ភ្នំពេញ៖ ទោះបីរាជរដ្ឋាភិបាល បានធ្វើកំណែទំរង់ស៊ីជម្រៅ និងលុបបំបាត់ អំពើពុក រលួយយ៉ាងសកម្មក៏ដោយក៏ ប្រធានរតនាគារខេត្តកំពង់ធំ និងបក្ខពួកនៅ តែបន្តការប្រព្រឹត្តអំពើពុករលួយ ដូចពេលមុនដដែលហាក់ពុំខ្លាចញញើត នឹង អង្គភាពប្រឆាំងអំពើពុករលួយនោះទេ ។
ការប្រព្រឹត្តអំពើពុករលួយរបស់ លោក ខែក វណ្ណា ប្រធានរតនាគារ ខេត្ត កំពង់ធំ និងបក្ខពួកបាន ធ្វើឲ្យជះឥទ្ធិពលអាក្រក់ និងការរីករាលដាល នូវជំងឺ ពុករលួយធ្វើឲ្យបះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សង្គមជាតិ ជាពិសេស គឺបះពាល់ ដល់ការអភិវឌ្ឍនៅក្នុងខេត្តកំពង់ធំតែម្តង ។
តាមសេចក្តីរាយការណ៍ពីខេត្តកំពង់ធំបានឲ្យដឹងថា នាពេលបច្ចុប្បន្ន លោក ខែក វណ្ណា ប្រធាន រតនាគារខេត្តកំពង់ធំ ដ៏យូរអង្វែងនៅ តែអនុវត្តន៍ទំលាប់ចាស់របស់គាត់ ក្នុងការទាមទារប្រាក់ទឹកតែពីមន្ទីរនិងក្រុមហ៊ុនដូចមុនដដែល ដោយពុំបានអនុវត្តន៍ តាមគោល នយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលនោះទេ ។ រាល់ខ្ទង់ប្រាក់របស់មន្ទីរ និងក្រុមហ៊ុនដែលត្រូវការស៊ីញ៉េរបស់ លោកប្រធានរតនា គារ ខែក វណ្ណា ដើម្បីដកសាច់ប្រាក់សាមីមន្ទីរនិងក្រុមហ៊ុនឡើងទៅជួបគាត់ជាមុន។ ហើយនៅពេលជួបលោក ខែក វណ្ណា សាមីមន្ទីរ និងក្រុមហ៊ុនត្រូវតែស្ពាយប្រាក់ទៅជូនគាត់ពី ៣ ទៅ ១០ ភាគរយនៃទឹកប្រាក់ដែលសុំ ដកឬក៏សន្យាថា នឹងជូនគាត់តាមការទាមទារ ទើបលោកប្រធានខែក វណ្ណា ស៊ីញ៉េជូនអនុញ្ញាត្តិឲ្យដក សាច់ប្រាក់ ។
ចំពោះទឹកប្រាក់តិចតួច ដែលមន្ទីរនិងក្រុមហ៊ុនរត់ការសុំដកនោះ ក៏ត្រូវចាយប្រាក់ជូន លោក ខែក វណ្ណា ដែរ ប៉ុន្តែមិនពិបាកទៅជួប គាត់ទេ គឺត្រូវផ្ញើប្រាក់តាមរយៈបេឡារតនាគារ ឈ្មោះហេង ប៉ុនធី ។
ចំណែកទឹកប្រាក់ដែលមានរាប់រយលានរៀលឡើងទៅគឺសាមីមន្ទីរនិងក្រុមហ៊ុន ចាំបាច់ត្រូវតែស្ពាយលុយទៅជូន លោក ខែក វណ្ណា ដោយផ្ទាល់នៅផ្ទះគាត់ឬនៅការិយាល័យ ។ ទឹកប្រាក់ដែល ខែក វណ្ណា ទាមទារទឹកតែនោះគឺប្រាក់រេចទ័យបុរេប្រទាន ប្រាក់ PB ប្រាក់សំភារៈកីឡា ប្រាក់បោះជំរុំយុវជននិងប្រាក់ដែលក្រុមហ៊ុនដេញថ្លៃបានពីការផ្គត់ផ្គង់សំភារៈនិងការសាងសង់ជាដើម ។
ដោយសារតែមានការប្រព្រឹត្តអំពើពុករលួយក្នុងការទាមទារប្រាក់ទឹកតែពីសាមីមន្ទីរនិងក្រុមហ៊ុនដ៏យូរអង្វែងមកនេះបានធ្វើឲ្យ លោក ខែក វណ្ណា មានជីវភាពខ្ពង់ខ្ពស់មានវីឡាជាច្រើនកន្លែង និងប្រាក់ រាប់លានដុល្លារ ដែលចាំបាច់ទាមទារឲ្យ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយត្រូវបើក ការ ស៊ើបអង្កេត ពីការប្រព្រឹត្តអំពើពុករលួយរបស់ លោក ខែក វណ្ណា និងបក្ខពួកដើម្បីអនុវត្តន៍នូវគោលនយោបាយរបស់ ប្រមុខរាជរដ្ឋា ភិបាលឲ្យមានប្រសិទ្ធភាព ៕ ពៅ