សៀមរាប៖ មន្ត្រីប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចឈ្មោះ យិន ប្រសិទ្ធ ដែលទទួលផែនខេត្តសៀមរាប និងបន្ទាយ មានជ័យ ឧត្តរមានជ័យកំពុងតែបើកដៃ ឱ្យកូនចៅគាបជំរិតក្រុមឈ្មួញបទ ល្មើស សេដ្ឋកិច្ច និង បទល្មើសព្រៃឈើជាងការបង្ក្រាប ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមប៉ូលិសនាយកដ្ឋានបង្ក្រាបបទល្មើសសេដ្ឋកិច្ចខាងលើនេះ មានលោក វរសេនីយ៍ ឯក យិន ប្រសិទ្ធ ជាប្រធានការិយាល័យនៃនាយកដ្ឋានប៉ូលិសបង្ក្រាបបទល្មើសសេដ្ឋកិច្ចក្រសួងមហា ផ្ទៃ និងជាប្រធាន ក្រុមបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តទាំង ៣ខាងលើនេះ ជាអ្នកចាត់ចែងលើផ្លូវនាវាប្រមូលសេដ្ឋកិច្ច ។
សេចក្តីរាយការណ៍និយាយថាកូនក្រុម របស់លោកស័ក្តិ ៥ យិន ប្រសិទ្ធ មានអនុសេនីយ៍ទោ ហុក ចិត្ត្រា គឺជាអ្នកប្រមាញ់ដៃក្តៅ ខាងប្រមូល យកលុយពី ឈ្មួញរកស៊ីខុសច្បាប់ រកស៊ីឈើគ្រញូង និងទំនិញខុសច្បាប់ នៅក្នុងខេត្តបន្ទាយមានជ័យ ដោយក្នុងមួយ ខែត្រូវផ្តល់សេវា ឱ្យលោកស័ក្តិ ៥ យិន ប្រសិទ្ធ ចំនួន ១១.០០០ដុល្លារអាមេរិក ។
ដោយឡែកលោកអនុសេនីយ៍ទោ ឯក សឿន ដែលដេញថ្លៃបានប្រមូលលុយនៅខេត្តឧត្តរមានជ័យ ពីអ្នករកស៊ីឈើគ្រញូងខុសច្បាប់វិញ ត្រូវរកចំណូលជូន លោស័ក្តិ ៥ យិន ប្រសិទ្ធ ក្នុងមួយខែចំនួន ៤.០០០ ដុល្លារ អាមេរិក ។ រីឯនៅខេត្តសៀមរាប មានលោកវរសេនីយ៍ត្រី ឡុង សំអឿន ជាអ្នកប្រមូលលុយពីឈ្មួញរកស៊ីឈើគ្រញូង ខុស ច្បាប់ ដោយបង់លុយឱ្យលោកស័ក្តិ ៥ យិន ប្រសិទ្ធ ក្នុងមួយខែចំនួន ៦.០០០ ដុល្លារអាមេរិក ប៉ុន្តែខាងឈ្មួញអះអាង ថា ក្នុង១ខែៗលោក ឡុង សំអឿន រកបានមិនក្រោមពី ១៥០០០ទៅ៣០០០០ដុល្លារនោះទេ ។
គេពុំបានបញ្ជាក់ច្បាស់ថា ក្រោយពីប្រមូលលុយបានពីកូនក្រុមទាំង ៣ខេត្ត ខាងលើនេះ រាប់ម៉ឺនដុល្លារ រួចហើយ លោកស័ក្តិ ៥ យិន ប្រសិទ្ធ យកទៅធ្វើអីនោះទេ ប៉ុន្តែគេឮថា គាត់យកមកជូនមេៗនៅភ្នំពេញ។ ករណី នេះ កាសែតអរិយធម៌មិនអាចសុំការបំភ្លឺពីលោក យិន ប្រសិទ្ធ បានទេ ព្រោះគ្មានលេខទូរស័ព្ទទាក់ទង៕
ដោយ៖ នាយដន