ភ្នំពេញ ៖ បុរសម្នាក់ភ័យព្រលឹងចុងសក់ ខណៈជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន រេចង្កូតជ្រុលបុកចំកញ្ជាក់ រថយន្តវីហ្គោលមួយគ្រឿងបាក់១ចំហៀង បណ្តាល ឲ្យម៉ូតូ ដួលប្រាវ ហើយម្ចាស់រថយន្តបានចុះដកកាំភ្លើងគំរាម ម្ចាស់ម៉ូតូ កាលពីវេលាម៉ោង ២២ នឹង ៣០ នាទីយប់ថ្ងៃទី ១៦ ខែកក្កដាឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវសុធារស មុខហុង កុងស៊ិនធើ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញ ម៉ូតូឌ្រីមC125 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ កណ្តាល 1E-6497 ជិះដោយបុរស ២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសុធារស ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចមុខសាកលវិទ្យាល័យបញ្ញាសាស្រ្ត ម៉ូតូបានរេចង្កូតទៅប៉ះរថយន្តវីហ្គោ ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 2A-9999 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យម៉ូតូដួលអ្នកបើកបររងរបួសស្រាល ចំណែករថយន្តខូចខាតកញ្ជក់ក្រោយផ្នែកខាងឆ្វេង។ ប្រភពដដែលបានបន្តថា ខណៈមានគ្រោះថ្នាក់បែបនេះអ្នកបើកបរ រថយន្តមានការខឹងសម្ប៉ាខ្លាំងពេកទប់អារម្មណ៍មិនបាន ក៏សម្រេចដកកាំភ្លើងពីចង្កេះ ទៅភ្ជង់គំរាម អ្នកជិះម៉ូតូនៅមុខមហាជនជាច្រើននាក់ ធ្វើឲ្យម្ចាស់ម៉ូតូភ័យស្លេកមុខ ស្ទើររាគនោម ។
បន្ទាប់ពីកើតហេតុរថយន្តវីហ្គោល នឹង ម៉ូតូរបស់បុរសពីរនាក់ខាងលើនេះត្រូវបាន សមត្ថកិច្ច ជំនាញចុះមកសម្របសម្រួលរវាងភាគីទាំងពីរ ដោយតម្រូវ ឲ្យម្ចាស់ ម៉ូតូសងសំណងថ្លៃខូចខាតដល់ម្ចាស់រថយន្តវិហ្គោល ព្រោះដោយសារគ្រោះ ថ្នាក់នេះបង្កឡើងដោយបុរសពីរនាក់ នោះជិះម៉ូតូលឿនជ្រុលបុកកញ្ចក់វិហ្គោលគេ ៕
ដោយ៖ ទុយ បញ្ញា