​ភាគី​ក្រុមហ៊ុន បន្តទៀត នៅ​សាលាស្រុក​កំពង់ត្រឡាច ។ ប៉ុន្តែ​មានតែ​ប្រជាពលរដ្ឋ ចំនួន​៨​គ្រួសារ​ប៉ុណ្ណោះ បានមក​ចូលរួម​ជា​ផ្លូវការ ដែល​ក្នុង​៨​គ្រួសារ​នោះ ត្រូវបាន​គេ​អះអាងថា មាន​៦​គ្រួសារ​គឺជា សាច់ញាតិ​បងប្អូន​ឳ​ពុក​ម្តាយ របស់ បុរស​ឈ្មោះ រាជ សីមា ដែល​កន្លងទៅ តែងតែ​ចេញមុខ​អះអាងថា ខ្លួន​តំណាងឱ្យ​ប្រជាពលរដ្ឋ ហើយ​ជារឿយៗ​រាល់​ការដោះស្រាយ ឱ្យតែ​មានឈ្មោះ រាជ សីមា ចូលរួម​គឺ​តែងតែ​បរាជ័យ​មិនអាច​ដំណើរ​ទៅមុខ ។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៩ មេសា ខណៈ​ការជួប សម្របសម្រួល​ដោះស្រាយ ទើបនឹង​ចាប់ផ្តើម ប្រធាន​គណៈកម្មការ​បា​ន​ឡើង​ថ្លែង មិនទាន់​ទាំង​ចប់​ផង ស្រាប់តែ​ឈ្មោះ​រាជ សីមា បាន​ងើបឈរ ស្រែក​ជំទាស់ រួចហើយ​ប្រកាស​ឱ្យ អ្នកផ្សេងៗ​ទៀត នាំគ្នា​ដើរចេញ​ពី​បន្ទប់​ប្រជុំ ដោយ​ឈ្មោះ រាជ សីមា លើក​ហេតុផល​ថា ការដោះស្រាយ​របស់​អាជ្ញា​ធរ និង​ក្រុមហ៊ុន មាន​លក្ខណៈ​ដូច​ការដោះស្រាយ​លើក​មុនៗ​មិន​យុត្តិធម៌​សម្រាប់​ពួកគេ​ឡើយ ។ ខណៈ​ដើរ​ចេញពី​បន្ទប់ ដោះស្រាយ​ឈ្មោះ​រាជ សីមា បានធ្វើ​ការអះអាង​ប្រាប់​អ្នកកាសែត​ថា មូលហេតុ​ដែល​ពួកគេ​ដើរចេញ ដោយសារតែ គណៈកម្មការ​និង​ក្រុមហ៊ុន ដោះស្រាយ​មិន​ត្រឹមត្រូវ ដូច​តែ​លើក​មុនៗ ។ ក្នុងនោះ ឈ្មោះ​រាជ សីមា បាន​អះអាងថា “​ក្រុមហ៊ុន​ឱ្យ​តម្លៃ​ដី​ថោក​ពេក ដែល​ប្រជាពលរដ្ឋ មិនអាច​យកលុយ​នេះ​ទៅ​ទិញ​ដី នៅ​កន្លែង​ផ្សេង​បាន​សម្រាប់​ប្រកប​របរ​ចិញ្ចឹមជីវិត បានទេ​, សព្វថ្ងៃ​អ្នក​ដែល​បានទទួល​យកលុយ​នោះ​រួចហើយ កំពុងតែ​ទឹកភ្នែក ដូច្នេះ​ពួកគេ​មិន​សុខចិត្ត​ឡើយ ហើយ​ហ៊ាន​តតាំង​គ្នា ជាមួយ​ក្រុមហ៊ុន នៅ​តុលាការ ក៏បាន ទោះបី​តុលាការ ដែល​ពួក​ខ្ញុំ​មិន​សង្ឃឹមថា​ឈ្នះ​ក៏ដោយ​” ។​
​ដោយឡែក​គណៈកម្មការ​ដោះស្រាយ លោកជំទាវ ដោក សុធា បាន​ថ្លែងប្រាប់​អ្នកកាសែត នៅ​សាលាខេត្ត​កំពង់ឆ្នាំង ពាក់ព័ន្ធ​ទៅនឹង ករណីនេះ​ថា បើទោះបី​មានគ្រួសារ​ខ្លះ មិនទាន់​ទទួលយក​គោលនយោបាយ ហើយ​ដើរ​ចេញពី សាលប្រជុំ នៅ​សាលាស្រុក​កំពង់ត្រឡាច​ក៏ដោយ ប៉ុន្តែ​អ្នកដើរ​ចេញ​ដដែល​នោះ​មួយចំនួន​មកជួប​ជាមួយ តំណាង​ក្រុមហ៊ុន​ខេ​ឌី​ស៊ី ដើម្បី​បញ្ជាក់​ប្រាប់ថា ខ្លួន​ព្រម​ទទួលយក​នូវ​ដំណោះស្រាយ ដែល​ឯកភាពគ្នា ហើយ​គ្រួសារ​នៅ​ជំទាស់ កាន់​តែមាន​ចំនួន​តិច​ទៅៗ ។ លោកជំទាវ ដោក សុធា បាន​បញ្ជាក់ថា “​ប្រជាពលរដ្ឋ ដែលមាន​បញ្ហាដីធ្លី ជាមួយ​ក្រុមហ៊ុន មិនមាន​ឯកសារ គ្រប់គ្រាន់ និង​ច្បាស់លាស់​ឡើយ តែ​គណៈកម្មការ​របស់ខ្ញុំ នៅតែ​ជួយ​សម្របសម្រួល​រវាង​ភាគី​ទាំងពីរ ដើម្បី​ប្រយោជន៍ ប្រជាពលរដ្ឋ​ផង ពីព្រោះ​ភ្លៀង​ធ្លាក់​បណ្តើរៗ​ហើយ , ហើយក៏​ប្រញាប់​ឱ្យ​ក្រុមហ៊ុន​បាន អភិវឌ្ឍ​លឿន​ផង ។ ពិសេស​មានគ្រួសារ​ជា​បន្តបន្ទាប់ ដែល​មិន​ព្រម​នោះ ពួកគេ​មកជួប​ជាមួយ​ក្រុមហ៊ុន ទទួលយក​ដំណោះស្រាយ , ហេតុនេះ បញ្ហា​នឹង​ទទួលបាន​ជោគជ័យ​ច្រើន នាពេល​ខាងមុខនេះ​” ។​
​សូមបញ្ជាក់ថា អ្នកភូមិ​ឡ​ពាង ចំនួន​៥២​គ្រួសារ បាន​អះអាងថា ខ្លួន​មានទំនាស់​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ខេ​ឌី​ស៊ី ខណៈដែល​ក្រុមហ៊ុន​នេះ កាលពី​ឆ្នាំ​២០០៧ បាន​ទិញ​ដី ដែលមាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ ពី​ក្រុមហ៊ុន​មួយ​ផ្សេងទៀត ដែល​ប្រមូល​ទិញ​ដី​ពី​ប្រជាពលរដ្ឋ នៅក្នុង​ឆ្នាំ​១៩៩៧ ។ ក្រោយ​ក្រុមហ៊ុន ខេ​ឌី​ស៊ី ទិញ​ដី ស្រាប់​តែមាន​ប្រជាពលរដ្ឋ ចំនួន​២២​គ្រួសារ បានធ្វើការ​ប្តឹងផ្តល់ ដោយ​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ចោទថា​ក្រុមហ៊ុន​រំលោភ​យក​ដី​ខ្លួន តែ​ចុងក្រោយ​តួលេខ​ប្រជាជន បាន​ឡើងដល់​៥២​គ្រួសារ ហើយ​ការដោះស្រាយ​គ្នា ទាំង​តាម​ប្រព័ន្ធតុលាការ ក៏ដូចជា​តាមរយៈ​ការសម្របសម្រួល​ដោយ អាជ្ញាធរ ចេះតែធ្វើ​ឡើងជា​បន្តបន្ទាប់ ។ លុះ​នៅ​ថ្ងៃទី​២៧ ខែមីនា ការដោះស្រាយ​បានចាប់ផ្តើម​បន្តទៀត ដោយ​អាជ្ញាធរ ខេត្តកំពង់ឆ្នាំង បាន​បង្កើត​គណៈកម្មកា​រ​មួយ​ឡើង មាន​លោកជំទាវ ដោក សុធា អភិបាលរង​ខេត្ត​ជា​ប្រធាន ដោយ​ក្នុងនោះ ក៏មាន​លោក សំ ចាន់​គា តំណាង​អង្គការ​អាដហុក នៅ​ខេត្តកំពង់ឆ្នាំង ជា​សមាជិក របស់​គណៈកម្មការ​នេះ​ផងដែរ ។​
