ភ្នំពេញៈ កាលពីវេលាម៉ោង៨និង១០នាទី ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវជនរងគ្រោះ និងគ្រួសារឃាត់ខ្លួន នាំយកមក ប្រគល់ ឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេនាំគ្នាផឹកស៊ីស្រវឹងជោក រួចជនសង្ស័យទាំងពីរ ឌុបជន រងគ្រោះ២នាក់ យកទៅទម្លាក់ចោលជាបន្តបន្ទាប់ រួចហើយយកម៉ូតូទៅលក់បាត់ ។
ជនរងគ្រោះ មានឈ្មោះ យ៉ាន់ សង្ហា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរ ជាជាងទង រស់នៅក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលជនសង្ស័យ យកទៅបាត់នោះ ម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AV-2043 ចំណែកឯជនសង្ស័យ ដែលឃាត់ខ្លួន បាននោះ មានឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ជនសង្ស័យ និងគ្នា គេម្នាក់ទៀត បានបបួលជនរងគ្រោះ រួមនឹងមិត្តភក្តិជនរងគ្រោះគ្នាទាំងអស់ ៤នាក់ បានមកផឹកស៊ី នៅម្តុំផ្លូវ ២០០៤ ខាងកើតព្រលានយន្តហោះ អន្តរជាតិពោធិ៍ចិនតុង លុះពេលផឹកស៊ីស្រវឹងជោកជាំហើយនោះ ជន សង្ស័យទាំងពីរនាក់ ដែលម្នាក់ពុំត្រូវបានស្គាល់ឈ្មោះ កំពុងតែរត់គេចខ្លួននោះក៏បានដឹកជនរងគ្រោះ មកទម្លាក់ ចោលនៅម្តុំស្តុបណត់ព្រីត ខាងកើតកន្លែងផឹកស៊ី រួចហើយក៏បានដឹកមិត្តភក្តិ របស់ជនរងគ្រោះម្នាក់ទៀត ទៅ ទម្លាក់ចោល នៅម្តុំរង្វង់មូលក្បាលថ្នល់ ទើបជនសង្ស័យទាំងពីរ ជិះម៉ូតូគេចខ្លួនទៅបាត់ ក្រោយមកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងរក្សាទុក លុះរហូតដល់ព្រឹកថ្ងៃទី២៧ ជនរងគ្រោះជិះម៉ូតូដើរមើល ស្រាប់តែឃើញ ជនសង្ស័យ កំពុងតែនៅម្តុំកន្លែងកើតហេតុ ក៏បានហៅបងប្អូន ទៅឃាត់ខ្លួនជនសង្ស័យ នាំយកមកប្រគល់ឲ្យ នគរបាលប៉ុស្តិ៍ ចាត់ការទៅតាមផ្លូវច្បាប់។ រីឯជនសង្ស័យ បន្ទាប់ពីនគរបាលសាកសួរ គេបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព បង្អកស្រាមិត្តភក្តិ ឲ្យស្រវឹងយកម៉ូតូ ហើយម៉ូតូនោះ ត្រូវគេយកទៅលក់ បាត់ហើយ៕ ពៅ