ភ្នំពេញ៖ លោកឡេង ឡារ៉ូ មន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បាននិងកំពុងធ្វើឱ្យប្រជាពលរដ្ឋរអ៊ូរទាំ និងក្តៅក្រហាយដោយសារតែ សកម្មភាពចេញដាក់ប៉ុស្តិ៍ជជុះ នៅតាមបណ្តោយផ្លូវជាតិលេខ២-៣ ដើម្បីកោសរូសទារលុយ ពីប្រជាពលរដ្ឋរកស៊ី ដឹកជញ្ជូនទំនិញកសិផលបន្តិចបន្តួច យកទៅលក់នៅភ្នំពេញ ។ ប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងកុងត្រូលជជុះរបស់ លោកឡេង ឡារ៉ូ ស្ថិតនៅក្នុងស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល គឺសំរាប់តែធ្វើសកម្មភាពចល័តប្រដេញចាប់ឃាត់រថយន្តដឹកជញ្ជូនទំនិញ របស់ប្រជាពលរដ្ឋ និងក្រុមឈ្មួញធំៗឱ្យចូលបង់លុយ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន មិនដែលខ្វល់ខ្វាយ ពីបទបញ្ជារបស់ថ្នាក់ លើទេ ។ ប្រជាពលរដ្ឋឱ្យដឹងថា លោក ឡេង ឡារ៉ូ អួតអាងថា គាត់បានទទួលលិខិតបេសកកម្ម ពីអគ្គស្នងការនគរបាលជាតិ ចុះទៅប្រចាំការតាមផ្លូវជាតិ លេខ២-៣។ ប៉ុន្តែការអនុវត្តជាក់ស្តែង បែរជា ផ្ទុយពីគោលការណ៍របស់ថ្នាក់លើ និងបំពាន ទៅលើកំណែទម្រង់ស៊ីជម្រៅ របស់សម្តេចតេជោហ៊ុន សែន ព្រោះគេបញ្ចេញកម្លាំងឱ្យធ្វើសកម្មភាព បង្កើតកុងត្រូលជជុះ ផ្ទុយពីគោលនយោបាយ ទាំង៩ចំណុចភូមិ-ឃុំមានសុវត្ថិភាព ។ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋ និងអ្នករកស៊ីដឹកទំនិញគ្រប់ប្រភេទ ស្រប និងមិនស្របច្បាប់ តាមផ្លូវជាតិលេខ២-៣ បានឱ្យដឹងថា កម្លាំងរបស់លោក ឡេង ឡារ៉ូ បានគំរាមកំហែងដល់ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ ដែលមិនព្រមបង់លុយឱ្យពួកគេ ទៅតាមការកំណត់ ដោយព្រមានចាប់ឃាត់បញ្ជូនទៅថ្នាក់លើឬបង់ពិន័យតាមច្បាប់តែម្តង ។ កន្លងមកថ្មីៗនេះ លោកឡេង ឡារ៉ូ ជានគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានធ្វើសកម្មភាពប្រដេញចាប់ឃាត់រថយន្តដឹកគោរបស់ប្រជាពលរដ្ឋ ដែល បើកឆ្លងកាត់កុងត្រូលជជុះរបស់ពួកគេ ដោយកោសរូសទារលុយពីប្រជាពលរដ្ឋយ៉ាងចាស់ដៃ ហើយគោដែលប្រជាពលរដ្ឋដឹកតាមរថយន្តនោះមានចំនួន២ក្បាល គឺពួកគាត់ទិញយកទៅ សម្រាប់ប្រើប្រាស់ ជាកម្លាំងអូសទាញ ធ្វើស្រែចម្ការ គ្រាន់តែឆ្លងកាត់ពីស្រុក មួយទៅស្រុកមួយសោះ ក៏ត្រូវចំណាយ លុយបង់ឱ្យលោកឡេង ឡារ៉ូ ដោយ គ្មានការយោគយល់នោះទេ បើទោះ បីជាពួកគាត់ ទិញគោយកមកប្រើ ប្រាស់ ហើយមានលិខិតស្នាមបញ្ជាក់ ពីភូមិ-ឃុំក៏ដោយ ។ ប្រជាពលរដ្ឋ និង អ្នករកស៊ីដឹកជញ្ជូនទំនិញតូចតាច មួយចំនួន បានបង្ហើបឱ្យដឹងថា លោកឡេង ឡារ៉ូ គឺជាជើងខ្លាំង មានជំនាញកាប់ដាវ ក្នុងការកោសរូស បង្ខំឱ្យពួកអ្នករកស៊ីបង់លុយទៅតាមអំពើចិត្ត ដូចជាការដឹកជញ្ជូនទំនិញកសិផល មានស្រូវ ពោតសណ្តែក យកទៅលក់នៅស្រុក យួន សុទ្ធតែជាប់កាតព្វកិច្ចបង់លុយឱ្យ លោកឡេង ឡារ៉ូ ក្នុង១រថយន្តយ៉ាង តិច២ម៉ឺនទៅ៥ម៉ឺនរៀល ដែលគេគិតថា ជាលុយថ្លៃបាយ។ ពេលខ្លះទៀត មន្ត្រីនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលប្រចាំការ តាមផ្លូវជាតិលេខ២បាន កោសរូសទាមទារត្រួតពិនិត្យទំនិញ ធ្វើឱ្យយឺតយូរ ខាតពេលវេលារបស់ក្រុមឈ្មួញជាមធ្យោបាយដើម្បីគំរាមទារលុយក្នុងកម្រិតខ្ពស់ ដែលក្រុមឈ្មួញមិន អាចតវ៉ាសុំចុះថ្លៃបានទេ ។ សំរាប់រថយន្តដឹកទំនិញ មកពីស្រុកយួនដូចជា គ្រឿងសំណង់ ទំនិញចាប់ហួយចម្រុះ ក៏ដូចជាទំនិញខុសច្បាប់មួយចំនួនទៀត មានត្រីឆ្តោ ត្រីចាប និងក្បាលត្រី ប្រឡាក់ជាតិគីមី ក៏ត្រូវលោក ឡេង ឡារ៉ូក្តោបក្តាប់មុខសញ្ញា ក្រុមឈ្មួញ បានយ៉ាងណែនក្នុងដៃ ហើយតម្រូវឱ្យបង់ លុយទៅតាមការកំណត់ យ៉ាងជាក់លាក់ មិនដែលមានផលរមាស់អ្វីទេ ប្រសិនបើក្រុមឈ្មួញមិនព្រមបង់លុយ ទៅតាមការកំហិត របស់លោកឡេង ឡារ៉ូ នោះទេ ច្បាស់ជាមិនរួចខ្លួនទេ ។ គេដឹងថា លោកឡេង ឡារ៉ូ មានទំនាក់ទំនង យ៉ាងជិតដិតជាមួយលោកឡុង ភោគ ដែលជាមេនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃប្រចាំការនៅខេត្តតាកែវ ដូច្នេះ រាល់មុខសញ្ញាក្រុមឈ្មួញ ដែលដឹក ជញ្ជូនទំនិញ មកពីស្រុកយួនទាំងតាមផ្លូវទឹក និងតាមផ្លូវគោក ត្រូវលោក ឡេង ឡារ៉ូ ក្តោបក្តាប់ទិន្នន័យបានទាំងអស់ ។ តាមគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ គឺមន្ត្រីនគរបាល សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលត្រូវបញ្ជូនឱ្យចុះប៉ុស្តិ៍ទាំងអស់ មានតួនាទី ត្រឹមតែស្រង់ទិន្នន័យ ពីបទល្មើសសេដ្ឋកិច្ច ដើម្បីរាយការណ៍ជូនថ្នាក់លើឬសុំកិច្ចសហការ ដើម្បីបង្ក្រាបការដឹកជញ្ជូនទំនិញខុសច្បាប់ របស់ក្រុមឈ្មួញ មួយចំនួន ប៉ុន្តែរឿងពិតលោក ឡេង ឡារ៉ូ បែរជាមានសិទ្ធិដាក់ប៉ុស្តិ៍ជជុះ យ៉ាងប្រសេចប្រសាច តាមផ្លូវជាតិ លេខ២ចាំប្រមូលលុយពីក្រុមឈ្មួញ មិនដែលក្រែងញញើតពីការរឹតបន្តឹង របស់អង្គភាព ប្រឆាំងអំពើពុករលួយអ្វីបន្តិចសោះឡើយ ៕ ដោយ៖ ព្រហ្ម វិលៀម