ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ មេសា ២០១៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃគណៈកម្មការទន្លេមេគង្គ ក្រោមប្រធានបទ «ទឹក-ថាមពល និងសន្តិសុខស្បៀងក្នុងបរិបទបំរែបំរួលអាកាសធាតុសម្រាប់ អាងទន្លេមេគង្គ» ដែលប្រព្រឹត្តទៅពីថ្ងៃទី០៤ដល់ថ្ងៃទី០៥មេសា នៅទីក្រុងហូជីមីញ ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជាបានបញ្ជាក់ឲ្យដឹងថា គណៈប្រតិភូដែលអមដំណើរសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមាន លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ។
កិច្ចប្រជុំកំពូលខាងលើនេះ នឹងពិភាក្សាលើបញ្ហាមួយចំនួនស្តីពីកាលានុវត្តភាព និង បញ្ហាប្រឈមសម្រាប់អាងទន្លេមេគង្គ និងតួនាទីរបស់គណៈកម្មការទន្លេមេគង្គ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ដើម្បីជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃទន្លេមេគង្គ ក្នុងបរិបទនៃកំណើនតម្រូវការធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍ និង ការប្រែប្រួលអាកាសធាតុ ៕ ពៅ