ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ត្រូវ​មេខ្យល់​បោកប្រាស់​ យកទៅលក់​នៅ​ចិន​ ​

ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ត្រូវ​មេខ្យល់​បោកប្រាស់​ យកទៅលក់​នៅ​ចិន​ ​

ភ្នំពេញ​៖ សម្ដី​មួយៗ និង​ស្រាលៗ ពិសី ដែល​ឈ្មោះ​អ្នកនិពន្ធ​ដាក់អោយ បាន​រៀបរាប់​ពី​ជីវិត​ដ៏​ជូរចត់​របស់​នាង ចាប់តាំងពី​ពេលដែល​នាង​បាន​ឈាន​ជើង​ជាន់ដី​ប្រទេស​ចិន​ជាមួយ​ស្ត្រី​ខ្មែរ​មួយចំនួន ដែល​បាន​សម្រេចចិត្ត​ចាក​ចេញទៅ​ក្រៅប្រទេស ដោយ​ទៅធ្វើ​ការ ឬ​រៀបការ ដើម្បី​ស្វែងរក​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។ មកដល់ពេលនេះ មាន​ស្ត្រី​ខ្មែរ​ជាច្រើន​ដែល​បាន​ចាក​ចេញទៅ​ប្រទេស​ចិន ដែល​ភាគច្រើន​ពួកគេ​ចាកចេញ​តាមរយៈ​ការ​រៀបការ​ទៅធ្វើជា​កូនប្រសា ក្នុង​គ្រួសារ​ជនជាតិ​ចិន​។​
​ក្រោយ​មង្គលការ អ្នកខ្លះ​ក៏​ជួប​ជីវភាព​សមប្រកប ប៉ុន្តែ​អ្នកខ្លះ​ក៏​ជួប​ការលំបាក ដែល​ប្រែ​ក្លាយទៅជា​បទពិសោធន៍​ជូរចត់​ក្នុង​ជីវិត ក្នុងនោះ អ្នកខ្លះ​ក៏ត្រូវ​គេ​លក់ដូរ​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយទៀត ប្រៀបបាន​នឹង​ទាសករ​។​
​ពិសី ដែល​ពេលនេះ​មាន​អាយុ ២៦​ឆ្នាំ បាន​រំឭកថា រយៈពេល​ជាង ៥​ខែ​ដែល​នាង​រស់នៅ​ប្រទេស​ចិន នោះ គឺ​ពុំមាន​សេចក្ដីសុខ​បន្តិច​ណា​ឡើយ គឺ​មានតែ​ភាពជូរចត់ និង​ភ័យខ្លាច​។ នាង​បានសម្រេច​ចាក​ចេញពី​ប្រទេស​កំណើត ដោយ​ជឿ​តាម​ការសន្យា​របស់​មេខ្យល់ ដែល​ចុះ​ទៅដល់​ភូមិ ឃុំ នៅក្នុង​ខេត្តកំពង់ចាម ដែល​នាង​រស់នៅ​។ ពួកគេ​សន្យាថា​នឹង​នាំ​នាង​អោយទៅ​រៀបការ​ជាមួយ​បុរស​សមប្រកប​ក្នុង ប្រទេស​ចិន​។​
​ការពិត ប្រសិនបើ​សម្ដី​មេខ្យល់​តែ​ម្យ៉ាង​ក៏​ពិបាក​នឹង​អោយ​នាង​ដែល​ធ្លា​ប់រៀន សូត្រ​ដល់​ថ្នាក់​ទី​១០ ធ្លាប់​ធ្វើការ​ជា​កម្មករ​កាត់ដេរ និង​អ្នក​ផ្សព្វផ្សាយ​ទំនិញ​អោយ​ក្រុមហ៊ុន​ផង​នោះ សម្រេច​ចាកចោល​គ្រួសារ​នោះឡើយ ប៉ុន្តែ គឺ​ស្រប​ពេលដែល​ម្ដាយ​មាន​ជំងឺ និង​ត្រូវ​ការប្រាក់​ផ្គត់ផ្គង់​ប្អូនប្រុស​ដែល​កំពុង​រៀន បានរួម​ចំណែក​អោយ ពិសី ទៅ​ប្រទេស​ចិន​។​
​ប៉ុន្តែ អ្វីៗ​បាន​ផ្ទុយស្រឡះ​ពី​ក្ដី​រំពឹង​របស់​នាង គឺ​នាង​បាន​មើលឃើញថា នាង​ត្រូវ​មេខ្យល់​លក់ដូរ​នៅ​នឹង​ភ្នែក​ស្រស់ៗ​។ នាង​ត្រូវគេ​លក់​ជា​លើកដំបូង​ក្នុងតម្លៃ ៣​ពាន់​ដុល្លារ​ទៅអោយ​មេខ្យល់​ផ្សេងទៀត​ក្នុងប្រទេស​ចិន​។​
​ជា​ចុងក្រោយ ពិសី ត្រូវគេ​លក់​ទៅអោយ​បុរស​វ័យ​ជាង ៣០​ឆ្នាំ​ម្នាក់ ដែលមាន​លំនៅ​ក្បែរ​ជើងភ្នំ ប្រកបរ​បរជា​អ្នក​កាប់​ឧស និង​ដាំ​តែ​។ នាង​ដឹងថា ប្ដី​របស់​នាង​ទិញ​នាង​ក្នុងតម្លៃ​ជាង ១​ម៉ឺន​ដុល្លារ ពី​មេខ្យល់​។​
