ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា បានព្រមានថា ថ្វីត្បិតតែគ្មាន មាត្រានៃច្បាប់ណាមួយ បានកំណត់អំពីទោស បំពានទៅដល់ ព្រះមហាក្សត្រ ក៏ដោយ ប៉ុន្តែ លោក សម រង្ស៊ី ប្រឆាំងសេចក្តី សំរេចរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ គឺត្រូវតែមានទោស ។
សម្តេច បានបញ្ជាក់ថា បូករួមទាំងការ ដឹកនាំបាតុកម្ម ដែលបង្កឱ្យមានអំពើហិង្សា កន្លងមក រួមទាំងការ ប្រឆាំងសេចក្តី សំរេចរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ គឺវាគ្រប់គ្រាន់ សម្រាប់ការដាក់ទោសហើយ ។
សម្ដេចតេជោលើកឡើងថា នេះគឺគ្រាន់តែជាការដាស់តឿន ដើម្បីរក្សាស្ថានភាព ល្អសម្រាប់ឱកាស បុណ្យ ចូលឆ្នាំថ្មី ដោយសារតែ មេបក្សប្រឆាំងរូបនេះ តែងតែគំរាម ធ្វើបាតុកម្មនោះ។
ទោះយ៉ាងណាក៏ដោយ សម្តេចបានទំលាយ ឱ្យដឹងថា ការចរចាស្ងាត់ស្ងៀម រវាងគណបក្សទាំងពីរ បានព្រមព្រៀងគ្នា អស់ទៅហើយ គឺនៅសល់តែចំណុចតូច មួយប៉ុណ្ណោះ ដែលមិនទាន់ព្រមព្រៀង គ្នានៅឡើយ។
សារនយោបាយនាពេលនេះ ត្រូវបានសម្តេចតេជោលើកឡើង ក្នុងឱកាសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាប័ត្រជូនដល់ និស្សិតថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានវ៉ាន់ដា សរុបចំនួន៣.៤៤៩នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី៧ខែមេសា នេះ ៕
» Breaking News, ព័ត៌មានជាតិ » សម្តេចតេជោ ហ៊ុន សែន ព្រមានលោកសម រង្ស៊ី តាមផ្លូវច្បាប់