ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ស្ដ្រីម្នាក់មានអាការៈខ្យល់គ និងគាំងបេះដូង ប្រកាច់ចាប់មិនឈ្នះ ផ្អើលសមត្ថកិច្ច និងប្រជាពលរដ្ឋដែល ចោមរោមមើលនៅទីនោះ ហើយត្រូវបាន កូនស្រីដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ក្រោយពីស្ដ្រីរូបនោះនិយាយជាមួយកូនស្រី ឱ្យទៅរៀបការ តែនាងមិនព្រមធ្វើតាម ។ ប៉ុន្ដែគេសង្ស័យថា ស្ដ្រីជាម្ដាយរូបនោះគឺធ្វើពុតទៅវិញដើម្បីឱ្យកូនស្រីព្រមទៅ ស្រុកដើម្បីរៀបការ ។ នៅស្នាក់ការប៉ុស្ដិ៍ នគរបាលរដ្ឋបាលកាកាប ឋិតក្នុងភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ដ្រីដែល គេសង្ស័យថាធ្វើពុតជាគាំង បេះដូង និងខ្យល់គនោះមិនត្រូវបានស្គាល់ ឈ្មោះ ចំណែកកូនស្រីមានឈ្មោះ សុភី អាយុ១៩ឆ្នាំ មុខរបររត់តុគុយទាវក្នុងហាង មួយក្នុងភូមិត្រញំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែជ័យ មានស្រុកកំណើតនៅ ភូមិ-ឃុំទ្រាត ស្រុកគិរីវង់ ខេត្ដតាកែវ ។
រូបនាងនិងគូដណ្ដឹងបានភ្ជាប់ជា មួយគ្នារយៈពេលប្រមាណ២ឆ្នាំមកហើយ ហើយការដែលឈានដល់ការភ្ជាប់ពាក្យ នេះ នាងមិនស្រឡាញ់ ពេញចិត្ដចំពោះ គូដណ្ដឹងឡើយ គឺនាងធ្វើតាមការបង្ខំពី ឪពុកម្ដាយ សាច់ញាតិ ក្រុមគ្រួសារតែ ប៉ុណ្ណោះ ។ លុះក្រោយមកនាងក៏យល់ព្រមទៅស្រុកកំណើតវិញ ដើម្បីត្រៀមរៀបការតាមក្រុមគ្រួសារ ដើម្បីកុំឱ្យសងថ្លៃបណ្ណាការទៅខាងប្រុស ៕ ពៅ