បាត់ដំបង: នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោងជាង ៦ ព្រលប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៤ ចំណុចផ្លូវជាតិ៥៧បេ ស្ថិតក្នុងភូមិកៀនកេស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
បុរសដែលស្លាប់ ឈ្មោះសេង ស៊ឹង អាយុ៥៥ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AL9662។ ចំណែកបុរសអ្នកបើកបររថយន្ត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2K2006 ឈ្មោះឃួន ដន អាយុ២៥ឆ្នាំ មានទីលំនៅខេត្តបន្ទាយមានជ័យ។
មុនពេលកើតហេតុ គេឃើញម៉ូតូ ១ គ្រឿង ជិះតែម្នាក់ឯង មកពីទិសកើតទៅលិច (ពីស្រុកថ្មគោលទៅបវេល)។ ពេលនោះ ម៉ូតូជនរងគ្រោះ បត់ឆ្វេង បម្រុងចូលទៅផ្ទះ ស្រាប់តែមានរថយន្តបើកបរ ស្របទិសគ្នា មកពីក្រោយក្នុងល្បឿនលឿន បុកម៉ូតូពេញទំហឹង ជាប់អូសចម្ងាយប្រហែល ៥០ ម៉ែត្រ បណ្តាលឲ្យអ្នកជិះម៉ូតូ ស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមតែម្តង។ ចំណែកអ្នកបើករថយន្ត អង្គុយសំកុក ក្នុងរថយន្ត ក្រោយមកប៉ូលិសចរាចរ ឃាត់ខ្លួនតែម្ដង៕ ពៅ