ភ្នំពេញ ៖ ក្រុមអ្នករត់ការឯកសារ ចុះប្រតិវេទន៍គយឲ្យក្រុមហ៊ុនវិនិយោគជាច្រើន មានការធុញទ្រាន់ដោយការកោសរូសឲ្យបង់ប្រាក់លើសគោលការណ៍។ ដោយពួកគេ គ្មានជំនឿថាប្រាក់ដែលពួកគេបានបង់ក្នុង១ឯកសារពី ៤០-៧៥ដុល្លារ សម្រាប់អង្គភាពការិយា ល័យគយ និងរដ្ឋាករអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញលើការចុះប្រតិវេទន៍គយនោះមិនច្បាស់ថា ធ្លាក់ទៅចូលជាថិវការបស់រដ្ឋនោះទេ វាអាចជាអំពើពុករលួយដែលប្រធានអង្គភាពនេះយកទៅបែងចែកគ្នាដាក់ហោប៉ៅ តែប៉ុណ្ណោះ ។
គេនិយាយថា ក្នុង១ថ្ងៃ មានឯកសារចុះប្រតិវេទន៍គយរបស់ក្រុមហ៊ុនវិនិ យោគពី២០០-៣០០ឯកសារ ក្នុងនោះ១ឯកសារត្រូវបង់៤០ដុល្លារសម្រាប់ឯកសារ ចុះប្រតិវេទន៍គយទំនិញនាំចេញ និង៧៥ដុល្លារសម្រាប់ឯកសារចុះប្រតិវេទន៍គយ ទំនិញនាំចូល ។ បើតាមការខ្សឹបខ្សៀវពីក្រុមអ្នករត់ការជាច្រើននាក់បាន បង់ប្រាក់ជូនលោកមន្ដ្រីគយ តាមសំណូមពរ ក៏ប៉ុន្តែក៏នៅតែមានករណីខ្លះបង្កឲ្យរាំងស្ទះឯកសារទៀតផងដែលរ ធ្វើឲ្យពួកអ្នករត់ឯកសារឈឺក្បាលវិលមុខស្ទើររាល់ថ្ងៃ។
អ្នករត់ការបានបន្តថា សម្រាប់ឯកសារចុះប្រតិវេទន៍គយលើទំនិញវិនិយោគ នាំចេញ លោកខៀវ សំអាន ប្រធានអង្គភាពនេះបានឲ្យមន្ដ្រីរបស់គាត់យកលុយ រហូតដល់៦កន្លែង ក្នុងនោះរួមមាន ១-លោកញ៉ែត សម្បត្ដិ មន្ដ្រីផ្នែកចុះលេខ យកសេវា៥ដុល្លារ, ២-លោក ម៉ីន ដានី អនុប្រធានការិយាល័យ យកសេវា៥ដុល្លារ, ៣-មន្ដ្រីគយផ្នែកគណនេយ្យយកសេវា២៥ដុល្លារ, ៤-អនុប្រធានការិយាល័យ១រូប ទៀតយកសេវា១០ដុល្លារ ដែលជារបបទុកសម្រាប់លោកខៀវ សំអាន, ៥-មន្ដ្រី កាន់កាតលឿង ឬត្រួតពិនិត្យ យកសេវា១៥ដុល្លារ និង៦-មន្ដ្រីផ្នែកផ្ញើ និងកាត់ស្ដុត យកសេវា២០ដុល្លារ ។ ដូច្នេះទឹកប្រាក់ទាំងអស់នេះចាត់ទុកថា ជាសេវាក្រោមតុ និងជាអំពើពុករលួយសុទ្ធសាធ ដែលទាមទារឲ្យថ្នាក់លើជួយលុបបំបាត់ជាបន្ទាន់។
ក្រៅអំពើអំពីពុករលួយនេះក្រុមអ្នករត់ការឯកសារបានឲ្យដឹងទៀតថា ប្រធានអង្គភាព និងមន្ដ្រីគយក្រោម ឱវាទបានប្រើអាកប្បកិរិយាមិនគប្បីមួយចំនួនប៉ះពាល់ទៅនឹង អារម្មណ៍អ្នករត់ការ ក៏ដូចជាក្រុមហ៊ុនវិនិយោគ ដូចជាករណីធ្វើឲ្យឯកសាររាំងស្ទះ ដើម្បីទាញយកប្រយោជន៍ផ្សេងទៀត និងស្ដីបន្ទោស ប្រសិនបើសួរនាំទៅលើឯកសារដែលរាំងស្ទះនោះ បណ្តាលឲ្យខកជើងយន្ដហោះជាដើម ក្រុមហ៊ុនវិនិយោគត្រូវ ខាតបង់ទាំងពេលវេលា និងថវិកា ដែលសំណូមពរសុំឲ្យលោកបណ្ឌិតប៉ែន ស៊ីម៉ន មេត្តាមានវិធានការចំពោះកំហុសឆ្គងរបស់ថ្នាក់ក្រោមនេះផង។
គេនិយាយទៀតថា លោកមេគយរូបនេះពូកែខាងបង្កើតគោលដៅយកលុយច្រកចូល ហោប៉ៅបណ្តាក់គ្នា ច្រើន កន្លែងដូចខ្យង ធ្វើឲ្យអ្នករកស៊ីក្តៅក្រហាយរាល់ថ្ងៃ។ បើគង់តែយកលុយពី៤០ទៅ៧៥ដុល្លារដដែល គួរតែឲ្យមាន កន្លែងបង់លុយមួយកន្លែង ទៅបានហើយ។ កុំបង្កើតការធុញទ្រាន់ដល់អ្នករកស៊ីពេក ប្រយ័ត្នគេ លែងមករកស៊ីស្រុក ខ្មែរទៅ។ ករណីនេះកាសែតអរិយធម៌មិនអាចសុំការបកស្រាយពីមេគយ នៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញបានទេ៕
ដោយ៖ តាបណ្ឌិត