កណ្ដាល ៖ នៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួង មហាផ្ទៃ និងនគរបាលខេត្ដកណ្ដាលបានធ្វើ សន្និសីទកាសែតបង្ហាញមុខ ជាសាធារណៈ នៅស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ក្រោមវត្ដមានរបស់លោក ឡឹក វណ្ណៈ អនុ ប្រធាននាយកដ្ឋាន ក្រសួងមហាផ្ទៃ និង មន្ដ្រីនគរបាលពាក់ព័ន្ធ មួយចំនួនទៀត ។
អំពើបាញ់ប្លន់ជាង ១០គ្រាប់ យកគ្រឿងអលង្ការអស់ជាង ៤០ដំឡឹងនិង លុយមួយចំនួនធំ ពីអាជីវករលក់មាស និង ប្ដូរប្រាក់ នៅផ្សារព្រែកតាមាក់ ភូមិក្នុង ឃុំ ព្រែកមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល កាលពីចុងខែកុម្ភៈ ឆ្នាំ ២០១៤ កន្លងទៅ នេះ ឥឡូវសកម្មភាពប្លន់ខាងលើនេះត្រូវ បានបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យជាបន្ដ បន្ទាប់ តាំងពីថ្ងៃទី២៦ ខែមីនា រហូតមក ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នៅផ្ទះជនសង្ស័យ ក្នុងភូមិព្រៃស្រះ ឃុំ សម្បត្ដិមានជ័យ ស្រុករមាសហែក ខេត្ដ ស្វាយរៀង ហើយធ្វើសន្និសីទកាសែតបង្ហាញមុខ ជា សាធារណៈ ដែលជនសង្ស័យសរុបមានចំនួន ៨នាក់ ក្នុងនោះ ៦នាក់ គឺជាគ្រួសារតែមួយ មានប្ដី-ប្រពន្ធ កូន និងក្មួយ ហើយ២នាក់ទៀតជា អ្នកក្រៅ ដែលចាប់ខ្លួនចុង ក្រោយ ជាអ្នកលក់គ្រាប់ និងអាវុធទៅឱ្យ ជនសង្ស័យទាំង ៦នាក់ ។
ប្រតិបត្ដិការ តាមបំបែក និងចាប់ខ្លួន ក្រុមចោរប្លន់ប្រដាប់អាវុធ ទាំង៨នាក់ ព្រមទាំងរឹបអូសបានអាវុធខ្លី គ្រាប់ជាច្រើនគ្រាប់ និងគ្រឿងអលង្ការ ព្រមទាំងម៉ូតូជិត ១០គ្រឿងខាងលើនេះ បានធ្វើឡើងពីសំណាក់កម្លាំងនគរបាល នាយកដ្ឋានព្រហ្ម ទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងនគរបាល ខេត្ដកណ្ដាល ជាម្ចាស់ករណី កម្លាំងនគរបាល រាជធានីភ្នំពេញ កម្លាំងនគរបាល ខេត្តកំពង់ចាម កម្លាំងនគរបាលខេត្តស្វាយរៀង និងកម្លាំងនគរបាលខេត្តព្រៃវែង ក្រោមការ បញ្ជាផ្ទាល់ ពីនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឧត្ដមសេនីយ៍ ម៉ក់ ជីតូ ប្រធាននាយកដ្ឋាន កណ្ដាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង មន្ដ្រីនគរបាលជាន់ខ្ពស់ ពាក់ព័ន្ធមួយចំនួន ទៀត ។
