ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ លោកសម រង្ស៊ី កឹម សុខា ប្រធាន អនុប្រធានគណបក្សសង្គ្រោះជាតិបានដឹកនាំតំណាងរាស្ត្រជាប់ឆ្នោត របស់ខ្លួនរួមទាំងអ្នកគាំទ្រប្រមាណជិត៤០០នាក់ ព្រះសង្ឃជាង៦០អង្គរៀបចំពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធអ្នកដែល បានស្លាប់ដោយគ្រាប់បែកដៃនៅមុខរដ្ឋសភាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បន្ទាប់ពីមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ។
ខណៈដែលប្រធាន អនុប្រធានគណបក្សសង្គ្រោះជាតិធ្វើពិធីគោរពវិញ្ញាណក្ខន្ធចប់នៅ មុខសួនច្បារវត្តបុទុមវត្តី ក្បែរអគាររដ្ឋសភាចាស់ភ្លាម គោលបំណងរបស់គណបក្សសង្គ្រោះជាតិដែលនឹងយកទីតាំងនោះធ្វើជាសមាជ ប្រជាពលរដ្ឋលើកទី២ របស់បក្សនេះត្រូវបរាជ័យ ដោយសារក្រសួងមហាផ្ទៃមិនអនុញ្ញាត ហើយលោកសម រង្ស៊ី និងលោក កឹម សុខា ក៏បានដឹកនាំអ្នកគាំទ្ររបស់ខ្លួនហែក្បួនពីសួនច្បារមុខវត្តបុ ទុមវត្តីមកធ្វើសមាជប្រជាពលរដ្ឋលើកទី២នៅស្នាក់ការគណបក្ស សង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញវិញ ។
បើទោះជាការធ្វើ សមាជប្រជាពលរដ្ឋលើកទី២ត្រូវបានប្រធាន អនុប្រធានបក្សនេះក៏ដូចជាអ្នករៀបចំកម្មវិធីអះអាងថាមានមនុស្ស រាប់ម៉ឺនរាប់សែននាក់ចូលរួម ជាក់ស្តែងនៅវេលាម៉ោង១២និង៤០នាទីរសៀលសមាជនេះបានចាប់ផ្តើមឡើង មានអ្នកចូលរួមតិចតួចបំផុត ទើបលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបង្ខំចិត្តយកវេទិការបស់ខ្លួនមក ដាក់ចំកណ្តាលផ្លូវសាធារណៈមុខស្នាក់ការ ចេតនាធ្វើឲ្យមានការកកស្ទះចរាចរណ៍ដើម្បីឲ្យឃើញថា មានមនុស្សច្រើនក្នុងសមាជនេះ ។
ក្នុងវេទិកាសមាជ ប្រជាពលរដ្ឋលើកទី២របស់គណបក្សសង្គ្រោះជាតិហាក់ដូចវេទិកាបើកទូលាយ ឲ្យអ្នកគាំទ្ររបស់ខ្លួនមកស្រែកជេរប្រមាថថ្នាក់ដឹកនាំប្រទេស កម្ពុជាសព្វថ្ងៃ ដោយខ្វះការទទួលខុសត្រូវលក្ខណៈបែបអនាធិបតេយ្យចាប់តាំងពីម៉ោង ១២និង៤០នាទីរហូតដល់មកទល់នឹងម៉ោង២រសៀលនេះ ៕ ពៅ