​ពិសី បញ្ជាក់ថា មូលហេតុ​ចេះតែ​បន្តជីវិត​ក្នុងប្រទេស​ចិន នោះ ក៏​ដោយសារតែ​អ្វីៗ គឺ​ឋិត​ក្នុង​កណ្ដាប់ដៃ​របស់​មេខ្យល់ ដែល​មិនអោយ​ពួកនាង​អាច​ប្រឆាំង​បាន​។ ក្នុងនោះ គឺ​រាប់​តាំងពី​លិខិតឆ្លងដែន និង​ប្រាក់កាស ក៏​ពុំ​ឋិត​ក្នុង​ដៃ​របស់​ពួកនាង​ឡើយ​។​
​ជីវភាព​រស់នៅក្នុង​គ្រួសារ​ជនជាតិ​ចិន នោះ នាង​ត្រូវ​ធ្វើការ​សព្វបែបយ៉ាង​។ ប៉ុន្តែ​ដំបូង​ឡើយ នាង​មិន​ប្រាថ្នា​ចង់បាន​អ្វី​មកវិញ​ក្រៅតែពី​សេចក្ដីស្រឡាញ់​ពី​ប្ដី ដែល​ខ្លួន​ទៅ​ពី​ស្រុក​ឆ្ងាយ​សង្ឃឹមថា​អាច​ពឹងពាក់​អាស្រ័យ​អស់​មួយជីវិត នោះឡើយ​។ ប៉ុន្តែ នាង​ត្រូវ​ខកចិត្ត​ទៀត ដ្បិត​ត្រូវ​ប្ដី និង​ក្រុមគ្រួសារ​វាយ​ធ្វើបាប​។ ពេល​ជួប​ទុក្ខលំបាក​កាន់តែខ្លាំង ការចិញ្ចឹម​ចិត្ត​វិល​មក​ស្រុកកំណើត​វិញ ក៏​កម្រើក​កាន់តែខ្លាំង​ដែរ​។​
​មិនទាន់បាន ៣​ខែ​ស្រួលបួល​ផង នាង​ត្រូវ​គ្រួសារ​ខាង​ប្ដី​នាំទៅ​ប្រគល់អោយ​មេខ្យល់​វិញ​។ នៅពេលនោះ មេខ្យល់​បានប្រគល់​លុយ​ទៅអោយ​គ្រួសារ​នោះ​វិញ​ចំនួន​ពាក់​កណ្ដោល នៃ​តម្លៃ​ដែល​គេ​បាន​លក់​រូបនាង​។ នៅពេលនោះ នាង​សង្ឃឹមថានឹង​អាច​ត្រឡប់មកផ្ទះ​នៅ​ស្រុក​ខ្មែរ​វិញ ប៉ុន្តែ​ភាព​ពិត គឺ​នាង​ត្រូវគេ​លក់​បន្តទៅ​អោយមាន​ប្ដី​ម្នាក់ទៀត​។ នាង​ដឹងថា លើក​នេះ​គេ​លក់​នាង​ក្នុងតម្លៃ ៦​ម៉ឺន​យ៉េន ដែល​ប្រហែល​នឹង ៧​ពាន់​ដុល្លារ​។ គឺ​ទីនោះ​ហើយ​ដែល​នាង​បាន​សម្រេចចិត្ត​លួច​រត់​ចេញពីផ្ទះ​។ ការសម្រេចចិត្ត​នៅពេលនេះ ជាការ​ប្រថុយប្រថាន​ជាថ្មីទៀត ដ្បិត​នាង​ពុំមាន​លិខិតឆ្លងដែន ឬ​លិខិតបញ្ជាក់​អត្តសញ្ញាណ​អ្វី​ឡើយ​។ នាង​បញ្ជាក់ថា ដោយសារ​នាង​សម្បុរ ស គឺ​អាចអោយ​អ្នកផង​ទូទៅ​គិតថា នាង​ជា​ជនជាតិ​ចិន មិនសូវមាន​អ្នកណា​ចាប់អារម្មណ៍ ធ្វើ​ឲ្យ​នាង​អាច​គេច​ផុតពី​គ្រោះថ្នាក់​មួយចំនួន​។​
​ពិសី បាន​ជួប​ស្ត្រី​វ័យក្មេង​ម្នាក់ទៀត​ដែល​រត់គេច​ចេញពី​ការធ្វើ​បាប​ដូច នាង​ដែរ ហើយ​បានរួម​ដំណើរ​ជាមួយគ្នា​ទៅកាន់​ក្រុង​សៀង​ហៃ​។ បំណងប្រាថ្នា​តែមួយគត់​របស់​ពួកនាង គឺ​ចង់បាន​ជំនួយ​ពី​ស្ថាន​កុងស៊ុល​ខ្មែរ​នៅ​ទីនោះ​។ ពួកនាង​ចាប់ផ្ដើម​ជួប​ការលំបាក​ម្ដងទៀត​នៅពេល​តម្រូវអោយ​រកប្រាក់ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ត្រឡប់មក​ស្រុក​វិញ​។ ពិសី បាន​ទូរស័ព្ទ​ប្រាប់​ម្ដាយ​អោយ​ខ្ចីបុល​ប្រាក់​អ្នក​ក្នុងភូមិ ចំនួន ៦០០​ដុល្លារ សម្រាប់​ថ្លៃ​សំបុត្រ​យន្តហោះ​។ នាង​បាន​ជាន់ដី​ខ្មែរ​វិញ​កាលពី​ចុងខែ​មីនា​។​
​បើទោះជា​មានការ​លេចឮ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការចាញ់បោក ការជួញដូរ​ស្ត្រី​វ័យក្មេង​ទៅ​ក្រៅប្រទេស ក៏​មកដល់ពេលនេះ ពុំមាន​តួលេខ​ជា​ផ្លូវការ​ពី​ចំនួន​ករណី​ដែល​ចាត់ទុកថា ជា​អំពើ​ជួញដូរ​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ចិន​ឡើយ​៕
​ដោយ​៖ ព្រហ្ម ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya