បាត់ដំបងៈ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តបានចាប់ខ្លួន បុរសម្នាក់ កាលពី រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
យោងបង្គាប់ឲ្យ ចាប់ខ្លួនលេខ៤៥៦ ដបចខ ចុះថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៣ ចេញដោយចៅក្រមជំនុំជម្រះ លោក នូវ យ៉ារ័ត្ន ប្រធានតុលាការខេត្ត ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ដែលបានប្រព្រឹត្ត កាលពីថ្ងៃ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ នៅចំណុចផ្ទះសំណាក់យីហោ វីធូ(V2) បន្ទប់លេខ១០៧ ភូមិរំចេក៤ សង្កាត់ រតនៈក្រុងបាត់ដំបង ។
កម្លាំងសមត្ថកិច្ច បានចុះអនុវត្តធ្វើការចាប់ខ្លួន ជនជាប់ចោទឈ្មោះ ឡាយ ទិត្យសីហា ហៅក្តិប ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅផ្ទះលេខ២៨១ ក្រុម២១ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៤ រួចនាំខ្លួនមកការិយា ល័យជំនាញ ដើម្បីកសាងសំណុំរឿងបន្ថែមបញ្ជូនទៅតុលាការខេត្ត នៅព្រឹលថ្ងៃទី២៦ ខែមីនា នេះដើម្បីចាត់ការបន្តតាមច្បាប់ ព្រោះសំណុំរឿងមាននៅ ក្នុងដៃតុលាការរួចហើយ៕ ពៅ