ជនសង្ស័យទាំង ៨នាក់ រួមមាន ទី១ ឈ្មោះ ទៀប ភឿន ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិព្រៃស្រះ ឃុំ សម្បត្ដិមានជ័យ ស្រុករមាសហែក ខេត្ដស្វាយរៀង គឺជាប្ដី និងជាឪពុក ហើយក៏ជា មេក្លោង ទី២ ឈ្មោះ ហេង ឡាច ភេទស្រី អាយុ ៤៩ឆ្នាំ ត្រូវជាប្រពន្ធ និងម្ដាយគឺជា អ្នករក្សាទុក ទ្រព្យសម្បត្ដិដែលប្លន់បាន ទី៣ ឈ្មោះ ទៀប ភា ភេទប្រុស អាយុ ២៥ឆ្នាំ គឺជាកូន ទី៤ ឈ្មោះ ទៀប សុភ័ណ្ឌ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាកូន ទី៥ ឈ្មោះ ឡុច សុភ័ក្ដ្រ ភេទ ប្រុស អាយុ ២៥ឆ្នាំ ត្រូវជាក្មួយ ទី៦ ឈ្មោះ ឆាំ សុជា ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវជាក្មួយ ទី៧ឈ្មោះ ជ័យ សាវង់ អាយុ៤៩ឆ្នាំ ដែលជនសង្ស័យទាំងនេះរស់នៅក្នុងភូមិ ឃុំ ខាងលើ និងទី៨ ឈ្មោះ ម៉ាន់ ម៉ៅ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅ ផ្ទះជួល ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ គឺជាអ្នកលក់គ្រាប់ និងអាវុធទៅឱ្យជន សង្ស័យទាំង៧នាក់ ។
ចំពោះ ករណីប្លន់ដ៏កក្រើក នៅឃុំព្រែកតាមាក់ ខាងលើនេះដែរ អធិការនគរបាលស្រុក ខ្សាច់កណ្ដាល លោក ម៉ាញ សុខឿន បាន ថ្លែងប្រាប់តាមទូរស័ព្ទថា ករណីប្លន់ប្រដាប់ អាវុធនេះ បង្កឱ្យមានការភ្ញាក់ផ្អើលនៅ វេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ក្រោយពីមានករណីបាញ់ជាង ១០ គ្រាប់ ពីក្រុមចោរទាំងនោះដែលមានគ្នា ចាប់ពី៤នាក់ឡើងទៅនិងជិះម៉ូតូ៣គ្រឿង។
ក្នុងករណីប្លន់ប្រដាប់អាវុធនេះ បណ្ដាលឱ្យអាជីវករលក់មាស ២នាក់បង ប្អូនថ្លៃ រងរបួសធ្ងន់ ដោយត្រូវក្រុមចោរ បាញ់ចំភ្លៅខាងស្ដាំ រីឯស្ដ្រីអ៊ុតសក់ម្នាក់ ទៀត រងរបួសស្រាលនៅពេលផ្លាត់គ្រាប់ កាំភ្លើងត្រូវ។ បើតាមលោក ម៉ាញ សុខឿន បានបញ្ជាក់ថា ជនរងគ្រោះបាត់បង់គ្រឿង អលង្កាជាមាសជាង ២០ដំឡឹង បា្លទីនជាង ២០ដំឡឹង និងលុយចំនួនធំទៀត ។
លោកបញ្ជាក់ថា ជនរងគ្រោះទាំង ៣ នាក់ រួមមាន ទី១ ឈ្មោះ ខឿ ស្រឿន អាយុ ៤១ឆ្នាំ ជាអ្នកលក់មាស និងដូរលុយ នៅផ្សារព្រែកតាមាក់ និងទី២ ជាប្អូនថ្លៃ ឈ្មោះ ឡាង ណារិន អាយុ ២៧ឆ្នាំ និងជន រងគ្រោះទី៣ ឈ្មោះ ប៉ោ សុគន្ធារី អាយុ ២៧ឆ្នាំ មុខរបរ ជាជាងអ៊ុតសក់ ហើយជន រងគ្រោះទាំង ៣នាក់ រស់នៅក្នុងភូមិឃុំ កើតហេតុ ។
ក្រុមចោរ ប្លន់មានកាំភ្លើងអាកា ២ដើម និងកាំភ្លើងខ្លី ១ដើម ហើយបានធ្វើសកម្មភាពបាញ់ទៅ លើជនរងគ្រោះ នៅមុខផ្ទះ ខណៈដែលជន រងគ្រោះ បានធ្វើដំណើរត្រឡប់មកពីផ្សារ វិញ ហើយយកគ្រឿងអលង្ការ និងលុយ ទាំងនោះចូលក្នុងផ្ទះ ៕
» Breaking News, ព័ត៌មានជាតិ » ក្រុមចោរប្លន់អាជីវករលក់មាស នៅផ្សារព្រែកតាមាក់ ៨នាក់ ,៦នាក់ ជាគ្រួសារតែមួយ