​នៅ​ថ្ងៃទី​២៧ ខែមីនា នា​សាលាឃុំ​តា​ជេស ខណៈដែល​គណៈកម្មការ បាន​កោះហៅ​ប្រជាពលរដ្ឋ ១២​គ្រួសារ ចូលខ្លួន​មក​ដោះស្រាយ (​អវត្តមាន​មួយ​គ្រួសារ​) ដែល​ក្នុងចំណោម​គ្រួសារ​ទាំងនេះ ភាគច្រើន​ជា​សាច់ញាតិ និង​ដឹកនាំ​ដោយ ឈ្មោះ រាជ សីមា ជា​តំណាង បានទទួល​នូវ​ការបរាជ័យ ដោយសារតែ​ឈ្មោះ​រាជ សីមា បាន​ស្រែក​ជំទាស់ ហើយ​នាំគ្នា​ដើរចេញ​អស់ ។ ប៉ុន្តែ​នៅ​ថ្ងៃទី​២៨ មីនា ខណៈដែល​គណៈកម្មការ​កោះហៅ ចំនួន​២០​គ្រួសារ មក​ចូលរួម​ដោះស្រាយ​បន្តទៀត ដោយ​មិនមាន​វត្តមាន ឈ្មោះ រាជ សីមា ចូលរួម ស្រាប់តែ​ប្រជាពលរដ្ឋ មក​ចូលរួម​ដោះស្រាយ លើសពី​ការគ្រោងទុក ហើយក៏​ប្រព្រឹត្ត​ទៅដោយ​រលូន រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ជំទាវ ជា ខេង ជា​ប្រធាន​ក្រុមហ៊ុន ខេ​ឌី​ស៊ី បានធ្វើអោយ​បរិយាកាស​ល្អប្រសើរ និង​មាន​ក្តីសង្ឃឹម  ទាំង​ប្រជាពលរដ្ឋ​ក៏ដូចជា​គណៈកម្មការ​ដោះស្រាយ មានការ​យល់ស្រប​យោគយល់​គ្នាច្រើន ។ នៅ​ថ្ងៃទី​៤ ខែមេសា ខណៈ​គណៈកម្មការ កោះហៅ​ប្រជាពលរដ្ឋ ចំនួន​៣៨​គ្រួសារ ដោយ​គ្មាន​វត្តមាន ឈ្មោះ​១១​គ្រួសារ ដែល​ភាគច្រើន​ជា​សាច់ញាតិ និង​តំណាង​ដោយ​ឈ្មោះ​រាជ សីមា ចូលរួម​នោះ គឺ​ក្នុងចំណោម ៣៨​គ្រួសារ​មាន ប្រជាពលរដ្ឋ​៣៣​គ្រួសារ បាន​យល់ព្រម​ទទួលយក​ប្រាក់​គោលនយោបាយ ដោយ​ស្ម័គ្រចិត្ត ពី​ក្រុមហ៊ុន​ដើម្បី​បញ្ចប់ទំនាស់ ខណៈ​មួយ​គ្រួសារ​ទៀត​ពេល​ជួប​សម្របសម្រួល ជាមួយ​ក្រុមហ៊ុន ដាច់ដោយឡែក​ពីគ្នា​នោះ បានធ្វើ​ការជំទាស់ ដើរចេញ​មិន​ព្រម​ទទួលយក គោលនយោបាយ តែ​បន្តិចក្រោយមក ក៏បាន​មក​ធ្វើការ​ទាក់ទង​ជាមួយ​តំណាង​ក្រុមហ៊ុន ទទួលយក​ប្រាក់​គោលនយោបាយ​វិញ​ផងដែរ ។ នៅ​ថ្ងៃទី​៩ ខែមេសា ខណៈ​គណៈកម្មការ កោះហៅ​ប្រជាពលរដ្ឋ ១៤​គ្រួសារ មក​ដោះស្រាយ ជា​បន្ត ហើយ​មាន​៨​គ្រួសារ​មក​ចូលរួម ដែល​គ្រួសារ​ទាំងនេះ ភាគច្រើន ជា​សាច់ញាតិ និង​តំណាង​ដោយ ឈ្មោះ​រាជ សីមា​នោះ ក៏​ទទួល​បរាជ័យ បន្តទៀត ។ ប៉ុន្តែ​អ្វីដែល​ជាការ​កត់សម្គាល់ ខណៈដែល​ឈ្មោះ​រាជ សីមា បាន​ប្រកូក​ប្រកាស​ឱ្យ​អ្នកចូលរួម នាំគ្នា​ប្រឆាំង​ដើរចេញ​នោះ ស្រាប់​តែមាន​ប្រជាពលរដ្ឋ មួយ​គ្រួសារ ដែល​មើលឃើញថា ការដោះស្រាយ​នេះ​អាច​ទទួលយកបាន ក៏បាន​លបលួច​មក​ទា​ក់​ទង​ជាមួយ​តំណាង​ក្រុមហ៊ុន សម្របសម្រួល ហើយ​ទទួលយក​ប្រាក់​គោលនយោបាយ បញ្ចប់ទំនាស់​ដែល​ធ្វើឱ្យ​តួលេខ ឡើងដល់​ចំនួន ៣៥​គ្រួសារ​។ ក្នុងនោះ​ប្រជាពលរដ្ឋ ៣​គ្រួសារ​ផ្សេងទៀត