ភ្នំពេញ៖ មរណភាព របស់លោកសឿ រ៉ាវុធ បងប្រុសតែម្នាក់ របស់អ្នកនាងសឿ សុធារ៉ា កំពុងធ្វើឲ្យតារាស្រីរូបនេះ កើតទុក្ខយ៉ាងធំធេង ដែលអាចនិយាយថា ជាទំហំទុក្ខដែលធំ ជាងភ្នំព្រះសុមេរុនោះទៅទៀត។ ទោះយ៉ាងណា អ្នកនាងក៏នៅតែរឹងប៉ឹងផងដែរ ពិសេសនៅពេលគិតថា សង្ខាររបស់មនុស្សគឺមិនអាចទៀងទាត់បានឡើយ បូករួមទាំងបងប្រុសនាពេលនេះផង។
អ្នកនាងសឿ សុធារ៉ា បានថ្លែងប្រាប់ថា លោកសឿ រ៉ាវុធ គឺជាបងប្រុសរបស់អ្នកនាង ដែលអ្នកនាងស្រឡាញ់ និងគោរពបំផុត នាពេលកន្លងមក។ លោក គឺជាអ្នកជំនាញផ្នែកផាត់មុខ និងជាអ្នកចាត់ចែងសម្អាងការ ដែលមានអតិថិជនទទួលស្គាល់ថា ពូកែ និងខ្លាំងក្នុងជំនាញតែងមុខ ធ្វើសក់ និងតែងខ្លួនឲ្យកូនកំលោះកូនក្រមុំ គួរឲ្យសរសើរនាពេលកន្លងមក។ លោកមានជំងឺមហារីកបេះដូង ឬបេះដូងរីក ប្រមាណជាង១០ឆ្នាំមកហើយ មុនពេលមានហេតុគាំងបេះដូង ដែលឈានដល់មរណភាពដោយនឹកស្មានមិនដល់នេះ។ កន្លងមក ក្រុមគ្រួសារទាំងមូលរបស់អ្នកនាង បានពុះពារស្វែងរកការព្យាបាលឲ្យលោកអស់ប្រាក់ច្រើនណាស់ហើយ បូករួមទាំងការទៅព្យាបាលដល់ប្រទេសសិង្ហបុរីនាពេលកន្លងមកផង។ យ៉ាងណាក៏ដោយស្ថានភាពជំងឺរបស់លោកបានត្រឹមតែធូរស្រាលតែមួយរយៈ ខ្លីប៉ុណ្ណោះ លុះដល់ក្រោយមក ក៏ស្រាប់តែធ្ងន់ធ្ងរវិញ ដោយគ្មានវិធីព្យាបាលជា។
ក្នុងពេលលោកសឿ រ៉ាវុធ ធ្វើទុក្ខ គ្រួសារទាំងមូលមានបំណងនាំលោកទៅវះកាត់ផ្លាស់ប្ដូរបេះដូងម្ដងជា ពីរដងហើយ ដោយគេទារតម្លៃប្រមាណជា១០ម៉ឺនដុល្លារ។ ប៉ុន្តែមកពីខាងពេទ្យជំនាញ មិនធានាថាក្រោយការវះកាត់ នឹងធ្វើឲ្យលោកសឿ រ៉ាវុធ ជាសះដូចមនុស្សគ្មានជំងឺ ទើបម្នាក់ៗចេះតែបណ្ដោយ ហើយបណ្ដាលឲ្យអ្នកជម្ងឺទទួលមរណភាព ទាំងវ័យក្មេង ។
លោកសឿ រ៉ាវុធ បានគាំងបេះដូង ស្លាប់នៅក្នុងសម្អាងការសឿ សុធារ៉ាសម្អាងការ នៅផ្ទះលេខ ៦២B ផ្លូវលេខ ១៣៥ ក្រុមទី៣២ ភូមិ៥ សង្កាត់ទួលទំពួង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ អ្នកនាងសឿ សុធារ៉ា ប្រាប់ថា ជំងរបស់បងប្រុសម្ដងធូរម្ដងធ្វើទុក្ខធ្ងន់ច្រើនឆ្នាំមកហើយ ប៉ុន្តែអ្វីដែលងឿងឆ្ងល់គឺលោកមិនមានអាការៈធ្វើទុក្ខនៅមុនពេល ស្លាប់ទាល់តែសោះ ស្រាប់តែមានអាការៈគាំងបេះដូងតែមួយភ្លែត ក៏ត្រូវដាច់ដង្ហើមតែម្ដង។
សូបញ្ជាក់ថាលោកសឿ រ៉ាវុធ កើតឆ្នាំមមែ មានវ័យ៣៥ឆ្នាំ ដោយសារតែលោកមានជំងឺបៀតបៀនញ៉ាំញីរហូត ចាប់តាំងពីធំដឹងក្ដី។ លោកគឺជាកូនប្រុសតែម្នាក់នៅក្នុងគ្រួសាររបស់សឿ សុធារ៉ា ដែលការលាចាកនាពេលនេះ គឺទុក្ខដ៏ក្រៀមក្រំបំផុត របស់អ្នកនាងសឿ សុធារ៉ា និងសាច់ញាតិ៕