កំពត៖ រឿងអាស្រូវពុករលួយរបស់លោកប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្ត កំពត អ៊ុក ភារុណ បច្ចុប្បន្នសុំណុំរឿងមួយនេះបានធ្លាក់ចូលកណ្តាប់ដៃអង្គភាពប្រឆាំងអំពើពុក រលួយ ហើយនឹងបានធ្វើឲ្យលោកប្រធានមន្ទីររូបនេះ ភ័យស្លន់ស្លោ ព្រោះរឿងអាស្រូវរបស់គាត់ អាចប្រឈមមុខនឹងការបាត់បង់តំណែងរួមនិងការជាប់ពន្ធនាគារផងដែរ។
តាមសេចក្តីរាយការណ៍ពីមន្ត្រីប្រៃសណីយ៍ខេត្តបានឲ្យដឹងថាក្រោយពីគណៈប្រតិភូមួយក្រុមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ដឹកនាំដោយ លោក អគ្គាធិការ អ៊ូ បូរ៉ាត់ នៅព្រឹកថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែ មីនា ឆ្នាំ២០១៤ បានចុះធ្វើការស្រាវជ្រាវករណីអពើពុករលួយដុះស្លែរបស់ លោក អ៊ុក ភារុណ ប្រធានប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពតនោះ គេបានឃើញរូបគាត់មានសភាព ស្ងៀមស្ងាត់ និងមានទឹកមុខពោរពេញដោយការភិតភ័យ ប៉ុន្តែក្រោយមកលោកក៏មានទឹកមុខរីករាយឡើងវិញ។ បញ្ហានេះគេបានដាក់ការសង្ស័យថាអាចត្រូវដងត្រូវផ្លែជាមួយលោក អគ្គាធិការ អ៊ូ បូរ៉ាត់ ទើបបានឃើញទឹកមុខរីករាយនោះ។ ទន្ទឹមគ្នានោះលោកប្រធានមន្ទីរ អ៊ុក ភារុណ ក៏បានបញ្ជាឲ្យលោក លាប់ ចេស្តា ដែលឈ្មោះនេះមិនបានបំរើការងារតាំងពីឆ្នាំ ១៩៩៧ មកនោះ យកគំរូស៊ីញ៉េតាមអ្នកដែលស៊ីញ៉េជំនួសឲ្យ លោក លាប់ ចេស្តា នាពេលកន្លងមកដើម្បីបិទបាំងរឿង អាស្រូវពុករលួយដែលលោកប្រធានមន្ទីរ អ៊ុក ភារុណ បានស៊ីប្រាក់ខែលោក លាប់ ចេស្តា កន្លងមកនោះ។
ចំពោះលោក លាប់ ចេស្តា ទោះបីកន្លងមកប្រាក់ខែរបស់លោកត្រូវ បានលោកប្រធានមន្ទីរ អ៊ុក ភារុណ ស៊ីដាច់ទាំងស្រុងក៏រូបគាត់មិនខ្វល់ខ្វាយដែរ ដោយលោក លាប់ ចេស្តា មិនបានបំរើ ការងារនៅក្នុងមន្ទីរនិងបានទៅបំពេញការងារនៅអង្គការស៊ីម៉ាក់ដែលមានប្រាក់ខែខ្ពស់។ ប៉ុន្តែមូលហេតុ ដែលលោក លាប់ ចេស្តា ប្រឹងប្រែងជួយយិតយោងលោក ប្រធានមន្ទីរ អ៊ុក ភារុណ គឺដើម្បីរក្សាក្របខ័ណ្ឌជាមន្ត្រីរាជការ។
ចំណែកមន្ត្រីរាជការជាច្រើនបានទទូចឲ្យអង្គភាពប្រឆាំងអំពើពុករលួយត្រូវបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះរឿងអាស្រូវពុករលួយរបស់លោកប្រធានមន្ទីរ អ៊ុក ភារុណ ដើម្បី ជាការព្រមានដល់មន្ត្រីខិលខូចដទៃទៀត។
សូមរំលឹកថាអំពើពុករលួយរបស់លោកអ៊ុកភារុណ ទី១៖ បានរក្សាឈ្មោះមន្ត្រីខ្មោចម្នាក់ ឈ្មោះលាប់ ចេស្តា តាំងពីអង្គការស៊ីម៉ាក់បង្កើតដំបូងរហូតដល់សព្វថ្ងៃ ដោយលោក លាប់ ចេស្តា នេះបានចូលបំរើការងារនៅអង្គការស៊ីម៉ាក់តាំងពីនោះមក។ចំណែកឈ្មោះលោកស្រីហុង ចាន់ដេត ក៏មិនបានបំរើការងារនៅក្នុងមន្ទីរទេ ប៉ុន្តែប្រាក់ខែរបស់លោកលាប់ ចេស្តា និងលោកស្រីហុង ចាន់ដេត ត្រូវ លោកប្រធានមន្ទីរ អ៊ុក ភារុណ បើកយកហើយនៅពេលមានការត្រួតពិនិត្យ មន្ត្រីរាជការម្តងៗ លោកអ៊ុក ភារុណ តែងតែទូរស័ព្ទហៅអ្នកទាំងពីរមកបង្ហាញវត្តមានជា និច្ច ហើយបានស៊ីប្រាក់ខែរបស់អនុប្រធានមន្ទីរម្នាក់ឈ្មោះ ណុប ប៉ុណ្ណារ៉េត ខណៈពេល អនុប្រធានមន្ទីររូបនេះបានចូលបំរើការងារ ជាប្រធានសាខាក្រុមហ៊ុនខាំមែនតែលខេត្តកំពត នោះ។ទី២៖ បានកិបកេងលើការចំណាយសំរាប់ការងាររដ្ឋបាលនៅក្នុងមន្ទីរដូចជាលុយបេសកកម្ម លុយសំរាប់ទិញសំភារៈផ្សេងៗដែលលុយជំពូកនេះក្នុង១ឆ្នាំគឺរដ្ឋបានផ្តល់ឲ្យចំនួន៨លើកដោយក្នុង១លើកលោកប្រធានមន្ទីរ អ៊ុក ភារុណ អាចកិបកេងបានប្រាក់ ពី២លានកន្លះទៅ ៣លាន រៀល ។ ទី៣៖បានកិបកេងលុយសំរាប់ក្រាលឥដ្ឋកូរូឡានិងថែទាំជុំវិញមន្ទីររយៈពេល៣ឆ្នាំជាប់គ្នាដោយនៅឆ្នាំ២០១១រដ្ឋបានផ្តល់លុយឲ្យ៥០លានរៀលឆ្នាំ២០១២-២០១៣ រដ្ឋបានផ្តល់លុយឲ្យក្នុង១ឆ្នាំៗ ជាង៤៦លានរៀលហើយនៅពេលលុយនេះធ្លាក់មកម្តងៗគឺលោកប្រធានមន្ទីរទៅបើកដោយស្ងាត់ៗតែម្នាក់ឯងហើយការចំណាយយ៉ាងណានោះក៏លោកប្រធានមិនឲ្យមន្ត្រីនៅក្នុងមន្ទីរដឹងនោះទេ។ទី៤៖លោកប្រធានមន្ទីរបានជួលទីធ្លាជុំវិញបរិវេណរបងមន្ទីរទៅឲ្យក្រុមអាជីវករលក់ដូរចំនួន១០នាក់ក្នុងនោះមានមន្ត្រីរបស់មន្ទីរម្នាក់ប៉ុណ្ណោះជាមួយគ្នានោះលោកប្រធានមន្ទីរបានអនុញ្ញាតឲ្យក្រុមអាជីវករទាំងនោះប្រើប្រាស់ទឹកភ្លើងរបស់មន្ទីររួមនិងយកសំភារៈមកទុកក្នុងមន្ទីរថែមទៀត ចំណែកចំណូលពីការជួលនេះលោកប្រធានមន្ទីរយកតែម្នាក់ឯង។
ដោយសារការប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាពរបស់លោកប្រធានមន្ទីរ អ៊ុក ភារុណ នោះបានធ្វើឲ្យរូបលោកទទួលបានផលប្រយោជន៍យ៉ាងតិចក្នុង១ខែ៤លានរៀល។ហើយបញ្ហានេះបានធ្វើឲ្យមន្ត្រីជាច្រើនមានការមិនពេញចិត្តលើការដឹកនាំរបស់ប្រធានមន្ទីររូបនេះ។ជាមួយគ្នានោះក្រុមមន្ត្រីនៅក្នុងមន្ទីរប្រៃសណីយ៍ខេត្តកំពតបានអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងក្រសួងពាក់ព័ន្ធ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយប្រញាប់ចាត់វិធានការស្រាវជ្រាវបញ្ហាអំពើពុករលួយរបស់លោកអ៊ុក ភារុណ ជាបន្ទាន់ ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយរបស់សម្តេចតេជោហ៊ុន សែន។
សូមបញ្ជាក់ថានៅក្នុងមន្ទីរប្រៃសណីយ៍ខេត្តកំពតបើយោងតាមតារាងបើកប្រាក់បៀវត្សរ៍គឺមានមន្ត្រីរាជការសរុប១១រូប ប៉ុន្តែស្ថានភាពពិតគឺមាន៨រូបដោយ៣រូបទៀតដូចជាឈ្មោះ លាប់ ចេស្តា ឈ្មោះហុង ចាន់ដេត និង ណុប ប៉ុណ្ណារ៉េត បានទៅបំរើការងារផ្សេងអស់រយៈពេលរាប់ឆ្នាំមក ហើយ។ នៅពេលនេះលោកអ៊ុក ភារុណ នៅតែក្រអឺតក្រទមដាក់មន្ត្រីក្រោមឱវាទ បញ្ជាក់ថា គេនៅ តែជាមេខ្លាំង ដោយសារអង្គភាពប្រឆាំងពុករលួយមិនអាចចាប់ខ្លួនគាត់នោះទេ៕ ដោយ៖ ឃុន ពិមោច