ក៏បាន​ផ្តល់ព័ត៌មាន មក​គណៈកម្មការ ថា​ពួកគេ​សុខចិត្ត ទទួលយក​ប្រាក់​គោលនយោបាយ ពី​ក្រុមហ៊ុន ដើម្បី​បញ្ចប់ទំនាស់ ដោយ​ណាត់ជួប​ជាមួយ​ក្រុមហ៊ុន នៅវេលា​ថ្ងៃត្រង់ តែ​ចុងក្រោយ​បានទទួល​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​៣​គ្រួសារ​ខាងលើ រួមទាំង​គ្រួសារ​នៅ​សេសសល់ ត្រូវបាន​ឈ្មោះ​រាជ សីមា ប្រមូល​ទៅ​ប្រជុំ ធ្វើការ​បញ្ចុះបញ្ចូល មិន​ឱ្យមក​ទទួលយក ប្រាក់​គោលនយោបាយ ពី​ក្រុមហ៊ុន​ឡើយ ទើប​ធ្វើឱ្យ​គម្រោងការ​៣​គ្រួសារ​នេះ ត្រូវ​អាក់ខាន​ទៅវិញ ។​
​ជាការ​កត់សម្គាល់ នៅ​ថ្ងៃទី​៤ ខែមេសា ខណៈដែល​មាន​ប្រជាពលរដ្ឋ​ភាគច្រើន បាន​យល់ព្រម​បញ្ចប់ទំនាស់ ដោយ​ទទួលយក​ប្រាក់​គោលនយោបាយ ពី​ក្រុមហ៊ុន ក្រោម​ការសម្របសម្រួល​ដោះស្រាយ របស់​គណៈកម្មការ ដែលមាន​លោក សំ ចាន់​គា តំណាង​អង្គការសិទ្ធិមនុស្ស អាដហុក នៅក្នុង​នោះ មាន​វត្តមាន​ដែរនោះ ស្រាប់តែ ក្រោយមក​នៅ​ថ្ងៃទី​៧ ខែមេសា លោក សំ ចាន់​គា ដែល​តែងតែ​អះអាងថា ខ្លួន​ខិតខំ​ឈ្មុសឈ្មុល ដើម្បីឱ្យ​ទំនាស់ នេះ​ចប់​បាន​លឿន​នោះ បែរជា​ដាក់ពាក្យ​ទៅ​ប្រធាន​គណៈកម្មការ សុំ​លារ​ឈប់​ពី​សមាជិក​គណៈកម្មការ​ទៅវិញ ដោយ​លើក ហេតុផល​ថា ចូលក្នុង​គណៈកម្មការ​ដូច​ចូល​ស៊ង … នេះ​បើតាម​ការអះអាង របស់លោក​ជំទាវ ដោក សុធា ។ ក្នុងនោះ លោកជំទាវ ដោក សុធា បាន​លើកឡើងថា លោក សំ ចាន់​គា មាន​ឆន្ទៈ​ចង់​បញ្ចប់​រឿងនេះ គឺ​គាត់​នៅ​ជាមួយ គណៈកម្មការ​ដល់​ចប់ មិនចាំបាច់​ដកខ្លួន​ចេញ​នោះទេ ។​
​គិត​មក​ត្រឹម​ល្ងាច ថ្ងៃទី​៩ មេសា មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៣៥​គ្រួសារ​ហើយ បាន​យល់ព្រម​ទទួលយក ប្រាក់​គោលនយោបាយ ពី​ក្រុមហ៊ុន ខណៈ​នៅសល់​ប្រជាពលរដ្ឋ ចំនួន​១៣​គ្រួសារ​ទៀត ខ្លះ​រង់ចាំ ទទួល​ជួប​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​បញ្ចប់ និង​ខ្លះទៀត ដែល​ភាគច្រើន​ជា​សាច់ញាតិ របស់​ឈ្មោះ​រាជ សីមា​នោះ នៅតែមានៈ មិន​ចង់​បញ្ចប់ និង ៤​គ្រួសារ​ទៀត ក្នុងចំណោម​៥២​គ្រួសារ មិន​ពាក់ព័ន្ធ​ទំនាស់​ដី ជាមួយ​ក្រុមហ៊ុន​ខេ​ឌី​ស៊ី​ឡើយ គឺពាក់ព័ន្ធ​ជាមួយនឹង​ដី​អ្នកផ្សេង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya